ភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ ជិះម៉ូតូហុងដាឌ្រីម តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូប ប៉ុន្តែមិនបានសម្រេច បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចមុខផ្សារបាយ័ន ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ធ្វើដំណើរមកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី Nex មិនចាំពណ៌ និងស្លាកលេខ បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត ហើយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ ប៉ុន្តែមិនបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្ត្រីរងគ្រោះដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺ បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលរង់ចាំថ្ងៃស្អែក បានដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