ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដំណើរតាមដងផ្លូវនៅពេលយប់ ត្រូវបានសមត្ថកិច្ចស្រុកបាទីធ្វើការឃាត់ខ្លួនយកមកចាត់ការតាមច្បាប់។
ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដោយកម្លាំងអធិការនគរបាលស្រុកបាទី ក្រោយឃើញសកម្មភាព ជនសង្ស័យកំពុងកាន់ពូថៅជាប់នឹងដៃ ឈ្លោះប្រកែកគ្នាជាមួយម្ចាស់រថយន្តដឹកដែកម្នាក់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចច្ចាប់ឃាត់ខ្លួន មានឈ្មោះ ផង់ សុភាក់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី។
តាមប្រភពពីសមត្ថកិច្ចស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចខ្លោងទ្វារភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យខូចខាតកញ្ចក់រថយន្តចំនួន២គ្រឿង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មុនពេលដែលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យខាងលើ កំពុងតែមានជម្លោះជាមួយម្ចាស់ឡានដឹកដែកម្នាក់ដោយមានពូថៅកាន់នៅនឹងដៃទៀត។ ដោយឃើញអាការៈដូចជាមានការញៀនថ្នាំផងនោះ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