ខេត្តព្រះសីហនុ ៖ ភ្លៀងធ្លាក់ ជាច្រើនម៉ោង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានបណ្តាលឱ្យតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ដូចជាសង្កាត់២ សង្កាត់៣ សង្កាត់៤ រងការជន់លិច ដោយជំនន់ទឹកភ្លៀង និងលិចផ្ទះពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិ ដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ និងម៉ូតូ រថយន្ត ជាច្រើនគ្រឿង ខណៈអា ជ្ញាធរ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ភ្លៀង បានចាប់ផ្តើមធ្លាក់យ៉ាងខ្លាំង ចាប់តាំងពីវេលាទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ជាហេតុធ្វើឱ្យតំបន់ទំនាបមួយចំនួន នៅក្នុងក្រុងព្រះសីហនុ (សង្កាត់លេខ២ សង្កាត់លេខ៣ សង្កាត់លេខ៤) និងក្រុងកំពង់សោម (សង្កាត់បិតត្រាំង) បានរងការជន់លិចដោយជំនន់ទឹកភ្លៀង រហូតលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ កន្លែងខ្លះលិចដល់ត្រឹមដើមទ្រូង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ រួមទាំងសម្ភារៈប្រើប្រាស់ ជាច្រើន ពិសេស រថយន្ត និងម៉ូតូ ត្រូវទឹកចូលម៉ាស៊ីន រលត់ ទៅមុខលែងរួច។

អាជ្ញាធរ បានបញ្ជាក់ថា ក្រៅពីបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ជំនន់ទឹកភ្លៀង មិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ។ យ៉ាងណា អាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងធ្លាក់ ក៏ដូចជាពេលមានជំនន់ទឹកភ្លៀង ដោយមាតាបិតាត្រូវប្រុងប្រយ័ត្នចំពោះកូនៗតូចៗ ចំពោះសត្វអាសិរពិស ដែលអាចឡើង ឬហូរតាមទឹកចូលមកក្នុងលំនៅឋានដែលជន់លិច ពិសេស ការឆ្លងចរន្តអគ្គិសនី ជាដើម។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា ខណៈសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos) T2608 ដែលគន្លងផ្លូវដើររបស់ព្យុះនេះ ស្របនឹងព្យុះទី៧ ឈ្មោះមេខឡា (Mekkhala) T2607 ហើយបានវិវត្តទៅជាព្យុះសង្ឃរា ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ទាំងពីរនេះទេ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសី ហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