ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ឡើងទប់ក្តារពុម្ពដែលមានដែកអមពីខាងក្រៅ ដើម្បីចាក់សសរបេតុង ត្រូវបានឆក់ខ្សែភ្លើង បណ្តាលឲ្យធ្លាក់ផ្ងារក្រោយសន្លប់ស្តូកស្តឹង ភ្លាមៗនោះក៏ត្រូវបានបងប្អូនដែលធ្វើការជាមួយគ្នាដឹកតាមរ៉ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសល
ពេលទៅដល់មន្ទីរពេទ្យ បានស្លាប់បាត់ទៅហើយ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចការដ្ឋានសំណង់ផ្ទះលេខ៤ ផ្លូវលេខ១២២Z ភូមិ៨ ក្រុម៣១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ញ៉យ វីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃកផ្តៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមសម្តីពីបុរសឈ្មោះ តាន់ ឌុង អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជាមួយគ្នា ត្រូវជាបងជីដូនមួយជនរងគ្រោះ និងជាអ្នកធ្វើការជាមួយគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងជនរងគ្រោះ រួមទាំងកម្មករ៥ទៅ៦នាក់ កំពុងធ្វើការនៅក្នុងការដ្ឋានដែលទើបនឹងសាងសង់ ។ លុះដល់វេលាកើតហេតុ រូបគាត់និងជនរងគ្រោះបានកំពុងដំឡើងក្តារពុម្ពសសរកុងស្លាកកេ ដែលអមដែកពីខាងក្រៅ មានទំហំ៤ទឹក៤ជ្រុង កំពស់ជាង២ម៉ែត្រ ដើម្បីចាក់សសរបេតុង ដោយជនរងគ្រោះបានឡើងឈរតោងលើក្តារពុម្ព មានកំពស់២ម៉ែត្រ ពីដី រូបគាត់ជាអ្នកបាញ់វីសចាប់ក្តារពុម្ព ចំណែកឯជនរងគ្រោះជាអ្នកទប់ និងតម្រង់ក្តារពុម្ព ។ លុះពេលដំឡើងជិតរួចហើយ គាត់ក៏បាននិយាយប្រាប់ជនរងគ្រោះថា ដល់ម៉ោងសម្រាកហើយ អញបាញ់វីសលែងចូលហើយ រួចហើយគាត់ក៏បានចុះមកដី ពេលនោះជនរងគ្រោះក៏បាននិយាយថា សល់តែវីសមួយគ្រាប់ទៀតទេ បាញ់បង្ហើយទៅ។ បន្ទាប់ពីនិយាយរួច ស្រាប់តែជនរងគ្រោះបានស្រែកថា ឆក់ខ្ញុំហើយ! ឆក់ខ្ញុំហើយ! រួចក៏ធ្លាក់ផ្ញារក្រោយបោកក្បាលនឹងឥដ្ឋ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ភ្លាមៗនោះរូបគាត់និងកម្មករដែលធ្វើការនៅក្នុងការដ្ឋានខាងលើ បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះតាមម៉ូតូរ៉ឺម៉ក បញ្ជូនទៅសង្គ្រោះនៅគ្លីនិកជនដែលនៅជិតនោះ តែជាអកុលស ពេលដឹកទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ តែពួកគាត់នៅមិនអស់ចិត្ត ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកោសលវិច័យលើខ្លួនជនរងគ្រោះ ឃើញថា បុរសរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ចំពោះមូលហេតុដែលឆក់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯខេត្តព្រៃវែង ដែលជាស្រុកកំណើត៕