ភ្នំពេញ ៖ ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្តីពីការប្តូរទីតាំងថ្មី ពីទីតាំង ចាស់ នៅមុខពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងខណ្ឌ៧មករា ទៅទីតាំងថ្មី (សាលាយុត្តិធម៌) ដែលស្ថិតនៅ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នោះ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាសហការីសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) បានលើកឡើងថា លក់ទៀតហើយ! អគាររដ្ឋ (សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ) មានតម្លៃរាប់លានដុល្លារ ស្ថិតនៅកណ្ដាលរាជធានី ក្រោមរូបភាពដោះដូរទៅជាយរាជធានី ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និង អន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ថា ក្នុងនាមអ្នកនយោបាយ លោកមិនអាចវាយតម្លៃថា សាលាដំបូងរាជធានី ភ្នំពេញ នឹងលក់តម្លៃប៉ុន្មានទេ ទាល់តែខាងអ្នករកស៊ីអចលនទ្រព្យ ទើបវាយតម្លៃបាន ។ ប៉ុន្តែលោកអាចនិ យាយបានថា ការលក់អគាររដ្ឋ នៅកណ្ដាលរាជធានី ទៅសាងសង់នៅជាយរាជធានី ដើម្បីបានលុយចូល ហោ ប៉ៅខ្លួន និងចូលបក្សខ្លះ ហើយការដែលប្រើពាក្យថា ដោះដូរ គ្រាន់តែជាលេសប៉ុណ្ណោះ តាមពិតគឺលក់តែម្ដង ព្រោះដីនៅកណ្ដាលក្រុង ថ្លៃ ឯដីនៅជាយក្រុង ថោក ។ ដូច្នេះលោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ តាមដាន រឿងលក់អគាររដ្ឋ ជាបន្តបន្ទាប់នេះ ជាពិសេសរឿងលក់សាលាដំបូងរាជធានីភ្នំពេញនេះ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំមិនអាចវាយតម្លៃថា សាលាដំបូងរាជធានីភ្នំពេញ នឹងលក់ តម្លៃប៉ុន្មានទេ ដល់ខាងគេរកស៊ីអចលនទ្រព្យ បានគេវាយតម្លៃបាន សម្រាប់ខ្ញុំអ្នកនយោបាយ ខ្ញុំអត់មានជំនាញ ខាងហ្នឹងដែលអាចគិតថាតម្លៃប៉ុន្មាននោះទេ ។ ប៉ុន្តែខ្ញុំថា ខាងរដ្ឋាភិបាលលោកហ៊ុន សែន ធ្វើការដោះដូរអគារ ឬក្រសួង ជាដើមហ្នឹង ចេញពីកណ្ដាលរាជធានីភ្នំពេញហ្នឹង ដើម្បីបានលុយចំណេញខ្លះចូលហោប៉ៅ ចំណេញ លុយខ្លះចូលទៅគណបក្សប្រជាជន ។ អ៊ីចឹងគេយកលេសក្នុងការដោះដូរអគារដែលលក់បានតម្លៃថ្លៃ នៅកណ្ដា លរាជធានីភ្នំពេញហ្នឹង ទៅដាក់នៅជាយក្រុងទៅ ដែលលក់តម្លៃថោក នៅជាយក្រុង ។ តាមពិតអាហ្នឹងមិនមែនដោះដូរអីទេ លក់តែម្ដង ប៉ុន្តែគេប្រើពាក្យដោះដូរទៅ តាមពិតលក់អគារហ្នឹង ហើយទៅ សាងសង់នៅក្រៅក្រុងទៅ ដីក្រៅក្រុង ១ម៉ែត្រ ថោកជាង ត្រូវលក់ ដើម្បីយកលុយចូលហោប៉ៅខ្លះ ។ ដូច្នេះមិនមែនជាការដោះដូរទេ ជាការលក់អគាររបស់រដ្ឋ ឬក៏ក្រសួង មន្ទីររបស់រដ្ឋហ្នឹង ទ្រព្យសម្បត្តិរបស់រដ្ឋហ្នឹង ដើម្បីបានលុយចូលហោប៉ៅ ហើយចូលបក្សខ្លះ តាមរូបភាពដែលគេនិយាយឲ្យល្អស្ដាប់ថា ការដោះដូរ តាមពិត