Friday, June 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីខួបកំណើត បើកឡានបុករះ របួស៥នាក់

ចេញពីខួបកំណើត បើកឡានបុករះ របួស៥នាក់

ភ្នំពេញៈ បុរសម្នាក់ ទើបនឹងចេញពីកម្មវិធីជប់លៀងខួបកំណើតមិត្តភក្តិ ផឹកស្រាស្រវឹងធ្លាក់ភ្នែក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រូលទៅបុករះរ៉ឺម៉កនិងម៉ូតូ បណ្តាលឱ្យមនុស្ស ចំនួន៥នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខរោងចក្រកាត់ដេរ ១កន្លែង តាមបណ្តោយផ្លូវ 58P  ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា   មុនពេលកើតហេតុ បុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4139 ធ្វើដំណើរតាមបណ្តោយផ្លូវ 58P ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករ៉ឺម៉កលក់ម្ជូរ រួចបន្តទៅបុកម៉ូតូ ១គ្រឿងទៀត បណ្តាលឱ្យមនុស្សប្រុសស្រី ចំនួន៥នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាឃាត់អ្នកបើកបររថយន្ត ប្រគល់ជូនសមត្ថកិច្ច នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ។

ចំណែកមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក រង់ចាំធ្វើការដោះ ស្រាយនៅពេលក្រោយ៕

RELATED ARTICLES