ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងមានគ្នាបីនាក់ ប្តីប្រពន្ធនិងកូនស្រីអាយុ៦ឆ្នាំ ខ្វះការប្រុងប្រយ័ត្ន បានជិះចូលទៅចំនីផ្លូវម្ខាងទៀត ត្រូវរថយន្តដឹកកម្មករមួយគ្រឿង បានជ្រុលទៅបុកអូសម៉ូតូចូលក្រោមជិត១០ម៉ែត្រ បណ្តាលឲ្យឪពុកនិងកូនរងរបួសធ្ងន់ ចំណែកម្តាយរងរបួសស្រាលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចវាលស្ងាត់ ផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿង មានគ្នា៣នាក់ ប្តីប្រពន្ធនិងកូនស្រីអាយុ៦ឆ្នាំ បានជិះម៉ូតូម៉ាកគុបមូល ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FQ-7548 មិនដឹងថា គោលបំណងទៅណានោះទេ គឺបានធ្វើដំណើរតាមផ្លូវបេតុង ព្រៃស ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវងងឹតហើយស្ងាត់ទៀតនោះ មិនដឹងជាអ្នកបើកម៉ូតូយ៉ាងម៉េចនោះទេ ស្រាប់តែជិះចូលទៅចំនីផ្លូវរបស់គេម្ខាងទៀត ស្របពេលនោះដែរ ក៏មានរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2A-3855 ដឹកកម្មករជាង២០នាក់ បានធ្វើដំណើរតាមផ្លូវបេតុងព្រៃស ក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង អូសម៉ូតូចូលក្រោមរថយន្តជិត១៥ម៉ែត្រ ចូលទៅចំនីផ្លូវរបស់ម៉ូតូវិញ ទើបរថយន្តអស់ល្បឿន ធ្វើឲ្យអ្នកជិះម៉ូតូត្រូវជាប្តីរងរបួសបែកក្បាល កូនស្រីអាយុ៦ឆ្នាំ រងរបួសបែកក្បាល និងបាក់ភ្លៅខាងស្តាំធ្ងន់ ចំណែកប្រពន្ធរងរបួសរលាត់ដៃរលាត់ជើងស្រាល ហើយភ្លាមៗនោះដែរ ជនរងគ្រោះទាំងបីនាក់ ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិកសួគា៌។
ដោយឡែក ខាងរថយន្តវិញរងការខូចខាតក្រពិតកាងខាងមុខចំហៀងស្តាំ ហើយភ្លាមៗនោះដែរអ្នកបើកបរបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយកម្មករដែលជិះក្នុងរថយន្តអត់មានរងរបួសនោះទេ ក៍បានចុះពីរថយន្តដើរទៅមុខបាត់ទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅកន្លែងកើតហេតុ រួចហើយបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីរងចាំធ្វើការដោះស្រាយ៕