ស្រីស្រស់តូចច្រឡឹងគួរឲ្យក្នាញ់ កញ្ញាវ៉ាន់ នីឡា ដែលជាតារាកំប្លែងរបស់ CTN លែងហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ជាលើកទី២ហើយ បន្ទាប់ពីបានរំសាយមង្គលការចោលម្ដងកាលពីខែឧសភាឆ្នាំ២០២០ដោយសារតែកូវវីដ-១៩។

ឪពុករបស់តារាកំប្លែងនិងចម្រៀងរូបនេះ លោកតាវ៉ិចទ័រ បានអះអាងថា កូនស្រីរបស់គាត់អាចរៀបការបាន លុះត្រាតែស្ថានភាពអំណោយផល លែងភ័យពីកូវីដ-១៩ ពិសេសរដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការឡើងវិញជាចំហដូចមុនបានហើយនោះ នឹងរៀបចំតែម្ដង។ លោកថា មិនអាចនិយាយមុនថា នឹងរៀបការនៅខែ១០ ឬចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បានទេ ព្រោះត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងសិន ព្រោះបើការទៅភ្ញៀវនៅតែបារម្ភកូវីដ-១៩នោះ យើងជាឪពុកម្ដាយក៏មិនសប្បាយអស់ពីចិត្តដែរ ព្រោះថាធ្លាប់លើកពេលរៀបការនេះ ម្ដងហើយកាលពីខែ៥។

វ៉ាន់ នីឡា បានផ្ដាច់ពាក្យកាលពីឆ្នាំ២០១៨ ពីអតីតគូដណ្ដឹងលោកផន រង្សី ដែលជាកូនថៅកែល្ខោនបាសាក់ភី សុគន្ធ ហើយនាងមកភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសម្នាក់ ជាកូនមន្រ្ដីរាជការដោយរៀបគម្រោងចូលរោងការភ្លាមៗតែម្ដង ព្រោះចាស់ទុំទាំងសងខាងមិនចង់ទុកយូរនាំតែជូរផ្អូម។

ប៉ុន្ដែដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ទើបពេលនេះមង្គលការរបស់ស្រីស្រស់ វ៉ាន់ នីឡា ត្រូវពន្យារពេលដោយគ្មានកាលកំណត់បែបនេះ។

លោកតា វ៉ិចទ័រ បានបញ្ជាក់ថា ពេលនេះកូនប្រុសស្រីទាំង២ ស្រលាញ់គ្នា ហើយចុះសម្រុងគ្នាល្អគ្មានបញ្ហាអីទេ។ លោកថាឲ្យតែស្ថានការណ៍កូវីដ-១៩ លែងជាបញ្ហាចោទទៀតហើយ គឺពួកគេទាំងពីរនឹងរៀបការតែម្ដង ព្រោះពេលនេះច្បាស់លាស់ជាមួយគ្នាហើយ។

វ៉ាន់ នីឡា ជាអ្នកកំប្លែងដែលមានរូបសម្រស់ដ៏ទាក់ទាញម្នាក់ហើយនាងក៏ជាអតីតតាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ផងដែរ។ ស្រីស្រស់តូចតន់រូបនេះក៏ធ្លាប់ឆក់បានតំណែងតួឯកផងដែរ ប៉ុន្ដែអាជីពដែលនាងត្រូវបានគេស្គាល់ច្បាស់នោះ គឺជាអ្នកកំប្លែងរូបស្អាតម្នាក់ប្រចាំនៅ CTN៕
