
ភ្នំពេញ ៖ ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោក រស់ សារ៉ុម បានផ្ដល់ដំណោះស្រាយជូនសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងវិបត្តិប្រេងឡើងថ្លៃ ដោយលោកបានលើកឡើង ៤ចំណុច រួមមាន ការធានាវិស័យឧស្សាហកម្ម សេវាកម្ម រក្សាស្ថិរភាពផលិតកម្ម និងការប្រកួតប្រជែង ការធានាឲ្យកសិករ អាចចាប់ផ្ដើមរដូវកាលដាំដុះ បង្កបង្កើនផល និងការធានាដំណើរការជីវភាពពលរដ្ឋ ជាប្រក្រតី ជាដើម ។
លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ថា “យប់មិញ ពេលធ្វើដំណើរតាមដងផ្លូវ គ្រប់ស្ថានីយប្រេងតូចធំ តម្លៃហ្គាស់ ប្រកាសជាទូទៅ ស្របតម្លៃទីផ្សារអន្តរជាតិ ដូចសាំង និងម៉ាស៊ូត យោងតាមសំណូមពរពលរដ្ឋ ខ្ញុំបានលើកករណីនេះ គោរពជូនជាយោបល់ ដល់សម្តេចធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងយន្តការមួយចំនួន ដើម្បីដោះស្រាយវិបត្តិប្រេងឡើងថ្លៃ។ អ្វីដែលខ្ញុំសំណូមពរបងប្អូនជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពយើង ។ យើងនឹងឆ្លងផុតគ្រប់អន្តរកាល ឆ្ពោះនាំជាតិនិងប្រជាជន រុងរឿង ភ្លឺស្វាង“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ថា តាមរយៈលេខាធិការដ្ឋានក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកបានដាក់លិខិតជាផ្លូវការ ទៅសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គោរពអនុញ្ញាតផ្តល់នូវទស្សនទាន អំពីការយន្តការដោះស្រាយវិបត្តិប្រេងឡើងថ្លៃ នៅកម្ពុជា ដោយផ្ដល់ធាតុចូលជូនរាជរដ្ឋាភិបាល នូវចំណុចជាច្រើន ពាក់ព័ន្ធនឹងវិស័យដែលរងផលប៉ះពាល់ពីវិបត្តិប្រេងឥន្ធនៈ ។ ជាមួយនេះ លោកក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ ឯករាជ្យ សន្តិភាព សេដ្ឋកិច្ច សាមគ្គីភាពផ្ទៃក្នុង រឹតតែល្អប្រសើរ ប្រឈមមុខនឹងបរទេសឈ្លានពាន ការដោះស្រាយបញ្ហាព្រំដែន និងជនភៀសសឹក រួមទាំងវិបត្តិប្រេង ដោយឈ្លាសវៃបំផុត ។

លិខិតរបស់ប្រតិភូគណបក្សសន្តិភាពជាតិ នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លេខ ០១០/២៦ គ.ស.ជ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលលោក រស់ សារ៉ុម បានប្រគល់មកឲ្យ “នគរធំ” ចុះផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានចំណាយពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រួចហើយ មានខ្លឹមសារដូចខាងក្រោម ៖
សូមគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
តាមរយ ៖ ឯកឧត្ដមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។
កម្មវត្ថុ ៖ សូមគោរពអនុញ្ញាតផ្តល់នូវទស្សនទាន អំពីយន្តការដោះស្រាយវិបត្តិប្រេងឡើងថ្លៃនៅកម្ពុជា ។
យោង ៖ -សេចក្តីជូនដំណឹងលេខ១១២៩ ព.ណ.អឯទ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម
-សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
-លិខិតលេខ ០១៣/២៦ ក.ប/ស.ជ.ណ .ក.ជ.ប.អ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ រស់ សារ៉ុម ប្រធានប្រតិភូគណបក្សសន្តិភាពជាតិ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពជម្រាបជូនសម្ដេចមហាបវរធិបតី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា វិបត្តិថាមពលឡើងថ្លៃ ជាសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរមួយជាន់ទៀតរបស់កម្ពុជា ដែលវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់បញ្ចប់នៅឡើយ។ វិបត្តិថាមពល នឹងទាញឆាប់ៗ បង្កើតឲ្យមានអតិផរណាខ្ពស់ លើគ្រប់មធ្យោបាយនិងទំនិញ ដែលបង្កការលំបាករឹតតែខ្លាំង សម្រាប់ជាតិ និងប្រជាជន ក្នុងពេលនេះ។ ជាក់ស្ដែង តម្រូវការប្រេងប្រទេសកម្ពុជាយើងបច្ចុប្បន្ន ប្រហែល ៧៦,០០០បារ៉ែល ក្នុង ១ថ្ងៃ ហើយក្នុងនោះ ប្រេងម៉ាស៊ូត មានចំនួនស្មើ ២ដង នៃចំនួនប្រេងសាំង ខណៈទីផ្សារអន្តរជាតិ ប្រេងម៉ាស៊ូត កើនរហូត ១៩១ដុល្លារអាមេរិក ក្នុង ១បារ៉ែល ហើយប្រេងសាំង កើនរហូត ១៣១ដុល្លារ ក្នុង១បារ៉ែល ការកើននេះ មិនទាន់មាននិន្នាការថយចុះឡើយ។ ចំណែកឧស្ម័នហ្គាស់ (LPG) តម្រូវការក្នុងប្រទេសកម្ពុជាយើងប្រហែល ១៣,៥ពាន់បារ៉ែល ក្នុងមួយថ្ងៃ ក្នុងនោះ វិស័យលំនៅឋាន ៣៩% អាជីវកម្មនិងសេវាកម្ម (៣៧%) និងដឹកជញ្ជូន ២០%។ តម្លៃហ្គាស់ មានការកើនឡើងស្មើគុណនឹង២ ផងដែរ។

ក្នុងការចូលរួមដោះស្រាយវិបត្តិថាមពលនេះ ប្រតិភូគណបក្សសន្តិភាពជាតិ សូមផ្តល់នូវធាតុចូលដូចតទៅ ៖
១. ការធានាវិស័យឧស្សាហកម្ម សេវាកម្ម រក្សស្ថិរភាពផលិតកម្ម និងការប្រកួតប្រជែង
វិស័យឧស្សាហកម្ម សេវាកម្ម ជាឆ្អឹងខ្លាំងសេដ្ឋកិច្ចកម្ពុជា គ្របដណ្ដប់ប្រហែល ៤២.៥០% នៃ GDP របស់ប្រទេសកម្ពុជាយើង ដូច្នេះការធានាឱ្យដំណើការវិស័យឧស្សាហកម្ម សេវាកម្ម ពិតជាមានសារសំខាន់ណាស់។ តើធ្វើដូចម្ដេច ដើម្បីឲ្យវិស័យឧស្សាហកម្ម សេវាកម្ម អាចទៅមុខរួច?
