ក្រោយលែងប្ដីជិត៤ឆ្នាំ ទីបំផុត អ្នកមេម៉ាយពេជ្រ សោភា ទទួលបានបទពោសោធន៍ក្នុងជីវិតរស់នៅម្នាក់ឯង ទោះជាកាយារងាយ៉ាងណា ក៏សោភា អះអាងថា មេម៉ាយ គឺជីវិតពោរពេញទៅដោយសេរីភាពគ្មានអ្វីអាក្រក់នោះទេ។ នាងបានដាក់សំណួរមកអ្នកយកព័ត៌មានយើងថា ”តើមេម៉ាយមានអីមិនល្អទៅ?”។

សោភា ប្រាប់ថា ពេលនេះសិទ្ធិសេរីភាពមានបរិបូរណ៌ ចង់ទៅណាតាមចិត្ត គ្មានអ្នកណារំខាន ចឹងនាងមិនតូចចិត្តដែលធ្លាក់ខ្លួនក្លាយទៅជាស្រីមេម៉ាយនោះទេ។ នាងថា ពេលនេះនាងគេងនៅបន្ទប់តែម្នាក់ឯង គ្មានគូស្នេហ៍រួមដំណេកជាមួយឡើយ។

ប៉ុន្ដែគេមិនដឹងថា តើការអះអាងរបស់សោភា នេះជាការពិតមែនឬយ៉ាងណាទេ ព្រោះចំណងស្នេហានាងជាមួយប្រុសក្មេងឆឹម សក្កដា ដូចក្រុមគ្រួសារតែមួយទៅហើយ ខណៈដែលសក្កដា បានចេញចូលផ្ទះនាងទាំងយប់អធ្រាត្រដូចផ្ទះរបស់គេដែរ។

ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយបានលែងលះគ្នាកាលពីឆ្នាំ២០១៦ ដោយមិនដឹងមូលហេតុ តែសោភា ធ្លាប់និយាយថា គ្មានស្រីណាម្នាក់ចង់ជួប ”ទុក្ខស្រីប្ដីកាន់លុយ” នោះទេ។ នាងថា សម័យនេះទៅហើយ មិនមែនរើសគូខុសម្ដងខុសមួយជីវិតនោះទេ គឺខុសម្ដងចាប់ផ្ដើមសាជាថ្មីម្ដងទៀត។

ទោះជាយ៉ាងណា ពេជ្រ សោភា មិនបញ្ជាក់ថា នាងនឹងចូលរោងការជាលើកទី២ នៅពេលណាឡើយ ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០១៩ នាងបានដឹកដៃលោកសក្កដា ទៅថត Pre-Wedding និងថែមទាំងកុម្ម៉ង់គ្រឿងអលង្ការសម្រាប់ថ្ងៃពិសេសរបស់នាងទៀតផង។

ប៉ុន្តែពេលត្រូវសួររឿងរៀបការលើកទី២នោះ សោភា នៅតែនិយាយបែបលាក់លៀមថា នាងគ្មានគម្រោងការប្ដីម្ដងទៀតទេ។ នាងថា សុខចិត្តសាងស្នេហ៍ដោយមិនបើកចំហ ហើយរឿងនាងនិងសក្កដា ស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាសិន។ នាងថា ពេលនេះនាងនិងសង្សាររស់នៅផ្ទះផ្សេងគ្នា មិនមែននៅបន្ទប់ជាមួយគ្នាទេ៕
