Monday, September 29, 2025
Homeព័ត៌មានជាតិខ្នះខ្នែងយកទៅមន្ទីរពេទ្យខ្លាំងណាស់ដែរ នៅតែស្លាប់តាមផ្លូវ

ខ្នះខ្នែងយកទៅមន្ទីរពេទ្យខ្លាំងណាស់ដែរ នៅតែស្លាប់តាមផ្លូវ

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ឡើងទប់​ក្តារពុម្ពដែលមានដែកអមពីខាងក្រៅ ដើម្បីចាក់សសរ​បេតុង ​ត្រូវបានឆក់ខ្សែភ្លើង បណ្តាលឲ្យ​ធ្លាក់ផ្ងារក្រោយ​សន្លប់ស្តូកស្តឹង ភ្លាមៗនោះក៏ត្រូវបានបងប្អូនដែលធ្វើការជាមួយគ្នាដឹកតាមរ៉ឺម៉កម៉ូតូ​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ​ជាអកុសល
​ពេលទៅដល់មន្ទីរពេទ្យ បានស្លាប់បាត់ទៅហើយ ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចការដ្ឋានសំណង់ផ្ទះលេខ៤ ផ្លូវលេខ១២២Z  ភូមិ៨ ក្រុម៣១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ញ៉យ វីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់កើតហេតុខាងលើ មានស្រុកកំណើតនៅ​ភូមិព្រៃកផ្តៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមសម្តីពីបុរសឈ្មោះ តាន់ ឌុង អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជាមួយគ្នា ត្រូវជាបងជីដូនមួយជនរងគ្រោះ និងជាអ្នកធ្វើការជាមួយគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងជនរងគ្រោះ រួមទាំងកម្មករ៥ទៅ៦នាក់ កំពុងធ្វើការនៅក្នុងការដ្ឋានដែលទើបនឹងសាងសង់ ។ លុះដល់វេលាកើតហេតុ រូបគាត់និងជនរងគ្រោះបានកំពុងដំឡើងក្តារពុម្ពសសរកុងស្លាកកេ ដែលអមដែកពីខាងក្រៅ មានទំហំ៤ទឹក៤ជ្រុង កំពស់​ជាង២ម៉ែត្រ ដើម្បីចាក់សសរបេតុង​ ដោយ​ជនរងគ្រោះបានឡើងឈរតោងលើក្តារពុម្ព​ មានកំពស់២ម៉ែត្រ ពីដី រូបគាត់ជាអ្នកបាញ់វីសចាប់ក្តារពុម្ព ចំណែកឯជនរងគ្រោះជាអ្នកទប់ និងតម្រង់ក្តារពុម្ព ។ លុះពេលដំឡើងជិតរួចហើយ គាត់ក៏បាននិយាយប្រាប់ជនរងគ្រោះថា ដល់ម៉ោងសម្រាកហើយ អញបាញ់វីសលែងចូលហើយ រួចហើយគាត់ក៏បានចុះមកដី ពេលនោះជនរងគ្រោះក៏បាននិយាយថា សល់តែវីសមួយគ្រាប់ទៀតទេ បាញ់បង្ហើយទៅ។ បន្ទាប់ពីនិយាយរួច ស្រាប់តែជនរងគ្រោះបានស្រែកថា ឆក់ខ្ញុំហើយ! ឆក់ខ្ញុំហើយ! រួចក៏ធ្លាក់ផ្ញារក្រោយបោកក្បាលនឹងឥដ្ឋ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ភ្លាមៗនោះរូបគាត់និងកម្មករដែលធ្វើការនៅក្នុងការដ្ឋានខាងលើ បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះតាមម៉ូតូ​រ៉ឺម៉ក បញ្ជូនទៅសង្គ្រោះនៅគ្លីនិកជនដែលនៅជិតនោះ តែជាអកុលស ​ពេល​ដឹកទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ តែពួកគាត់នៅមិនអស់ចិត្ត ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ​ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបាន​ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកោសលវិច័យលើខ្លួនជនរងគ្រោះ ឃើញថា បុរសរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ចំពោះមូលហេតុដែលឆក់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯខេត្តព្រៃវែង ដែលជាស្រុកកំណើត៕

RELATED ARTICLES