ក.រដ្ឋ ត្រូវតែជួយអន្តរាគមន៍ដោយផ្ទាល់ ៖ ការរក្សាតម្លៃថាមពលថេរ ការបញ្ចុះតម្លៃពិសេសសម្រាប់វិស័យឧស្សាហកម្ម សេវាកម្ម ការបន្ធូរបន្ថយពន្ធ ដូចខាងក្រោម ៖
១.ការអន្តរាគមន៍លើពន្ធដារ ៖ ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការមួយចំនួន ដូចជាការបញ្ចុះតម្លៃ ៦,៥សេនដុល្លារ/លីត្រ ពន្ធគយ ០ (សូន្យ) ដុល្លារ បញ្ចុះអាករបន្ថែម សាំង និងម៉ាស៊ូត ០(សូន្យ) ដុល្លារ បញ្ចុះអាករពិសេស លើប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែម ប្រេងសាំង និងប្រេងម៉ាស៊ូត ពី១០% មក ៤% និងការជួយឧបត្ថម្ភថ្លៃធ្វើដំណើរកម្មករ ២.៥$/ខែ រួមទាំងវិធានការសន្សំសំចៃអង្គភាពស្ថាប័នរដ្ឋ ការឆ្លុះពន្ធអាកររថយន្តអគ្គិសនីសុទ្ធ (EV) ពី ៣៥% មក ០% រថយន្តអគ្គិសនីលាយសាំង ពី ៣៥% មក ៧% និងពន្ធនាំចូលគ្រឿងបន្លាស់រថយន្តអគ្គិសនី សម្ភារៈអគ្គិសនី មក ០% ហើយចុងក្រោយនេះ បានកាត់បន្ថយពន្ធអាករពិសេស ប្រេងសាំង ពី ៣០% មក ១៥% ទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគឺមិនទាន់ឆ្លើយតបលើស្ថានការណ៍ជាក់ស្តែង ដែលតម្លៃថាមពល បន្តកើនឡើងជាលំដាប់ អតិផរណា ហក់ឡើងខ្ពស់ ក្នុងពេលដ៏ខ្លីខាងមុខ ដូច្នេះប្រតិភូគណបក្សសន្តិភាពជាតិ យល់ឃើញថា តម្លៃទីផ្សារប្រេងឆៅអន្តរជាតិ ប្រែប្រួលក្នុងកម្រិតគ្រប់គ្រងបាន ការលុបចោលអាករលើតម្លៃបន្ថែម មក ០% សម្រាប់តម្លៃប្រេងសាំង និងម៉ាស៊ូត ក្នុងពេលអន្តរកាល ហើយរក្សាទុកអាករពិសេស ត្រឹម ១០% ចំពោះប្រេងសាំង គឺជាមធ្យោបាយល្អ ដើម្បីឱ្យរដ្ឋ និងពលរដ្ឋ អាចឆ្លងផុតដំណាក់កាលវិបត្តិប្រេងសកល បានដោយជោគជ័យ។
២. គោលនយោបាយសន្សំសំចៃថាមពល ៖ រាជរដ្ឋាភិបាលកម្ពុជា គួរបង្កើតយន្តការបន្ថែម ដើម្បីឲ្យវិស័យរដ្ឋនិងឯកជន ធ្វើយ៉ាងណាឱ្យការសន្សំសំចៃថាមពល មានប្រសិទ្ធភាព។
៣. ការគាំពារសង្គម និងការគ្រប់គ្រងទីផ្សារ ៖ ការគាំទ្រកម្មករនិយោជិត តាមរយៈការឧបត្ថម្ភថ្លៃធ្វើដំណើរ និងការត្រួតពិនិត្យស្តុក និងតម្លៃថាមពលប្រេងសាំង និងម៉ាស៊ូត មានតម្លាភាពជារឿងល្អប្រសើរ ហើយការគ្រប់គ្រងទីផ្សារលក់រាយលើទំនិញចាំបាច់ ជីវភាពប្រចាំថ្ងៃ រដ្ឋត្រូវធ្វើជាប្រចាំ ចៀសវាងការឡើងថ្លៃទំនិញ ស្រេចតែចិត្តរបស់ឈ្មួញឱកាសនិយម។
