ភ្នំពេញ ៖ រោងចក្រកាត់ដេរសំលៀកបំពាក់ ម៉ាកាឡូត ហ្គាមិន ខូអិលធីឌី (ម៉ាកាឡូត៥) ស្ថិតក្នុងសួនឧស្សាហកម្មវឌ្ឍន: អគារអូ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៧។
រោងចក្រកាត់ដេរដែលឆាបឆេះខាងលើនេះ មានទំហំប្រមាណ៤០ម៉ែត្រគុណ១០០ម៉ែត្រ មានចំនួន២អាគារជាប់គ្នា មានកម្មករបម្រើការងារជាង១០០០នាក់ ក្នុងវិស័យកាត់ដេរ
សម្លៀកបំពាក់ ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែយាមល្បាតនៅក្នុងបរិវេណរោងចក្រខាងលើ ទាំងយប់ទាំងថ្ងៃ លុះដល់វេលាកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះចេញពីបរិវេណខាងក្រោយរោងចក្រ ដោយសារតែឮសំឡេងផ្ទុះបែបនេះ ពួកគាត់ជាសន្តិសុខបានរត់ទៅមើល ក៍ស្រាប់តែឃើញមានអណ្តាតភ្លើងឆេះចេញយ៉ាងសន្ធោសន្ធៅទៅហើយ ឃើញបែបនេះពួកគាត់បានរត់ទៅយកបំពង់ពន្លត់អគី្គភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែភ្លើងមិនរលត់ កាន់តែឆេះខ្លាំងទៅៗ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែស្ថានភាពធ្ងន់ធ្ងរៗទៅ ពួកគាត់បានផ្តល់ដំណឹងនេះទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន និងខាងរថយន្តពន្លត់អគី្គភ័យ បានមកជួយអន្តរាគមន៍ បាញ់ពន្លត់អស់ជាច្រើនគ្រឿង តែមិនអាចគ្រប់គ្រងបាន។
ដោយឡែកបើយោងតាមប្រភពព័ត៌មានពីលោកយឹម សារ៉ាន់ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានដឹងថា នៅពេលល្ងាចមុនថ្ងៃកើតហេតុ មានជាងដែកមកផ្សារជួសជុលដំបូល ហើយនៅវេលាម៉ោង៤ទៀបភ្លឺ ស្រាប់តែផ្កាភ្លើងដែលជាងដែកផ្សារបានធ្លាក់កម្ទេចធ្លាក់មកលើកម្ទេចក្រណាត់ ធ្វើឲ្យឆាបឆេះម្តងរួចមកហើយ តែបានពន្លត់រលត់ទៅវិញ។ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញភ្លើងឆេះម្តងទៀត តែមិនឃើញមានក្រុមជាងផ្សារដំបូលទេ មិនដឹងថារត់ទៅណាអស់ហើយ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បើសិនជាករណីទុស្សេខ្សែភ្លើងមែន មិនអាចភ្លើងឆេះយ៉ាងសន្ធោរសន្ធៅបែបនេះទេ ពីបរិវេណរោងចក្រ មានសន្តិសុខយាម មិនតិចពីក្រោម៥នាក់នោះទេ ហើយបើសិនជាទុស្សេខ្សែភ្លើងមែននោះ ហេតុអ្វីបានជាពន្លត់មិនទាន់?
ចំពោះករណីនេះផងដែរ សមត្ថកិច្ចសង្ស័យថាមកពីផ្សារដំបូលធ្លាក់ផ្កាភ្លើងជ្រុះលើកម្ទេចក្រណាត់ ឬទុស្សេខ្សែភ្លើង ។ ទំហំនៃការឆេះខូចខាតអស់ទាំងស្រុង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យមកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿង រថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន២គ្រឿង អាវុធហត្ថចំនួន ២គ្រឿង រថយន្តស្រាបៀកម្ពុជា ១គ្រឿង ស្នងការរាជធានីភ្នំពេញ ១២គ្រឿង សហការគ្នាបាញ់ទឹកពន្លត់ភ្លើង ។
ទោះជាយ៉ាងណាក្តី ក្នុងប្រតិបត្តិការពន្លត់ភ្លើង អស់រយៈពេលជិត២ម៉ោងទៅហើយ នៅមិនទាន់បានសម្រេចនៅឡើយ ភ្លើងនៅតែបន្តឆេះក្នុងរោងចក្រដដែល ៕