Friday, November 28, 2025
Homeតារាខ្មែរខេម ហ៊ានចូល តែមិនព្រមធ្វើរឿងនេះជាមួយលោកឧកញ៉ា

ខេម ហ៊ានចូល តែមិនព្រមធ្វើរឿងនេះជាមួយលោកឧកញ៉ា

តារាចម្រៀងប៉ុន សុណារិទ្ទ ហៅខេម បានក្លាយទៅជាអ្នកចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដែលមានអតីតពលករមកពីកូរ៉េ លោកឡេង ណាវ៉ាត្រា ឡើងងារជាឧកញ៉ាធ្វើថៅកែផលិតកម្ម។

តាមព័ត៌មានថា ខេម បានចុះកុងត្រាជាមួយផលិតកម្មថ្មីនេះរយៈពេលយូរឆ្នាំ ព្រោះតែអ្នកចម្រៀងរូបនេះមានភាពស្និទ្ធស្នាល និងរាប់អានគ្នាជាមួយអ្នកគ្រប់គ្រងផលិតកម្មនេះ លោកយឹម តាស្រង់ ផង និងទុកគ្នាជាបងប្អូនជាមួយលោកឡេង ណាវ៉ាត្រា ផងដែរ។ ម្យ៉ាងទៀត ផលិតកម្មនេះចង់ចងជើងខេម ផង ព្រោះលេចឮថា ហង្សមាស​ក៏ពេញចិត្ត និងចង់បានអ្នកចម្រៀងរូបនេះដែរ ទើបមិនចង់បណ្ដោយឲ្យតារាចម្រៀងសំនៀងស្អករូបនេះ ទៅផលិតកម្មទី៣ឡើយ។​​

អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោកខេម កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា តែត្រូវបានបុរសម្នាក់លើកជំនួស ហើយថា ខេម កំពុងជាប់ថត​មិនអាចនិយាយបានទេ។

ដោយឡែក លោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra វិញ បានប្រាប់កាលពីថ្ងៃទី១៥ ខែកក្កដា ថា តារាចម្រៀងខេម ច្រៀងដោយគ្មានការចុះកុងតា្រជាមួយផលិតកម្មនេះឡើយ។

អតីតអ្នកនិពន្ធផលិតកម្មថោន រូបនេះ បញ្ជាក់ថា Galaxy មិនមែនធ្វើធំដុំទេ គឺទ្រង់ទ្រាយតូចសិនទេ អីចឹងបានជាមិនមានកុងត្រាជាមួយខេម។

ទោះជាយ៉ាងណា ការអះអាងបែបនេះរបស់លោកតាស្រង់ អាចជាការដាក់ខ្លួនប៉ុណ្ណោះ​ព្រោះផលិតកម្មនេះមានឧកញ៉ាជាម្ចាស់ រឿងអីដែលមិនហ៊ានចាយទុនធំចុះកុងត្រាជាមួយខេម នោះ?

ខេម ត្រូវបានទ្រនុំថ្មីនេះ តម្រូវឲ្យលោកចាប់ដៃគូច្រៀងឆ្លងឆ្លើយគ្នាជាមួយអ្នកចម្រៀងតន់ ច័ន្ទសីម៉ា ដែលអ្នកទាំង២សុទ្ធតែមានសំឡេងស្អកដូចគ្នា ហេតុនេះហើយបានជាគេថា ”ស្អក ប៉ះស្អក”ហើយ។

ការទៅដល់ទ្រនំឧកញ៉ារបស់ខេម នេះ នឹងរឹតតែធ្វើឲ្យកញ្ញាសីម៉ា អាចនឹងឡើងកូដថែមមួយក្រឺតទៀតជាមិនខាន ព្រោះបានជំនួយពីអ្នកចម្រៀងដែលមានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំងនេះ។

យ៉ាងណារហូតមកដល់ពេលនេះ គេនៅតែមិនដឹងពីមូលហេតុដែលខេម ស្ពាយបង្វេចចេញពីថោន ចូល Galaxy Navatra  នេះ​ព្រោះក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានយើងកន្លងមក ខេម ធ្លាប់អះអាងច្បាស់ៗថា លោកមានជីវភាពផ្លាស់ប្ដូរពីអ្នករត់ម៉ូតូធឌុប ទៅជាមានផ្ទះ និងរថយន្ដទំនើបជិះ ហើយត្រូវបានបងប្អូនស្គាល់នៅពេលនេះ គឺដោយសារតែថោន អីចឹងលោកគ្មានគំនិតទៅផលិតកម្មណាផ្សេងទេ ហើយបើទៅច្រៀងនៅផលិតកម្មថ្មី​ទាល់តែថៅកែថោន ដេញលោកចេញលែងឲ្យច្រៀង ទើបលោកព្រមទៅ។

ដោយសារតែខេម ធ្លាប់តាំងចិត្តយ៉ាងមុតមាំបែបនេះហើយ ទើបមានចម្ងល់ថា តើខេម ចេញពីថោន ដោយសារតែថៅកែដេញមែន ឬមួយលោកដើរចេញដោយខ្លួនឯងទៅ? ខេម មិនទាន់ផ្ដល់ចម្លើយរឿងទាំងនេះទេ ព្រោះទូរស័ព្ទចូលមិនលើក និងពេលខ្លះមានអ្នកលើកជំនួស ហើយថា រវល់ថត៕ ហ៊ឹម វិចិត្រ

RELATED ARTICLES