កោះកុង ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល មានករណីអត្តឃាតមួយបានកើតឡើងនៅទីរួមខេត្តកោះកុង ដោយមានមន្រ្តីនគរបាលម្នាក់ដែលយាមនៅធនាគារអេស៊ីលីដា បានយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ហើយក៏បានសរសេរបណ្តាំទុកលើអាវផងដែរ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើល ។
មុនពេលស្លាប់ ជនរងគ្រោះបានសរសេរបណ្តាំនៅលើអាវថា “ការស្លាប់ខ្ញុំមិនបានពាក់ព័ន្ធជាមួយនរណាទាំងអស់ គឺស្លាប់ដោយខ្លួនឯង ពីខ្ញុំផេង គ្រី។ លាហើយអ្នកទាំងអស់គ្នា”។
មន្ត្រីនគរបាលដែលយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនោះ ត្រូវបានគេស្គាល់ឈ្មោះថា ផេង គ្រី អាយុជាង៤០ឆ្នាំ ដែលយាមប្រចាំការនៅធនាគារអេសុីលីដា ក្នុងទីរួមខេត្តកោះកុង។
ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ដោយសារពេលនេះកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ និងពិនិត្យសាកសពនៅកន្លែងកើតហេតុ៕