ភ្នំពេញ ៖ កម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើ0រដ្ឋបាលនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ឃាត់បានជនសង្ស័យប្រុសស្រីចំនួន៧នាក់ ព្រមឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ១.ឈ្មោះ សំណាង រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ ២.ឈ្មោះ សុង ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបបររើសអេតចាយ ៣. ឈ្មោះ ច្រិត វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ ៤. ឈ្មោះ មុំ វិទូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ៥. ឈ្មោះ ច័ន្ទ និមល ភេទស្រី អាយុ ២១ឆ្នាំ មុខរបរបំរើការខារ៉ាអូខេ ៦. ឈ្មោះ ឡេង ច្រិប ភេទស្រី អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ៧. ឈ្មោះ មុំ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ដកហូតដាវកែឆ្នៃចំនួន៣ដើម កាំបិតចំនួន៣ ព្រមទាំងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
តាមសម្តីសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹង មុននឹងឈានទៅការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៧នាក់នេះបាន គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ មានទាំងអាវុធហត្ថ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានចុះធ្វើរដ្ឋបាលនៅចំណុចក្រោមស្ពានស្ទឹងមានជ័យ ដែលជាតំបន់អនាធិបតេយ្យសម្បូរទៅដោយក្មេងស្ទាវប្រុសស្រី បានមកប្រមូលផ្តុំគ្នា ស្នាក់នៅ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៧នាក់ ព្រមទាំងដកហូតដាវកែឆ្នៃ និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគបាលស្ទឹងមានជ័យ១ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងនោះបានសារភាពថា ពួកគេពិតជាធ្លាប់ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួរជនសង្ស័យ ព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ច
បញ្ជួនខ្លួនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ ៕