មិនមែនការដោះដូរទេ គឺការលក់តែម្ដង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “សូមអំពាវនាវឲ្យប្រជាពលរដ្ឋ តាមដានរឿងលក់អគារ រដ្ឋជាបន្ត បន្ទាប់ ឥឡូវនេះចូលមកដល់លក់សាលាដំបូងរាជធានីភ្នំពេញទៀត ដូច្នេះប្រជាពលរដ្ឋ គួរតែបោះឆ្នោតដូរមេ ដឹកនាំសព្វថ្ងៃទៅ តាមរយៈការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខនេះ ព្រោះលក់អស់ហើយ លក់សួនច្បារ ក្រ សួង មន្ទីរ នៅរាជធានីភ្នំពេញនោះ តាមបណ្ដាខេត្ត ក៏ដូចគ្នា សុទ្ធតែលក់ដូចគ្នា ដូចនៅខេត្តសៀមរាប អីជាដើម ហ្នឹង សាលាខេត្តលើកមុន នៅប្រហែលជាប្រមាណ ៥គីឡូ ពីទីប្រជុំជន (ទីរួមខេត្ត) ដល់អ៊ីចឹង អត់មានអ្នកទៅ ធ្វើការ បានដាក់មកជិតបន្តិចមក? អ៊ីចឹងវានៅឆ្ងាយដែរ ប្រហែលជា ២គីឡូ ពីទីរួមខេត្ត ឥឡូវហ្នឹង ហើយអគារ រដ្ឋអីផ្សេងៗ ដូរទៅជាយក្រុងអស់ហើយ ហើយខាងសាលាដំបូងខេត្តសៀមរាប ហ្នឹង ដីហ្នឹងធ្វើសណ្ឋាគារ អ៊ីចឹង សាលាដំបូង មកនៅជាយក្រុងនេះទៅ ។ ដូច្នេះឃើញថា មិនតែនៅភ្នំពេញ ទេ នៅគ្រប់ខេត្តទាំងអស់ គឺសុទ្ធតែ លក់ទ្រព្យសម្បត្តិរដ្ឋ លក់អគាររបស់រដ្ឋហ្នឹង ដើម្បីឲ្យទៅឈ្មួញបានដីក្នុងទីប្រជុំជនហ្នឹង ក្នុងកណ្ដាលក្រុងហ្នឹង វាតម្លៃថ្លៃ ហើយអ៊ីចឹងទៅយកអគាររបស់រដ្ឋហ្នឹង ទៅដាក់នៅជាយៗក្រុងទៅ ដោយសារដីនៅជាយក្រុងតម្លៃ ថោក ។ ដល់អ៊ីចឹង មន្រ្តីរាជការ គាត់ពិបាកទៅធ្វើការ ព្រោះលើកមុន នៅជិតអ៊ីចឹងទៅ គាត់ចំណាយសាំងតិច តួច ទៅធ្វើការ ឥឡូវនេះទៅជាយក្រុង ម្នាក់ៗរអ៊ូជិះទៅធ្វើការហ្នឹងស្ទះចរាចរណ៍ យូរហើយអស់សាំងច្រើនទៀត ហើយដល់អ៊ីចឹង មួយចំនួនខ្ជិលទៅធ្វើការ ហើយអ្នកខ្លះព្យួរឈ្មោះរកស៊ីរកអីទៅ ឆ្ងាយពេក អ្នកខ្លះទៅធ្វើការមិន ពេញដៃមិនពេញជើងផង ឆ្ងាយពេក យូរៗទៅម្ដង អាហ្នឹងធ្វើឲ្យប្រសិទ្ធភាពនៃការងារហ្នឹង អត់មានប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ ។ អ៊ីចឹងបានក្រសួងមួយៗ ស្ទះការងារគ្រប់កន្លែង ហើយពុករលួយ ។ ដូច្នេះការលក់ ទ្រព្យសម្បត្តិរបស់រដ្ឋនេះ អគាររបស់រដ្ឋនេះ គឺជាការប្រព្រឹត្តអំពើពុករលួយរបស់រដ្ឋាភិបាលលោកហ៊ុន សែន ដើម្បីយកលុយចែកគ្នា ដើម្បីយកលុយចូលហោប៉ៅ“ ។
ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ថា ការផ្លាស់ប្ដូរ ឬការលក់ដូរទីតាំងចាស់ ដើម្បីទៅ នៅទីតាំងថ្មី គឺជាការអភិវឌ្ឍមួយ ស្របទៅតាមសំណូមពរ សេចក្ដីត្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ ហើយការដោះដូរនេះ មានការត្រួតពិនិត្យពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ មិនអាចស្ថាប័នណាមួយ ធ្វើអ្វីតាមអំពើ ចិត្តបានទេ ។ ដូច្នេះការចោទប្រកាន់របស់អ៊ុំ សំអាន ថា លក់អគាររដ្ឋ នៅកណ្ដាលក្រុង ទៅទិញនៅក្រៅក្រុង