តារាសម្ដែង បង្ហាញម៉ូដ និងជាពិធីការិនីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កញ្ញាសុផា លីនដា បានចាប់ដៃសង្សារដែលគូអាណិកជនខ្មែរមកពីបរទេស វ័យ៣០ស្ដើងម្នាក់ បើកភោជនីយដ្ឋានខ្ទះពុះ ដែលមានទីតាំងនៅផ្លូវ១៨៥ ផ្ទះលេខ៥ (ខាងក្រោយវិទ្យាស្ថានវ៉ាន់ដា) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយអ្នកទាំង២បានចំណាយទុនរួមគ្នាអស់ទឹកប្រាក់ជាច្រើនម៉ឺនដុល្លារ។

ទោះជាយ៉ាងណា លីនដា ថាមិនអាចនិយាយពីចំនួនទំហំទឹកប្រាក់នោះថាប៉ុន្មានទេ ខណៈដែលកាលពីល្ងាចថ្ងៃទី៩ ខែកក្កដានោះ ហាងរបស់នាងបានបើកលក់ជាផ្លូវការហើយ ប៉ុន្ដែនឹងធ្វើពិធីសម្ពោធនៅចុងខែនេះ។

តារារាងស្វែល សុផា លីនដា ថានាងបានចូលហ៊ុនគ្នាជាមួយគូស្នេហ៍ដែលនាងបានស្គាល់គ្នាជិត៩ខែមកហើយ តែការយល់ចិត្តគ្នាច្បាស់លាស់និងស៊ីជម្រៅ គឺទើបតែរយៈពេល៣ខែចុងក្រោយប៉ុណ្ណោះ។

លីនដា ថែមទាំងច្បាស់ក្នុងចិត្តទៀតថានាងនឹងដឹកដៃគូស្នេហ៍ចូលរោងការនាពេលខាងមុខនេះហើយ ព្រោះថាពេលនេះនាងនិងអាណិកជនខ្មែររូបនោះ យល់ចិត្តគ្នាច្បាស់ណាស់។ ចំពោះមូលហេតុដែលនាងជ្រើសរើសបុរសក្រៅស្រុក ជាអាណិជនជាគូស្នេហ៍នោះ ដោយសារតែសង្សារនាងជាបុរសល្អ ស្មោះត្រង់ ចេះឲ្យតម្លៃ និងមានភាពទទួលខុសត្រូវខ្ពស់ហើយគាត់ក៍ជាចុងភៅប្រចាំនៅហាងរបស់នាងផងដែរ។

សុផា លីនដា អះអាងថា នាងមិនមានការបារម្ភច្រើនចំពោះការបើកមុខជំនួញ នៅពេលដែលរដូវកូវីដ-១៩ មិនទាន់ស្ងាត់នោះទេ ប៉ុន្ដែអ្វីដែលនាងត្រូវពង្រឹង គឺរក្សាភាពអនាម័យក្នុងហាងឲ្យបានល្អ។ នាងថា ពេលស្ងាត់កូវីដ-១៩ នាងនឹងគ្រោងពង្រីកសាខាថ្មីថែមទៀត រួមទាំងមានគម្រោងលក់ Franchiseផងដែរហើយក្នុងនាមនាងជាសិល្បៈការិនីម្នាក់ គឺជំរុញឲ្យតារារួមអាជីពបង្កើតមុខរបរផ្ទាល់ខ្លួន ក្រៅពីសិល្បៈព្រោះទោះជាការងារទាំងនោះមានការលំបាកដំបូងមែន តែបើយើងតស៊ូ គឺនឹងអាចធ្វើបានជោគជ័យ។

ប៉ុន្ដែទាក់ទងរឿងពេលវេលាដឹកដៃគូស្នេហ៍ចូលរោងការនោះ លីនដា មិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ឡើយ៕