៤. ការកំណត់តម្លៃឧស្ម័នហ្គាស់ (LPG) ដូចប្រេងសាំង និងម៉ាស៊ូត ៖ ឧស្ម័នហ្គាស់ (LPG) ជាចំណែកថាមពលមួយដ៏សំខាន់ មិនអាចខ្វះបានដែរ តម្រូវការក្នុងប្រទេសកម្ពុជាយើងប្រហែល ១៣,៥ពាន់បារ៉ែល ក្នុងមួយថ្ងៃ ក្នុងនោះ វិស័យលំនៅឋាន ៣៩% អាជីវកម្មនិងសេវាកម្ម (៣៧%) និងដឹកជញ្ចូន ២០%។ តម្លៃហ្គាស់ មានការកើនឡើងស្ទើរគុណនឹង២ ផងដែរ ហើយតម្លៃលក់លើទីផ្សារ ខុសៗគ្នា ចន្លោះពី ៣២០០៛ ទៅ ៤៥០០៛ ក្នុងមួយលីត្រ។ បញ្ហាហ្គាស់ ឡើងថ្លៃនេះ ប៉ះពាល់ខ្លាំងជាងគេ អ្នកប្រកបរបរដឹកជញ្ចូន រកមួយថ្ងៃ រស់មួយថ្ងៃ ដូចជា អ្នករត់ម៉ូតូកង់បី និងអាជីវករអាហារដ្ឋាន ជាដើម ។ល។ រាជរដ្ឋាភិបាល គួរលុបចោលពន្ធនាំចូល 0% និងពន្ធអាករលើតម្លៃបន្ថែម ០% ក្នុងពេលអន្តរកាលនេះផងដែរ។
ខ. លើកទឹកចិត្តវិនិយោគថាមពលកកើតឡើងវិញ ៖ គិតត្រឹមដើមឆ្នាំ២០២៦ កម្ពុជា សម្រេចបាននូវការប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦៣ភាគរយ នៃថាមពលសរុប ។ ក្នុងនោះ ថាមពលអគ្គិសនី មានសមត្ថភាពផលិតបានរហូតដល់ ១,៧៩៦មេហ្គារ៉ាត់ ថាមពលព្រះអាទិត្យ មានសមត្ថភាពផលិតបាន ៨២៧មេហ្គាវ៉ាត់ ហើយរោងចក្រផលិតអគ្គិសនីថាមពលព្រះអាទិត្យ មួយទៀត ដែលត្រូវភ្ជាប់បណ្តាញជាតិ ក្នុងខែមីនា ឆ្នាំ២០២៦ នេះ អាចផលិតថាមពលរហូត ៩៣០មេហ្គាវ៉ាត់ ថាមពលខ្យល់ ក្នុងខេត្តមណ្ឌលគិរី ដែលរដ្ឋ មានបំណងដាក់ឱ្យដំណើការ ក្នុងឆ្នាំ២០២៦ រួមទាំងថាមពលជីវម៉ាស មួយចំនួនទៀត។ នេះជាជោគជ័យមួយរបស់កម្ពុជា បើទោះបីតម្លៃប្រេងឡើងថ្លៃ ប៉ុន្តែថាមពលអគ្គិសនី អាចធានាបាន។ ទោះជាយ៉ាងនេះក្តី កម្ពុជា មិនទាន់អស់សក្តានុពលនៅឡើយ លើការផលិតថាមពលស្អាត កម្ពុជា គួរខិតខំយ៉ាងណា សម្រេចឱ្យបានការប្រើប្រាស់ថាមពលស្អាត យ៉ាងតិច ៨០% នៃថាមពលសរុប។

ត្រង់ចំណុចនេះ ប្រតិភូគណបក្សសន្តិភាពជាតិ សូមបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល បានសម្រេចដោយជោគជ័យ និងដាក់ឱ្យដំណើការរួចហើយ ថាមពលស្អាត រហូត៦៣% នៃថាមពលសរុប ហើយអ្វីដែលប្រតិភូ ចង់បញ្ជាក់ គឺរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ត្រូវពន្លឿនគម្រោងដែលជិតរួចរាល់ ដូចជារោងចក្រផលិតអគ្គិសនីថាមពលព្រះអាទិត្យ កម្លាំង ៩៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ ដែលត្រូវតភ្ជាប់បណ្តាញជាតិ ខែមីនា ឆ្នាំ២០២៦ នេះ ឱ្យសម្រេចបានតាមផែនការកំណត់ រួមទាំងរោងចក្រថាមពលខ្យល់ ក្នុងខេត្តមណ្ឌលគិរី