តារាលេងសម្រស់ធ្មេញច្រពើស រ៉េត ស៊ូហ្សាណា បានបង្ហាញសញ្ញាមានគូស្នេហ៍កាលពីខែមីនា ដែលធ្វើឱ្យប្រុសៗសម្បូរទ្រព្យទាំងឡាយ ចង់បានបេះដូងនាងជាកម្មសិទ្ធិរងការខកចិត្តយ៉ាងខ្លាំង ព្រោះថា ពេលនេះស្រីស្អាតរូបនេះមានគូជីវិតហើយ។

ដោយឡែក មន្ត្រីធំៗមួយចំនួនដែលចង់ស្ទូចបេះដូងស៊ូហ្សាណា ជាថ្នូរលុយដុល្លារនោះ ត្រូវរងបរាជ័យទាំងស្រុងតែម្តង ព្រោះអ្នកចម្រៀងហង្សមាស រូបនេះ មិនចង់ធ្វើជាកំណាន់ចិត្តប្រុសណាម្នាក់ដើម្បីលុយឡើយ…។

មន្ត្រីធំៗដែលធ្លាប់តែចង់បានស្រីស្អាតធ្វើជាកំណាន់ចិត្តលួចលាក់របស់ខ្លួន ជាថ្នូរការជះលុយដុល្លារ ផ្ទះវីឡា និងរថយន្តទំនើបៗនោះ មានតារាមួយចំនួនបានចូលទៅក្នុងទ្រុងស្នេហ៍របស់ពួកគេ ដោយមានអ្នកខ្លះ មានកូនទាំងមិនបានរៀបការ និងបាត់មុខពីអាជីពសិល្បៈទាំងស្រុងក៏មានដែរ ព្រោះមិនអាចរើខ្លួនចេញបាន។

ប៉ុន្តែបុរសៗវ័យចំណាស់ដែលចូលចិត្តជះលុយលើតារាសាច់សខ្ចីទាំងនោះ បានរងបរាជ័យចំពោះការ តាមទាក់ស្នេហ៍ស្រីស្អាតរ៉េត ស៊ូហ្សាណា ទាំងស្រុង បើទោះជាព្យាយាមយ៉ាងណា ក៏មិនអាចទៅរួច។ ចំពោះមូលហេតុដែលពួកគេមិនអាចយកបេះដូងហ្សាណា បានដូចការប៉ុនប៉ងនោះ ដោយសារតែតារាចម្រៀងហង្សមាស រូបនេះ ត្រូវបានឪពុកម្តាយតាមការពារជាប់ជាប្រចាំ និងមិនអនុញ្ញាតឱ្យនាងនិយាយទូរស័ព្ទជាមួយអ្នកណាក្រៅពីអ្នកនៅក្នុងរង្វង់សិល្បៈឡើយ។

ហ្សាណា មិនចាប់អារម្មណ៍មិត្តរួមអាជីពលេងម៉ូដរថយន្ត និងផ្ទះវីឡា ប្រជែងគ្នាទេ ដោយនាងផ្តោតលើការសិក្សាធំជាងភាពហ៊ឺហា។ ប៉ុន្តែដោយសារដឹងខ្លួនថា មានប្រុសតាមរាយអន្ទាក់ស្នេហ៍ច្រើនពេក ទើបកាលពីខែមីនា ឆ្នាំ២០២០ ហ្សាណា បានបង្ហាញសញ្ញាមានសង្សារហើយ តាមរយៈការកាន់ដៃគ្នាជាមួយគូស្នេហ៍យ៉ាងជាប់ណែន ហើយនាងថែមទាំងសំណូមពរឱ្យបុរសនោះ កុំលែងដៃនាងទៀតផង។

សកម្មភាពបែបនេះរបស់ហ្សាណា ធ្វើឱ្យប្រុសៗដែលតាមអន្ទងស្នេហានាង ចាប់ផ្តើមស្រងាកចិត្តគ្រប់គ្នា ហើយវាក៏បង្ហាញឱ្យប្រុសៗសម្បូរលុយទាំងឡាយ ដឹងថា លុយមិនអាចទិញអ្វីបានគ្រប់បែបយ៉ាងនោះទេ។

រ៉េត ស៊ូហ្សាណា បានជ្រកកោនក្រោមដំបូលហង្សមាស ជាង៤ឆ្នាំហើយ ដែលស្រីស្អាតរូបនេះមានរូបសម្រស់លេចធ្លោខ្លាំងជាងអាជីពចម្រៀងទៅទៀត ទើបធ្វើឱ្យមានការទាក់ទាញ និងល្បីឈ្មោះជាងម្ចាស់ពានមួយចំនួននៅផលិតកម្មរស្មីហង្សមាស៕