ដើម្បីសល់លុយចូលហោប៉ៅ និងចូលបក្សខ្លះនោះ វាគ្រាន់តែជាការមួលបង្កាច់តែប៉ុណ្ណោះ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការផ្លាស់ប្ដូរ ឬការលក់ដូរទីតាំងចាស់ ដើម្បីទៅនៅទីតាំងថ្មី គឺជា ការអភិវឌ្ឍមួយ ស្របទៅតាមសំណូមពរ សេចក្ដីត្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ ។ ដូច្នេះយើងមិន ឈឺក្បាលវិលមុខចំពោះការវាយប្រហារទាំងឡាយណា ឬនិយាយមួលបង្កាច់ទាំងឡាយណារបស់អ៊ុំ សំអាន ដែលជាក្រុមមេបក្សប្រឆាំងនោះទេ ។ និយាយរួម ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនដឹងទាក់ទងដល់ការលក់ដូរ ឬការផ្លាស់ប្ដូរ ឬដោះដូរទីតាំងហ្នឹងទេ ក៏ប៉ុន្តែបើផ្អែកទៅលើសំណូមពរការងារ នៃសេចក្ដីត្រូវការរបស់តុលាការ អាហ្នឹងវាអាច មានការផ្លាស់ប្ដូរទៅនៅទីតាំងថ្មី ហើយបើមានការផ្លាស់ប្ដូរទៅនៅទីតាំងថ្មី យើងមិនអាចទុកទីតាំងចាស់ ចោលទំ នេរបានទេ វាត្រូវតែមានការប្រើប្រាស់ ឬមួយក៏ប្រគល់ទៅឲ្យអង្គភាពណាមួយ ដើម្បីប្រើប្រាស់ប្រយោជន៍ដល់ ជាតិនិងប្រជាជន ។ ប៉ុន្តែបើក្រុមប្រឆាំងថា លក់អគាររដ្ឋ នៅកណ្ដាលក្រុង ទៅទិញនៅក្រៅក្រុង ដើម្បីសល់ លុយចូលហោប៉ៅ និងចូលបក្សខ្លះនោះ ខ្ញុំយល់ថា បើសិនណាជាមានការដោះដូរ មានការផ្លាស់ប្ដូរមែន ទៅឲ្យ អង្គភាពផ្សេង ខ្ញុំយល់ថា មានការត្រួតពិនិត្យពីគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធ មិនអាចស្ថាប័នណាមួយ ធ្វើអ្វីតាម អំពើចិត្តបានទេ ។ ដូច្នេះការចោទប្រកាន់របស់អ៊ុំ សំអាន វាគ្រាន់តែជាការមួលបង្កាច់ទេ“ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានសាងសង់អគារ «សាលាយុត្តិធម៌» ថ្មីមួយ មានកម្ពស់៧ជាន់ និងមានផ្ទៃក្រ ឡាសរុ បជិត២ម៉ឺនម៉ែត្រការ៉េ លើផ្ទៃដីទំហំជាង ៩,៤ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OICC នៅសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ អគារថ្មី ដែលហៅថា «សាលាយុត្តិធម៌» នេះ ផ្ទុកស្ថាប័ន តុលាការ ពីរថ្នាក់ នៅម្ខាងម្នាក់ គឺទី១-សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងទី២-សាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
ការសម្រេចប្តូរទីតាំងសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាសា លាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទៅទីតាំងថ្មី នៅឯសង្កាត់ព្រែកលៀប ខណ្ធ ជ្រោយចង្វានេះ គឺធ្វើឡើងតាមសេចក្តីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជូនទៅលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រ សួងយុត្តិធម៌ បន្ទាប់ពីទទួលបានចំណារយល់ព្រម ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា។
