រយៈពេលចុងក្រោយនេះ តារាហ្វេសប៊ុក អ្នកនាង Love Riya ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា បានបំភ្លៃការពិត ដោយបាននិយាយបំផ្លើសថាចោរលួចអស់លុយ30ម៉ឺនដុល្លារ ទាំងនាងមិនបាត់មួយរៀលសោះ ព្រោះតែចង់ល្បី និង រិះគន់រឿងអ្នកនាងប្រើឡាន Rolls-Royce តម្លៃខ្ទង់លានដុល្លារ តែរស់នៅផ្ទះមិនសមនឹងឡាននោះទាល់តែសោះ។

ជាមួយនឹងការរិះគន់នេះ អ្នកនាងបានចេញមុខបំភ្លឺ និងស្នើឲ្យអ្នករិះគន់ក្រឡេកមើលឲ្យគ្រប់ជ្រុងក្នុងវីដេអូ Live របស់អ្នកនាងម្ដងទៀត នៅពេលអ្នកនាងនិយាយថា បាត់លុយអស់30ម៉ឺនដុល្លារនោះ។
Love Riya និយាយថា នៅក្នុងវីដេអូដែលអ្នកនាងប្រកាសថាបាត់លុយ មិនមែនក្នុងបំផុសធ្វើឲ្យសង្គមមានការចលាចលដូចការរិះគន់នោះទេ តែគឺអ្នកនាងចង់និយាយបំភ័យក្រុមចោរ និងចង់ឲ្យចោរដែលយកបានទូដែកអាតូចរបស់អ្នកនាងទៅ ដែលនៅក្នុងទូដែកនោះអត់មានលុយសោះ ចូលមកតវ៉ា និងចេញមុខបង្ហាញអត្តសញ្ញាណ។

អ្នកនាងLove Riya បន្តថា មហាជនភាគច្រើនមើលតែដើមវីដេអូ ដែលអ្នកនាងនិយាយថា បាត់លុយ30ម៉ឺនដុល្លារប៉ុណ្ណោះ តែនៅផ្នែកខាងចុងឃ្លីបដែលអ្នកនាងនិយាយថា នៅក្នុងទូរដែកនោះអត់មានលុយទេ និងថាអត់បាត់អ្វីទេ ក្រោយពេលមកដល់ផ្ទះ គឺអត់មានអ្នកណាលើកមកនិយាយសោះ។
អ្នកនាងបន្តទៀតថា បើខ្លួនចង់បំពុលសង្គម ឬចង់ល្បី ដោយកុហកគេថាបាត់លុយដើម្បីចង់ល្បី តើនាងចាំបាច់ត្រូវឆ្លើយនៅផ្នែកខាងចុងឃ្លីបថា អត់មានបាត់អ្វី និងលក់ឡេកើតទេ នៅពេលបើកទូដែកធំហើយ មិនឃើញបាត់អីនោះ។ អ្នកនាងថា អ្នកចោទថានាងបំពុលសង្គម និងថាអ្នកនាងកុហករឿងបាត់លុយ គឺអ្នកមិនមើលវីដេអូរបស់អ្នកនាងឲ្យចប់ ដោយមើលតែដើមវីដេអូ ហើយក៏ចែកចាយគ្នាដើម្បីរិះគន់តែម្ដង។

អ្នកនាង Riya នៅតែអះអាងថា បើអ្នកនាងចង់បំពុលសង្គម តើអ្នកនាងនិយាយថាមិនបាត់អ្វីទេនៅខាងចុងឃ្លីបវីដេអូធ្វើអី? ហើយបើអ្នកនាងចង់ល្បីព្រោះតែរឿងកុហកថាបាត់លុយមែន តើចាំបាច់អីដែលអ្នកនាងឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនអត់បាត់អ្វីទេក្រៅពីទូដែកទទេមួយ និងបានប្រាប់អ្នកគាំទ្រតាំងពីដើមថា អត់បាត់អ្វីទេ។ យ៉ាងណាអ្នកនាងបញ្ជាក់ថា អ្នករិះគន់ទំនងជាមើលមិនចប់ឃ្លីប និងអាចមកពីពេលអ្នកនាងបកស្រាយថា អត់មានបាត់អ្វីនៅក្នុងឃ្លីប គឺនិយាយមិនលម្អិត។