ដែលរដ្ឋ ដាក់ឱ្យដំណើការ ឆ្នាំ២០២៦ ត្រូវខិតខំឱ្យសម្រេចតាមផែនការ ព្រោះវិបត្តិថាមពលសកលនេះ នឹងអូសបន្លាយយ៉ាងតិច ៦ខែ ទៅមុខ បើទោះបីសង្គ្រាមមជ្ឈិមបូព៌ា បញ្ចប់ក៏ដោយ។ តាមការបញ្ចាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា ប្រើថាមពលស្អាត ៦៣% ធ្យូងថ្ម ជាង ៣០% និងប្រេងម៉ាស៊ូត ៥% ។ ចង់មិនចង់ តម្លៃថាមពលអគ្គិសនី នឹងកើនក្នុងរង្វង់ ៣០%ទៅ ៤០% រដ្ឋ ត្រូវត្រៀមឧបត្ថម្ភទុនបម្រុង ដើម្បីរក្សាតម្លៃអគ្គិសនីថេរ។
២. ការធានាឲ្យកសិករ អាចចាប់ផ្ដើមរដូវកាលដាំដុះ បង្កបង្កើនផល
ភាពរីកចម្រើនវិស័យកសិកម្ម កសិករកម្ពុជា ស្ទើរតែទាំងស្រុង ប្រើប្រាស់គ្រឿងយន្ត ដូច្នេះ បញ្ហាប្រេងឡើងថ្លៃ ជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កសិករ រាជរដ្ឋាភិបាលកម្ពុជា គួរពិនិត្យ ៖
-ការជួយអន្តរាគមន៍ពីរដ្ឋ ៖ បញ្ចុះតម្លៃអគ្គិសនីពិសេស សម្រាប់កសិករលក្ខណៈគ្រួសារ។
-មូលនិធិគាំទ្រកសិកម្ម រដ្ឋត្រូវជួយគិតធ្វើយ៉ាងណា ឱ្យកសិករ មានលទ្ធភាពទិញប្រេង និងគ្រាប់ពូជ ក្នុងពេលវិបត្តិរឹតតែតានតឹងខ្លាំងកម្រិតអាសន្ន។
មូលនិធិគាំទ្រកសិកម្ម ត្រង់ចំណុចនេះ ប្រតិភូគណបក្ស យល់ឃើញថា ប្រេងម៉ាស៊ូត ប្រើប្រាស់ច្រើនខ្លាំងក្នុងវិស័យកសិកម្ម ប្រហែល ៣% នៃថាមពលសរុប ទូទាំងប្រទេស ការលុបចោលពន្ធអាករតម្លៃបន្ថែមទាំងស្រុង ដល់ ០% សម្រាប់គោលដៅកសិកម្ម (មិនផ្តល់ជូនទូទៅ) អាចជួយសម្រាលបន្ទុកកសិករ ហើយដើម្បីទប់ទល់ថ្លៃដើម កើនឡើងខ្ពស់ ការពង្រឹងទីផ្សារលក់ផលិតផលកសិកម្ម មានតម្លៃស្របគ្នា អាចជួយសម្រាលបន្ទុកសិករបាន។
៣. ការធានាដំណើរការជីវភាពពលរដ្ឋជាប្រក្រតី
វិបត្តិប្រេងនេះ យ៉ាងតិច ៦ខែ ទើបវិលមករកប្រក្រតីវិញ ការស្ដារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពពលរដ្ឋ ជារឿងចាំបាច់បំផុត ដើម្បីធានាជីវភាពរស់នៅយូរអង្វែង រដ្ឋ ត្រូវតែត្រៀមរៀបចំដកកញ្ចប់ថវិកាជាតិបម្រុងសម្រាប់ស្រោចស្រង់វិបត្តិប្រេងករណីចាំបាច់។ រាជរដ្ឋាភិបាលកម្ពុជា គួរយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដូចខាងក្រោម ៖
-ការផ្លាស់ប្តូរទម្លាប់របស់ពលរដ្ឋ ៖ ការលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី កាត់បន្ថយជាអតិបរមា ការបើប្រាស់រថយន្តសាំង ឬម៉ាស៊ូត ជជុះ មិនត្រឹមជួយសន្សំសំចៃ និងបរិស្ថានស្អាតនោះទេ រដ្ឋ ថែមទាំងរកចំណូលបានយ៉ាងច្រើន រួមទាំងការធានានិរន្តរភាពការបង្កើតវិនិយោគបន្ថែមលើថាមពលស្អាតរឹតតែខ្លាំង។

