Friday, June 27, 2025
Homeព័ត៌មានជាតិកងទ័ពមួកខៀវកម្ពុជា ៩០នាក់ បញ្ចប់បេសកកម្ម នៅម៉ាលី

កងទ័ពមួកខៀវកម្ពុជា ៩០នាក់ បញ្ចប់បេសកកម្ម នៅម៉ាលី

ភ្នំពេញ ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះ លេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ សរុប ចំនួន៩០នាក់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រទេសកម្ពុជា វិញ ក្រោយសម្រេចបាននូវជោគជ័យនៅក្នុង ដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហ ប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។ពិធីទទួលស្វាគមន៍កងទ័ពទាំងពីរកងរបស់កម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀត កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅច្រក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

កងកម្លាំងដែលមកដល់មាតុភូមិទាំងពីរកងនេះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និងចំនួន២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណ រដ្ឋម៉ាលី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំការសាកសួរសុខទុក្ខរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈ កម្មាធិការជាតិ រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចំពោះ ការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច នៅក្នុងប្រទេស ដែលហួងហែងដោយសារតែភ្លើងសង្គ្រោមដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និង ការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក។ កងកម្លាំងទាំង២កងខាងលើនេះ បានចូលរួមអនុវត្តបំពេញ ភារកិច្ច ប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនថ្មីៗបន្ថែមទៀត។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកង កម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ អ្នកក៏ជាគ្រួសារ មួយរបស់អង្គការសហប្រជាជាតិ លើសពីនោះអ្នកក៏ជានិមិត្តរូប នៃភាពក្លាហានក្នុងការចូលរួមចំណែក បំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះ ពារជម្នះគ្រប់ឧបសគ្គទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិល ត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារ ក៏ពោរពេញដោយទឹកមុខញញឹម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួលបណ្តោះ អាសន្ន ដ្បិតនឹងមានពិធីទទួល ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន ម៉ាណែត បន្ទាប់ពី កងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ។

សូមជម្រាបថា នេះជាការមកដល់លើកទី២ បន្ទាប់ពីកងនាំមុខ គឺកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះ លេខ៧២៩ ចំនួន៥៣នាក់ បានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ។គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់ ទៅកាន់បេសកកម្ម ចំនួន១២ ក្នុងប្រទេសចំនួន១០ រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ សាយប្រឺស ស៊ីរី ម៉ាលី យេមេន និងកុង ហ្គោ លើជំនាញសំខាន់ៗដូចជាបោសសំអាតមីន្ប កម្ទេចគ្រឿងផ្ទុះ ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ កងរាជអាវុធ ហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕

RELATED ARTICLES