Sunday, January 25, 2026
Homeព័ត៌មានជាតិអ្នកស្រីម៉ម សុម៉ាលី រៀបរាប់ជីវិតក្មេងស្រីអាយុ១៥ឆ្នាំ អភ័ព្វហួសការស្មាន

អ្នកស្រីម៉ម សុម៉ាលី រៀបរាប់ជីវិតក្មេងស្រីអាយុ១៥ឆ្នាំ អភ័ព្វហួសការស្មាន

ភ្នំពេញ ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ត្រូវ ម៉ែឪបោះបង់ចោលឱ្យរស់ជាមួយជីដូន ហើយនាងត្រូវដើរស៊ីឈ្នួលគេ យកលុយមកចិញ្ចឹមតាយាយជរា ទីបំផុតនៅពេលនាងទៅធ្វើការនៅហាងលក់គ្រឿងកាឡៃមួយត្រូវថៅកែប្រុសល្មោភកាមចាប់រំលោភសេពសន្ថវៈ។ នេះបើតាមការឱ្យដឹងពីលោកស្រីម៉ម សុម៉ាលី ស្ថាបនិកនិងជានាយិកាអង្គការអាហ្វេស៊ីបកម្ពុជា ។

លោកស្រីម៉ម សុម៉ាលី បានបង្ហោះរូបភាពនិងសំណេរតាមគណនីហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ថា “ពាក្យថា ម៉ែ គឺមានន័យធំធេងកាត់ថ្លៃមិនបានសម្រាប់កូនៗ ចុះហេតុអ្វីបានជាអ្នកម្តាយខ្លះមិនបារម្ភពីកូន មិននៅក្បែរកូនទៅវិញ?

ព្រឹកនេះខ្ញុំពិតជាសោកសង្រេងមែនទែន ធ្លាប់តែជាម្តាយដែលរឹងមាំ ក្លាយជាម្តាយដែលទប់ទឹកភ្នែក មិនបានពេលដែលកូនស្រី អាយុ១៥ឆ្នាំម្នាក់ រៀបរាប់ពីភាពឈឺចាប់របស់នាងតាំងតែពីនាងនៅក្នុងពោះម្តាយ នាងត្រូវបានស្អប់ដោយពុកនិងម៉ែ ព្រោះពួកគេបានលែងលះ គេមិនចង់បានកូនក្នុងផ្ទៃនោះទេ គ្រាន់តែកើតភ្លាម គេក៏ឱ្យតំណក់ឈាមអភ័ព្វនោះទៅជីដូនចិញ្ចឹមភ្លាម។

តាំងពីតូច នាងត្រូវដើរស៊ីឈ្នួលគេរកប្រាក់មក ចិញ្ចឹមតាយាយដែលជរា ដោយឈឺច្រើនគាត់ បានខ្ចីលុយ ចងការគេមកព្យាបាល លុយដុះកន្ទុយ បន្ទុកធំធ្លាក់មកលើកូនក្មេងអាយុ១៥ឆ្នាំ ជាអ្នករ៉ាប់រង”។

លោកស្រីម៉ម សុម៉ាលី បានសរសេរបន្តថា “នាងបានទៅស៊ីឈ្នួលលក់ដូរឱ្យម្ចាស់ហាងលក់គ្រឿងកាឡៃមួយ ដោយគិតថា នឹងបានរកលុយសងថ្លៃចងការ តែអកុសលនាងត្រូវម្ចាស់ហាងនោះរំលោភនាង ក្តីសង្ឃឹមត្រូវរលាយបាត់ រាងកាយត្រូវរងគ្រោះដោយជនអប្រិយល្មោភកាម។

នាងរៀបរាប់ដោយក្តីឈឺចាប់ តែអ្វីដែលរឹតតែឈឺ និងធ្វើឱ្យកូនៗដទៃនិងនាងខ្ញុំ ទប់ទឹកភ្នែកមិនបាននោះ គឺនាងត្រូវការម៉ែ នាងមិនដែលស្គាល់មុខម៉ែទេ នាងចង់ឱ្យម៉ែនាងឱបនាង នាងចង់នៅជាមួយម៉ែដូចគ្រួសារដទៃណាស់ តើបានទេ…សូមលោកតុលាការខេត្តសៀមរាប ជួយរកយុត្តិធម៌ឱ្យនាងផង លោកធ្លាប់ជួយជនរងគ្រោះមកច្រើនណាស់”។

យោងតាមបទសម្ភាសន៍ជាមួយលោក ស្រីម៉ម សុម៉ាលី ក្មេងស្រីរងគ្រោះបានឱ្យដឹងថា បន្ទាប់ពីថៅកែប្រុសនោះចាប់រំលោភនាងបានសម្រេចមក បងស្រីរបស់ថៅកែនោះបានប្រាប់នាងថា កុំប្រាប់រឿងនេះដល់អ្នកណា ហើយឱ្យនាងចាត់ទុកថា រឿងនេះជាការយល់សប្តិអាក្រក់ទៅចុះ។

ក្មេងស្រីរងគ្រោះបានបន្តថា នាងសូមអំពាវនាវដល់សមត្ថកិច្ចនិងតុលាការ ជួយរកយុត្តិធម៌ជូននាងផង ដោយផ្តន្ទាទោសជនល្មើសឱ្យធ្ងន់ទៅតាមផ្លូវច្បាប់។ 

លោកស្រីម៉ម សុម៉ាលី បានឱ្យដឹងថា សព្វថ្ងៃក្មេងស្រីរងគ្រោះបានមកស្នាក់នៅក្នុងមណ្ឌលអង្គការអាហ្វេស៊ីប ហើយត្រៀមចូលរៀនជំនាញអ៊ុតសក់ និងសម្អាងនៅហាងអ៊ុតសក់របស់អង្គការអាហ្វេស៊ីប៕

RELATED ARTICLES