ត្រង់ចំណុចនេះ ប្រតិភូគណបក្សសន្តិភាពជាតិ សូមផ្តល់ធាតុចូល ជូនរាជរដ្ឋាភិបាលដូចខាងក្រោម ៖
ក. លុបចោលពន្ធនាំចូលរថយន្តអគ្គិសនី (EV) ទាំងស្រុង ០% និងរថយន្តអគ្គិសនីលាយសាំង ពន្ធរក្សាទុកត្រឹម ៥% ហើយគ្រឿងបន្លាស់ រួមទាំងអាគុយរថយន្តអគ្គិសនី ពន្ធ ០% នោះតម្លៃរថយន្តអគ្គិសនី នឹងធ្លាក់ចុះប្រមាណ ២០% ទៅ៣០% ហើយពលរដ្ឋខ្មែរ នឹងផ្លាស់ប្តូរទម្លាប់ពីប្រើរថយន្តមួយទឹក គុណភាពមានកម្រិត មកប្រើរថយន្តថ្មី ខ្លាញ់គោអគ្គិសនីវិញ ហើយរដ្ឋអាចទាញចំណូលពីថាមពលស្អាតក្នុងស្រុកវិញ កាត់បន្ថយប្រេងសាំង និងម៉ាស៊ូត នាំចូល។ តាមការសិក្សាស្រាវជ្រាវ បច្ចុប្បន្នពលរដ្ឋខ្មែរ ភាគច្រើន (វណ្ណៈកណ្ដាល ឬអ្នកមានជីវភាពមធ្យម) អាចមានលទ្ធភាពទិញរថយន្ត មានតម្លៃចន្លោះ $១៨ ០០០ ទៅ $២៥ ០០០។ លទ្ធភាពនេះ បើរដ្ឋលុបចោលពន្ធដូចខាងលើ ពលរដ្ឋនឹងងាកមកប្រើរថយន្តអគ្គិសនីយ៉ាងច្រើន ព្រោះគុណភាពខ្ពស់ តម្លៃសមរម្យ និងសន្សំសំចៃច្រើន ហើយអត្រាការប្រាក់រំលស់ ថោកសមរម្យ ៧% ទៅ ១០% ក្នុង១ឆ្នាំ មានការធានាត្រឹមត្រូវ ៨ឆ្នាំ ។
ខ. ការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគលើក្រុមហ៊ុនដំឡើងរថយន្តអគ្គិសនីក្នុងស្រុក ការលើកលែងពន្ធលើប្រាក់ចំណូលក្នុងពេលសមរម្យ ចន្លោះពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងការលើកលែងពន្ធនាំចូលគ្រឿងបន្លាស់ គឺរឹតតែធ្វើឱ្យតម្លៃរថយន្តអគ្គិសនី គុណភាពល្អ ធ្លាក់ចុះតម្លៃសមរម្យ ហើយពលរដ្ឋបច្ចុប្បន្ន ចូលចិត្តបើរថយន្តជជុះ ក៏ដោយសារគ្រឿងបន្លាស់ថោក និងស្រួលរកទិញ ដូច្នេះបើរថយន្តអគ្គិសនី តម្លៃសមរម្យនិងងាយស្រួលប្តូរគ្រឿងបន្លាស់ ពលរដ្ឋនឹងផ្លាស់ប្តូរទម្លាប់ពីប្រើរថយន្តជជុះ មកប្រើរថយន្តអគ្គិសនីថ្មីវិញ ខណៈក្នុងពេលបច្ចុប្បន្ន រថយន្តអគ្គិសនីខូច ត្រូវទុករថយន្តចោល ហើយក្រុមហ៊ុនរថយន្ត ទៅដឹកយកមកជួសជុល ខាតប្រាក់ និងពេលវេលា ឥតប្រយោជន៍ ប៉ះពាល់សតិអារម្មណ៍អ្នកប្រើ និងអ្នកមិនទាន់ហ៊ានប្រើ ប៉ុន្តែករណីខូចបែបនេះ មានអត្រាក្រោម ៥% ហើយក្នុងការធានា ក្រុមហ៊ុនប្តូរថ្មី ជូនអតិថិជន ដោយមិនគិតថ្លៃ ជាទំនុកចិត្តថ្មី សម្រាប់អ្នកបើប្រាស់រថយន្តអគ្គិសនី។
