Monday, September 29, 2025
Homeព័ត៌មានជាតិខ្ចីលុយធនាគារ១មុឺនដុល្លារ បាន៣ថ្ងៃ ឃាតករយកអង្រែវាយសម្លាប់ ប្លន់យកទៅបាត់

ខ្ចីលុយធនាគារ១មុឺនដុល្លារ បាន៣ថ្ងៃ ឃាតករយកអង្រែវាយសម្លាប់ ប្លន់យកទៅបាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងនៅចាំផ្ទះតែម្នាក់ឯង ខណៈដែលប្តី និងកូនៗចេញទៅធ្វើការ និងទៅសាលារៀនរៀងៗខ្លួនអស់ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខចូលទៅធ្វើសកម្មភាពវាយនឹងអង្រែបុកគ្រឿង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រួចរើកកកាយរបស់របរក្នុងផ្ទះប្លន់យកលុយអស់ប្រមាណជាង៩ពាន់ដុល្លារ គេចខ្លួនបាត់ដោយសុវត្ថិភាព លុះកូនស្រីស្ត្រីរងគ្រោះត្រឡប់មកពីសាលារៀនវិញ ប្រទះឃើញម្តាយដេកស្លាប់ក្នុងផ្ទះ ក៏ស្រែកឆោឡោឡើង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងលេខ ៥៥-១ ក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ស្ត្រីរងគ្រោះដែលត្រូវឃាតករដៃឆៅវាយនឹងអង្រែបុកគ្រឿង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនោះ មានឈ្មោះឡេង មុំ អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ មានប្តីមានឈ្មោះហៀក ស៊ុក អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកដី និងមានកូនប្រុសស្រីចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ សព្វថ្ងៃ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីកុមារី សុខ ឆៃអៀន អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ ត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ  នាងទើបនឹងវិលត្រឡប់មកពីសាលារៀនវិញ លុះមកដល់ផ្ទះ ក៏រុញទ្វារចូលក្នុងផ្ទះ ស្រាប់តែប្រទះឃើញម្តាយដេកស្តូកនៅក្បែរបន្ទប់ទឹក និងឃើញមានអង្រែបុកគ្រឿងនៅក្បែរខ្លួនម្តាយទៀតផង ទើបធ្វើឱ្យនាងភ័យឆោឡោ ស្រែកយំហៅអ្នកជិតខាងឱ្យមកជួយមើល ទើបដឹងថា ម្តាយរបស់នាងបានស្លាប់បាត់ទៅហើយ ចំណែករបស់របរមួយចំនួនរាយប៉ាយពេញផ្ទះ បន្ទាប់មកនាងក៏បានទូរស័ព្ទប្រាប់ឪពុកដែលកំពុងចេញទៅបើកបររថយន្តដឹកដីឱ្យត្រឡប់មកផ្ទះវិញ។

តាមសម្តីអ្នកជិតខាង បានឱ្យដឹងថា គ្រួសារខាងលើគឺឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារតែប្តីមានស្រីថ្មី ហើយកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា នេះ ប្តីរបស់ជនរងគ្រោះបានបើករថយន្តដឹកដីចេញទៅបាត់ រីឯកូនៗ២នាក់ ក៏ចេញទៅសាលារៀនអស់ដែរ នៅសល់តែស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯងប៉ុណ្ណោះ។ ក្រោយមក គេឃើញបុរសម្នាក់ចូលទៅជជែកជាមួយស្ត្រីរងគ្រោះ តែមិនបានដឹងថាជាអ្នកណា ឬសាច់ញាតិនោះទេ រួចក៏ចេញទៅវិញបាត់។ ស្រាប់តែពេលដែលកូនៗរបស់ស្ត្រីរងគ្រោះ ត្រឡប់មកពីសាលារៀនវិញ ទើបប្រទះឃើញម្តាយដេកស្លាប់ បង្កឱ្យមានការផ្អើលឆោឡោឡើង ទើបពួកគាត់ប្រញាប់រាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យមើលតែម្តង។

ដោយឡែក តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់គាត់ទើបតែខ្ចីលុយគេ១ម៉ឺនដុល្លារ កាលពី៣ថ្ងៃមុន ដើម្បីយកមកធ្វើដើមទុនរកស៊ី។ ចំពោះប្រាក់១ម៉ឺនដុល្លារ ដែលខ្ចីគេនោះ ទើបតែចំណាយអស់១ពាន់ដុល្លារប៉ុណ្ណោះ នៅសល់៩០០០ដុល្លារទៀត ប៉ុន្តែេក្រោយពេលកើតហេតុ ប្រាក់៩០០០ដុល្លារនោះ មិនដឹងបាត់ទៅណាអស់ហើយ។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ឃាតកម្មខាងលើ បានសន្និដ្ឋានថា ករណីនេះអាចជាករណីប្លន់សម្លាប់យកលុយ៩ពាន់ដុល្លារ ព្រោះនៅខ្លួនជនរងគ្រោះមានស្លាកស្នាមបែកក្បាលពីក្រោយហូរឈាមប្រឡាក់ឥដ្ឋ និងមានអង្រែបុកគ្រឿងនៅកន្លែងកើតហេតុ ព្រមទាំងរបស់របរក្នុងផ្ទះរប៉ាត់រប៉ាយខុសប្រក្រតីទៀតផង។

ទោះបីជាយ៉ាងណាក្តី ករណីខាងលើសមត្ថកិច្ចនៅមិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយទេ ថាជាករណីអ្វីឱ្យពិតប្រាកដ ព្រោះកំពុងធ្វើកោសល្យវិច័យស្រាវជ្រាវបន្តទៀត។

ជុំវិញករណីឃាតកម្មនេះ ក៏មានការសង្ស័យទៅលើបុរសជាប្តីខ្លះដែរ ហើយពេលនេះសមត្ថកិច្ចកំពុងតែសាកសួរតាមជំនាញបន្តទៀត៕

RELATED ARTICLES