Tuesday, June 23, 2026
Homeនយោបាយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថាក្រោយបទឈប់បាញ់លើកទី២ JBC កម្ពុជា ផ្ញើកំណត់ទូត៩លើក និងកំណត់ទូតតវ៉ា ៣២លើក ទៅភាគីថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថាក្រោយបទឈប់បាញ់លើកទី២ JBC កម្ពុជា ផ្ញើកំណត់ទូត៩លើក និងកំណត់ទូតតវ៉ា ៣២លើក ទៅភាគីថៃ

ភ្នំពេញ ៖ ក្នុងសេចក្ដីថ្លែងការណ៍ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦  លោក ប៉ែន បូណា អ្នកនាំពាក្យរាជ រដ្ឋាភិបាល បានឱ្យដឹងថា គិតចាប់បទឈប់បាញ់ លើកទី២ ចូលជាធរមាន កាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជា តែមួយ បានផ្ញើកំណត់ទូត ចំនួន ៩លើក ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង បន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានធ្វើកំណត់ទូតតវ៉ា ចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានា របស់កងកម្លាំងថៃ នៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ ក្នុងទឹកដីកម្ពុជា។ ហើយបើគិតចាប់ពីបទឈប់បាញ់ លើកទី១ ដែលចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជា ប្រឆាំងការរំលោភបំពានរបស់ភាគីថៃ មានរហូតដល់ ៤២លើក។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិ ជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះ មានសារៈសំខាន់ចាំបាច់ ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាត របស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្ត មិនអាចខ្វះបាន សម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែន ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុ កាលនៃវិវាទ ឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃ បានរំលោភបំពាន ដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភ័ស្តុតាងផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដី តាមយន្តការច្បាប់។

រីឯសំណើររបស់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើង ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេស នៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង ឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ វិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួក គាត់វិញ ក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនឡើងវិញ នូវខ្លឹមសារចំណុចទី៣ នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ៖ «ភាគីទាំងពីរ ឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរ ឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំ ដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន។ ភាគីទាំងពីរ ឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់ នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះ នៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរ ឯកភាពគ្នាថា គណៈ កម្មការចម្រុះព្រំដែន នឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមាព្រំដែន នៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។

នេះជាចំណុចដ៏សំខាន់ ដែលភាគីទាំងពីរ បានឯកភាពគ្នា ដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួម ស្តីពីវិធានការកាត់បន្ថយភាពតាមតឹង ហើយដែលភាគីកម្ពុជា តែងតែជំរុញឱ្យអនុវត្ត ជាបន្តបន្ទាប់។ ប៉ុន្តែរហូត មកទល់ពេលនេះ ភាគីថៃ ស្នើសុំពន្យារពេលរហូត ក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្ម ភាពនានា ត្រូវបានធ្វើជាបន្តបន្ទាប់ នៅលើទីតាំងជាក់ស្តែង ដែលខ្លួនកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មី នៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគី របស់ភាគីថៃ នោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ឡើងនូវជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលជាជំហរច្បាស់ លាស់ ឥតប្រែប្រួល និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ របស់កម្ពុជា ដូចតទៅ ៖

កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈ កម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពគ្នា នាពេលកន្លងមក។

ពាក់ព័ន្ធព្រំដែនសមុទ្រ ៖ ក្រោយពីភាគីថៃ សម្រេចលុបចោល MOU-2001 ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS ) ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ បច្ចុប្បន្ន យន្តការនេះ កំពុងដំណើរការទៅមុខ ដោយមានការយល់ព្រមចូលរួមពីភាគីថៃ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះ នឹងបង្ហាញជាថ្មីម្ដងទៀត ពីតម្លៃពិតប្រាកដ នៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីឈានទៅរកដំណោះស្រាយដ៏ពិតប្រាកដនិងយូរអង្វែង៕ ខៀវទុំ

RELATED ARTICLES