គ.ការតាមដានព័ត៌មាន និងគោលនយោបាយរាជរដ្ឋាភិបាល ករណីពិសេស ៖ ការធ្វើបច្ចុប្បន្នភាពតម្លៃប្រេង ៣ថ្ងៃម្តង ពិតជាល្អណាស់ ផ្សព្វផ្សាយលើកទឹកចិត្តពលរដ្ឋ ចាក់ប្រេងតាមស្ថានីយគោរពច្បាប់ ហើយបើតម្លៃប្រេងសាំងធម្មតា កើនលើស ៦០០០៛ និងម៉ាស៊ូត កើនលើស ៨០០០៛ ក្នុង១លីត្រ រដ្ឋ គួរកាត់ពន្ធអាករគ្រប់ប្រភេទ លើតម្លៃថាមពលសាំង និងម៉ាស៊ូត ទាំងស្រុង ឬរដ្ឋ អាចដកទុនបម្រុង ចេញខាត ខ្ទង់ ៥៤.៥លានដុល្លារអាមេរិក ក្នុង ១ខែ ដើម្បីទប់តម្លៃប្រេង។ វិធាននេះ មិនត្រូវអនុវត្តឆាប់ពេកទេ ត្រូវពិនិត្យមើលស្ថិរភាពតម្លៃទីផ្សារប្រេង និងវិបត្តិតំបន់មជ្ឈិមបូព៌ា ចប់ពេលណា? ព្រោះការចេញខាត មានមានទំហំរហូត ៥% នៃថវិកាចំណាយប្រចាំឆ្នាំ២០២៦ អាចបង្កើតឲ្យមានឱនភាពថវិកាជាតិខ្លាំង និងទាញទម្លាក់កំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ មួយវិញទៀត ចំពោះការគិតគូរបង្កើតអាជីវកម្មអណ្តូងប្រេងក្នុងប្រទេសកម្ពុជា គួរកុំទាន់យកពេលគិតធ្វើអ្វីពេលនេះ ព្រោះតម្រូវការថាមពលប្រេង ក្នុងប្រទេសកម្ពុជា នៅតិច អណ្ដូងប្រេង១ អាចផលិតបានរហូតដល់ ២០ម៉ឺនបារ៉ែលក្នុង ១ថ្ងៃ យ៉ាងតិច ខណៈប្រទេសយើង ទើបមានតម្រូវការត្រឹម ៧,៦ម៉ឺនបារ៉ែល ក្នុង ១ថ្ងៃ យើងគួរត្រៀមរង់ចាំដល់ ១០ឆ្នាំខាងមុខ តម្រូវការឧស្សាហកម្មជាតិយើងខ្លាំង យើងចាប់ផ្តើមធ្វើវាតែម្តង ជំរុញរឹតតែលឿន កម្លាំងសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ជាប្រទេសអភិវឌ្ឍន៍ នាឆ្នាំ២០៥០។
៤. ទស្សនៈប្រតិភូ
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ ឯករាជ្យ សន្តិភាព សេដ្ឋកិច្ច សាមគ្គីភាពផ្ទៃក្នុង រឹតតែល្អប្រសើរ ប្រឈមបរទេសឈ្លានពាន ការដោះស្រាយបញ្ហាព្រំដែន និងជនភៀសសឹក រួមទាំងវិបត្តិប្រេង ដោយឈ្លាសវៃបំផុត ។
អាស្រ័យដូចបានគោរពជូនខាងលើ សូមសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មេត្តាពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ ប្រកបដោយសេចក្ដីអនុគ្រោះ។
ខ្ញុំបាទ និងសហការី សូមគោរពជូនពរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ជួបប្រទះតែពុទ្ធពរ និងពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្ដេចមហាបវរធិបតី មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ…៕ កុលបុត្រ