អ្នកនាងបន្ថែមថា ការលើកឡើងក្នុងវីដេអូដំបូងរបស់អ្នកនាងមានគោលបំណងតែម្យ៉ាងគត់ គឺចង់្យចោរដែលលួចទូដែកយកទៅហើយមិនមានលុយក្នុងនឹង ឲ្យចេញតវ៉ា ស្របពេលដែលអ្នកនាងដឹងថា កាមេរ៉ាសុវត្ថិភាព ក៏ថតមិនបាន ព្រោះតែអ្នកនាងបិទប៉ារ៉ែតភ្លើង។ តែអ្នកនាងក៏បានបកស្រាយនៅក្នុងវីដេអូឃ្លីបដែរ គឺមិនមែនប្រកាសថាបាត់ហើយ មិនមានការបកស្រាយនោះទេ។
ក្នុងវីដេអូ Live ក្រោយៗ អ្នកនាងក៏បកស្រាយថាមិនបាត់អ្វីផងដែរ គឺមិនមែនទាល់តែក្រុមសមត្ថកិច្ចមកធ្វើការសាកសួរ ទើបអ្នកនាងសារភាពថាអត់បាត់ដូចការយល់ច្រលំឡើយ។

ជាមួយនឹងការរិះគន់ថា អ្នកនាងជិះឡានថ្លៃមិនសមនឹងផ្ទះ អ្នកនាងបញ្ជាក់ថា អ្នកនាងមិនអត់លទ្ធភាពក្នុងការទៅរស់នៅផ្ទះវីឡាឲ្យសមនឹងតម្លៃឡាននោះទេ ប៉ុន្តែគឺមកពីអ្នកនាងមិនចង់ទៅរស់នៅឆ្ងាយពីកូនចៅ និងម្យ៉ាងមកពីក្នុងផ្ទះនោះគឺមានបន្ទប់ច្រើនសម្រាប់្យកូនចៅស្នាក់នៅ ហើយបើទៅនៅកន្លែងថ្មី កូនចៅខ្លះទៅតាមមិនកើត ទើបអ្នកនាងនៅបន្តរស់នៅផ្ទះនោះ។

អ្នកនាងបន្ថែមទៀតថា ផ្ទះនោះជាផ្ទះកក់ក្ដៅ និងធ្វើឲ្យអ្នកនាងមានបាន ហើយដោយសារតែរស់នៅទីនោះ មិនធ្លាប់មានផលរមាស់ដូចចោរគាស់ផ្ទះម្ដងនោះផង ទើបអ្នកនាងមិនទៅណា។ ក្រោយហេតុការណ៍នេះ អ្នកនាងក៏មិនទាន់ច្បាស់ថាគួររើកន្លែងទៅចោលកូនចៅមួយចំនួន ឬបន្តរស់នៅផ្ទះនោះទេ បើទោះជាអ្នកខ្លះរិះគន់ថា អ្នកនាងរស់នៅផ្ទះមិនសមតម្លៃឡាន។
អ្នកនាងបញ្ជាក់ថា ទោះអ្នកមានផ្ទះតូចជាងអ្នកនាង តែអ្នកទាំងនោះ ក៏អាចទិញឡានថ្លៃជិះបានដែរ ឲ្យតែគេស្រលាញ់ គឺមិនគួរយកមកធ្វើជាការរិះគន់ ដើម្បីជាន់ពន្លិចគ្នាបែបនេះទេ។

Love Riya ថា នាងក៏សុំទោសលោកស្នងការខេត្តកណ្ដាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ ចំពោះផលវិបាកដោយសារតែអ្នកមិនស្ដាប់វីដេអូនាងដល់ចុងឃ្លីប នាំឲ្យរំខានដល់សម្ថកិច្ចបែបនេះ៕