Friday, November 28, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា លើកទឹកចិត្តខ្លួនឯង "អរគុណ​បញ្ហា​ ដែល​បាន​បង្រៀន​ឲ្យ​រឹតតែ​រឹងមាំ​ឡើង"

ឱក សុគន្ធកញ្ញា លើកទឹកចិត្តខ្លួនឯង “អរគុណ​បញ្ហា​ ដែល​បាន​បង្រៀន​ឲ្យ​រឹតតែ​រឹងមាំ​ឡើង”

រយៈពេលជាង២សប្ដាហ៍មកហើយ ដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែមិនទាន់បង្ហាញសកម្មភាពទៅសួរសុខទុក្ខ និងជួបឪពុកនាងដោយផ្ទាល់នៅឡើយ ខណៈដែលលោកឱក បូនី ថាគាត់មិនទាមទារចង់បានលុយកាក់ ឬលាភសក្ការៈណាមួយពីកូនស្រីនោះទេ គឺសុំតែឲ្យកូនចេះតែតេសួរសុខភាពលោកនោះ លោកពេញចិត្តបំផុតទៅហើយ ក្រោយរស់នៅបែកកូនស្រីអស់រយៈពេល២០ឆ្នាំមកនេះ។

ប៉ុន្ដែនៅពេលនេះ ស្រាប់តែឱក សុគន្ធកញ្ញា និយាយបែបលើកទឹកចិត្តខ្លួនឯង កុំឲ្យរាថយគ្រប់បញ្ហាដែលកំពុងនឹងកើតមាន និងតាំងចិត្តឲ្យរឹងមាំថែមទៀតផង។

 ឱក សយគន្ធកញ្ញា បានបង្ហោះសារថា “គ្មាន​នរណា​ម្នាក់​ចង់​ដើរ​ទៅ​ជួប​បញ្ហា​នោះ​ទេ.. តែមានពេលខ្លះ បញ្ហា​ទាំង​នោះ​វាមករកយើងដោយមិនដឹងខ្លួន ដូច្នេះ​ពេលជួបបញ្ហា ចូល​អ្នក​កុំឆេវឆាវ តាំងចិត្ត​ឲ្យល្អ ដោះស្រាយ​តាម​សម្រួល​ ធ្វើ​ចិត្ត​រឹងមាំ​កុំទន់ជ្រាយ បញ្ហា​ទាំង​នោះ​និងរសាត់បាត់ទៅតាមពេលវេលា អរគុណ​បញ្ហា​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​រឹតតែ​រឹងមាំ​ឡើង”។

ភ្លាមៗនោះ អ្នកគាំទ្របានចូលទៅខមិនលើកទឹកចិត្ត និងកោតសរសើរឱក សុគន្ធកញ្ញា ដែលអាចប្រឈមមុខបញ្ហាដែលត្រូវឪពុកចោទប្រកាន់ថា ភ្លេចឪក៏ដោយ។

ដោយឡែកចំពោះរឿងរ៉ាវឱក សុគន្ធកញ្ញា និងឪពុក លោកឱក បូនីនោះ តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត បានបញ្ជាក់ថា ទោះជាឪពុកម្ដាយបែកគ្នាយូរឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងឪនិងកូន មិនអាចកាត់ផ្ដាច់បានជាដាច់ខាត។

អ្នកស្រីសាវ៉េត បានឲ្យយោបល់ថា ដើម្បីឲ្យមានដំណោះស្រាយ គួរតែសុគន្ធកញ្ញា និងឪពុកនាង រកពេលវេលាជួបជុំគ្នា ទើបល្អ។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកន្លងមកជាមួយលោកឱក បូនី នៅពេលដែលអ្នកយកព័ត៌មានយើងសួរថា ក្រោយលោកលែងលះជាមួយម្ដាយសុគន្ធកញ្ញា គឺអ្នកស្រីអ៊ិន ថាច ឮថា សុគន្ធកញ្ញា រ៉ាប់រងគ្រួសារតែម្នាក់ឯង រកលុយឲ្យម្ដាយ និងចិញ្ចឹមប្អូនស្រីផង តើរឿងនេះលោកមានដឹងដែរឬអត់នោះ?

លោកបូនី ថា ក្រោយលែងលះ អ្នកស្រីអ៊ិន ថាច មានគ្រួសារថ្មី ហើយមានកូនប្រុស១ទៀត ចំណែកលោកក៏មានប្រពន្ធថ្មីទៀតដែរ ហើយមានកូនស្រីម្នាក់ទៀត ដែលថ្ងៃរៀបការសុគន្ធកញ្ញា នោះ កូនស្រីក្រោយរបស់លោកក៏បានទៅចូលរួមផងដែរ។ លោកថា រយៈពេល២ឆ្នាំ៧ខែ ដែលលោកបានចេញទៅរស់នៅប្រទេសអូស្រា្ដលីនោះ គឺលោកបានផ្ញើលុយកាក់ឲ្យប្រពន្ធកូនជារៀងរាល់ខែ តែក្រោយលែងលះគ្នាឆ្នាំ២០០៣នោះ លោកមិនសូវបានជួបកូនៗទេ ព្រោះម្ដាយសុគន្ធកញ្ញា បានដាក់មនោគមន៍មិនឲ្យកូនជួបឪ។

ថ្វីត្បិតតែពេលនេះ ឱក សុគន្ធកញ្ញា នៅតែមិនទាន់រកពេលវេលាជួបឪពុកក្ដី ប៉ុន្ដែតាមកម្មវិធីមួយចំនួនកន្លងមកដែលឪពុករបស់នាងរៀបចំកម្មវិធីនោះ គេកត់សម្គាល់ឃើញថា ទាំងមុននិងក្រោយពិធីនោះបញ្ចប់ លោកបូនី បានចាក់ចម្រៀងឱក សុគន្ធកញ្ញា សុទ្ធតែម្ដងកំដរភ្ញៀវ ដែលបញ្ជាក់ថា លោកស្រលាញ់កូនស្រីរបស់លោកខ្លាំងណាស់៕

RELATED ARTICLES