Sunday, September 28, 2025
Homeព័ត៌មានជាតិឮសំឡេងផ្ទុះក្នុងបរិវេណក្រោយរោងចក្រ សន្តិសុខផ្តល់ដំណឹងទៅសមត្ថកិច្ច ផ្អើលទាំងលោកអធិការទៅជួយ

ឮសំឡេងផ្ទុះក្នុងបរិវេណក្រោយរោងចក្រ សន្តិសុខផ្តល់ដំណឹងទៅសមត្ថកិច្ច ផ្អើលទាំងលោកអធិការទៅជួយ

ភ្នំពេញ  ៖ រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់​ ម៉ាកាឡូត ​ហ្គាមិន​ ខូអិលធីឌី​ (ម៉ាកាឡូត៥) ​ស្ថិត​ក្នុង​សួន​ឧស្សា​​ហកម្ម​វឌ្ឍន: ​អគារអូ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង ​សង្កាត់ចោមចៅ១​ ខណ្ឌ​ពោធិ៍​សែនជ័យ ត្រូវបានអណ្តាតភ្លើង​លេប​ត្របាក់អស់​ទាំង​ស្រុង​ ​ បង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាលពី​វេលាម៉ោង៤និង​៤០នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​១៤​ ខែវិច្ឆកា​ ឆ្នាំ២០១៧​។

រោងចក្រកាត់ដេរដែលឆាបឆេះខាងលើនេះ មានទំហំប្រមាណ៤០ម៉ែត្រគុណ១០០ម៉ែត្រ មានចំនួន២អាគារជាប់គ្នា មានកម្មករបម្រើការងារជាង១០០០នាក់ ក្នុងវិស័យកាត់ដេរ
សម្លៀកបំពាក់ ។

តាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ពួក​គាត់កំពុងតែ​​យាមល្បាត​នៅក្នុង​បរិវេណ​រោង​ចក្រ​ខាង​លើ​  ទាំង​យប់​ទាំង​ថ្ងៃ​ លុះដល់​វេលា​កើតហេតុ​  ពួក​គាត់​បាន​ឮសំឡេង​ផ្ទុះ​ចេញ​ពី​បរិវេណ​ខាង​ក្រោយ​រោងចក្រ​ ដោយ​សារតែ​ឮ​សំឡេង​ផ្ទុះ​បែបនេះ​ ពួកគាត់​ជាសន្តិសុខ​បាន​រត់​ទៅ​មើល ​ក៍ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើងឆេះ​ចេញ​យ៉ាង​សន្ធោសន្ធៅ​ទៅហើយ ​ឃើញ​បែបនេះ​ពួកគាត់​បាន​រត់​ទៅ​យក​បំពង់​ពន្លត់អគី្គភ័យ​មកបាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​ តែភ្លើងមិនរលត់​ កាន់តែ​ឆេះ​ខ្លាំង​ទៅ​ៗ​។

​​ប្រភពដដែល​បានបន្តទៀតថា​ ដោយ​សារតែ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ៗទៅ​ ពួកគាត់​បាន​ផ្តល់ដំណឹង​នេះ​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ និង​ខាងរថយន្ត​ពន្លត់អគី្គភ័យ​ បាន​មក​ជួយ​អន្តរាគមន៍​ បាញ់​ពន្លត់​អស់​ជាច្រើន​គ្រឿង​ តែមិនអាចគ្រប់គ្រងបាន។

​ដោយ​ឡែក​បើយោង​តាម​ប្រភពព័ត៌មានពីលោកយឹម សារ៉ាន់ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ​ ​បាន​ដឹងថា​ នៅពេល​ល្ងាច​មុន​ថ្ងៃ​កើតហេតុ​ មាន​ជាង​ដែក​​មក​ផ្សារ​ជួសជុល​ដំបូល​ ហើយនៅវេលាម៉ោង៤ទៀបភ្លឺ ស្រាប់តែផ្កាភ្លើងដែលជាងដែកផ្សារបានធ្លាក់កម្ទេចធ្លាក់មកលើកម្ទេចក្រណាត់ ធ្វើឲ្យឆាបឆេះម្តងរួចមកហើយ តែ​បានពន្លត់រលត់ទៅវិញ។ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញភ្លើងឆេះម្តងទៀត តែមិនឃើញមានក្រុមជាងផ្សារដំបូលទេ មិនដឹងថារត់ទៅណាអស់ហើយ។​

ប្រភពព័ត៌មានបាន​ឲ្យដឹងទៀតថា​ បើសិន​ជា​ករណី​ទុស្សេខ្សែភ្លើង​មែន ​មិន​អាច​​ភ្លើង​ឆេះ​យ៉ាង​សន្ធោរសន្ធៅ​បែបនេះ​ទេ​ ពី​បរិវេណ​រោង​ចក្រ​ មានសន្តិ​សុខ​យាម​ មិន​តិច​ពីក្រោម​៥នាក់​នោះ​ទេ​ ហើយ​បើសិន​ជា​ទុស្សេ​​ខ្សែភ្លើង​មែន​នោះ​ ហេតុ​អ្វី​បាន​ជាពន្លត់​មិន​ទាន់​?

​ចំពោះ​ករណី​នេះ​ផងដែរ​ សមត្ថកិច្ចសង្ស័យថាមកពីផ្សារដំបូលធ្លាក់ផ្កាភ្លើងជ្រុះលើកម្ទេចក្រណាត់ ឬទុស្សេខ្សែភ្លើង ។ ទំហំនៃការឆេះខូចខាតអស់ទាំងស្រុង ​​ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿង រថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន២គ្រឿង អាវុធហត្ថចំនួន ២គ្រឿង រថយន្តស្រាបៀកម្ពុជា ១គ្រឿង ស្នងការរាជធានីភ្នំពេញ ១២គ្រឿង សហការគ្នាបាញ់ទឹកពន្លត់ភ្លើង ។

ទោះជាយ៉ាងណាក្តី ក្នុងប្រតិបត្តិការពន្លត់ភ្លើង អស់រយៈពេលជិត២ម៉ោងទៅហើយ នៅមិនទាន់បានសម្រេចនៅឡើយ ភ្លើងនៅតែបន្តឆេះ​ក្នុងរោងចក្រដដែល ​៕

RELATED ARTICLES