នៅក្នុង សជណ ខាងលើ បានបញ្ជាក់ថា អគារសាលាយុត្តិធម៌ មិនមែនរដ្ឋសាងសង់ដោយខ្លួនឯងទេ គឺប្រគល់ សិទ្ធិទៅឲ្យក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ-នីហរ័ណ ជាអ្នកសាងសង់។ សជណ បង្ហាញថា ដីសម្រាប់ សាងសង់អគារសាលាយុត្តិធម៌នេះ គឺជាដីរបស់រដ្ឋ ដែលមានទំហំជាង ៩,៤ពាន់ម៉ែត្រការ៉េ។ ផ្អែកលើខ្លឹមសារនៃ សជណ ក្រុមហ៊ុន លី ឈួង ចំណាយលើការសាងសង់អគារសាលាយុត្តិធម៌ ហើយនឹងទទួលបានទីតាំង ចាស់ នៃសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីជាង ១,៧ពាន់ម៉ែត្រ ការ៉េ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សជណ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យផ្ទេរកម្មសិទ្ធិទីតាំងចាស់នៃសា លាដំបូងរាជធានីភ្នំពេញ ជូនទៅក្រុមហ៊ុន លី ឈួង មុនការសាងសង់សាលាយុត្តិធម៌ថ្មី ដោយពន្ធប្រថាប់ត្រា ជាបន្ទុករបស់រដ្ឋ។ ការផ្ទេរកម្មសិទ្ធិឲ្យក្រុមហ៊ុន លី ឈួង ជាមុនដូច្នេះ ដោយរាជរដ្ឋាភិបាល យល់ថា ដើម្បីធា នាដំណើរការនៃការសាងសង់អគារសាលាយុត្តិធម៌ថ្មី។ ចំណែកទីតាំងចាស់ នៃសាលាឧទ្ធរណ៍ភ្នំពេញ ដែល ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ នៅមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌ នៅពេលណា សាលាយុត្តិធម៌ថ្មី ត្រូវបានកសាងរួច ហើយសា លាឧទ្ធរណ៍ ត្រូវបានរើទៅសាលាយុត្តិធម៌ថ្មីនោះ។

បន្ទាប់ពីអគារសាលាយុត្តិធម៌ បានសាងសង់រួចរាល់ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការ អមសាលា ឧទ្ធរណ៍ភ្នំពេញ បានប្ដូរទីតាំងពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅទីតាំងថ្មី នៅអគារសាលាយុត្តិធម៌ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ និងបានរៀបចំពិធីសូត្រមន្តឡើងអគារថ្មីរបស់ខ្លួន កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ដោយឡែកសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងប្តូរពីទីតាំងចាស់ នៅក្នុង ខណ្ឌ៧មករា ទៅទីតាំងថ្មី សាលាយុត្តិធម៌នេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។
យោងតាមសេចក្ដីជូនដំណឹង លេខ១២៥៣ រប/២៣ ចុះថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោកតាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការការប្ដូរទី តាំងថ្មី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ធ និងសាធារណជន ទាំងអស់ថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងប្ដូរទីតាំង ពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មី នៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តទៅ ៕ កុលបុត្រ