Sunday, October 5, 2025
Homeព័ត៌មានជាតិប្តីនិងកូនស្រី៦ឆ្នាំរងរបួសធ្ងន់ ប្រពន្ធរងរបួសស្រាល ត្រូវរថយន្តដឹកកម្មករបុកពេញទំហឹង

ប្តីនិងកូនស្រី៦ឆ្នាំរងរបួសធ្ងន់ ប្រពន្ធរងរបួសស្រាល ត្រូវរថយន្តដឹកកម្មករបុកពេញទំហឹង

ភ្នំពេញ ៖ ​​ម៉ូតូ​មួយគ្រឿងមានគ្នាបីនាក់​ ប្តីប្រពន្ធ​និង​កូន​ស្រីអាយុ៦ឆ្នាំ​  ខ្វះការប្រុង​ប្រយ័ត្ន បានជិះ​ចូល​ទៅ​ចំនីផ្លូវ​ម្ខាងទៀត ​​ត្រូវ​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង ​បាន​ជ្រុល​ទៅ​បុក​អូស​ម៉ូតូ​ចូលក្រោមជិត​១០ម៉ែត្រ​ បណ្តាលឲ្យឪពុក​និងកូន​រងរបួសធ្ងន់​ ចំណែក​ម្តាយ​រងរបួស​ស្រាល​​ហេតុការណ៍នេះបានកើត​ឡើង​នៅវេលាម៉ោង​៩និង២០​នាទីយប់​ ថ្ងៃទី​៨ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ចំណុច​វាល​ស្ងាត់​ ផ្លូវ​ព្រៃស​ ភូមិ​ប្រការ​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​។

​តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ​គេបានឃើញ​ម៉ូតូ១គ្រឿង មានគ្នា​៣នាក់​ ប្តីប្រពន្ធ​និង​កូន​ស្រី​អាយុ​៦ឆ្នាំ​ បាន​ជិះម៉ូតូ​ម៉ាក​គុបមូល​ ពណ៌​ស​ ​​ពាក់ស្លាកលេខ​ភ្នំពេញ​ 1FQ-7548 មិន​ដឹង​ថា គោល​បំណង​ទៅណានោះទេ​ គឺបាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុ​ង​ ព្រៃស​ ក្នុងទិសដៅ​ពី​កើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ​ ដែល​ជា​ផ្លូវ​ងងឹតហើយ​ស្ងាត់​ទៀត​នោះ​  មិន​ដឹង​ជាអ្នក​បើកម៉ូតូ​យ៉ាង​ម៉េច​នោះទេ​ ស្រាប់តែ​ជិះ​ចូល​ទៅ​ចំនីផ្លូវ​របស់​គេ​ម្ខាងទៀត​​ ​ស្របពេល​នោះដែរ​ ក៏មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 2A-3855 ​ដឹកកម្មករ​ជាង​២០នាក់​ បាន​ធ្វើ​ដំណើរតាមផ្លូវ​បេតុង​ព្រៃស​ ក្នុងទិសដៅ​បញ្ច្រាសគ្នា​ ក្នុង​ល្បឿនលឿន​ជ្រុលទៅបុក​ចំពីមុខ​ម៉ូ​តូ​ពេញទំហឹង​ អូស​ម៉ូតូ​ចូលក្រោម​រថយន្ត​ជិត​១៥ម៉ែត្រ​ ចូល​ទៅ​ចំនីផ្លូវ​របស់​ម៉ូតូ​វិញ​  ទើប​រថយន្ត​អស់​ល្បឿន​ ធ្វើ​ឲ្យអ្នក​ជិះម៉ូតូ​ត្រូវ​ជា​ប្តីរងរបួស​បែកក្បាល​​ កូន​ស្រី​អាយុ​៦ឆ្នាំ​ រងរបួស​បែកក្បាល​ និង​បាក់​ភ្លៅខាងស្តាំ​ធ្ងន់​ ចំណែក​ប្រពន្ធ​រងរបួស​រលាត់ដៃរលាត់ជើង​ស្រាល​ ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ទាំង​បី​នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​​សួគា៌។

ដោយ​ឡែក ​ខាងរថយន្ត​វិញរងការ​ខូចខាត​ក្រពិត​កាងខាងមុខ​ចំហៀង​ស្តាំ​ ហើយ​ភ្លាមៗនោះដែរ​អ្នកបើក​បរ​បានចុះ​ពីលើរថយន្ត​រត់​គេចខ្លួនបាត់​ស្រមោលតែម្តង​ ហើយ​កម្មករ​ដែល​​ជិះ​ក្នុង​រថយន្ត​អត់​មានរង​របួស​នោះទេ​  ក៍បាន​ចុះ​ពី​រថយន្ត​ដើរ​​​ទៅ​មុខ​បាត់​ទៅ​។

​ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញបានចុះ​ទៅកន្លែងកើតហេតុ​ រួចហើយ​បាន​ធ្វើ​ការ​វាស់វែងយក​​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុកនៅ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ដើម្បី​រងចាំ​ធ្វើ​ការ​ដោះស្រាយ​៕

RELATED ARTICLES