Friday, June 27, 2025
Homeព័ត៌មានជាតិទឹកហូរនៅតំបន់អង្គរ ដាច់ផ្លូវជាង៣ម៉ែត្រ

ទឹកហូរនៅតំបន់អង្គរ ដាច់ផ្លូវជាង៣ម៉ែត្រ

ខេត្តសៀមរាប ៖ វិថីព្រះនរោត្តម សីហមុនី (អតីតផ្លូវកូម៉ៃ) ស្ថិតក្នុងតំបន់អង្គរ ស្ថិតនៅខាងត្បូងកសិណអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានទឹកហូរច្រោះដាច់ផ្លូវ ប្រវែងជាង៣ម៉ែត្រ កាលពី ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ផ្លូវ ១ខ្សែនេះ បានសាងសង់ឡើងតាំងពីសម័យបារាំង ដែលមកដល់ពេលនេះ មានអាយុកាល ជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹក មានអាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដី បណ្តាលឱ្យ ដាច់ផ្លូវប្រវែងប្រមាណ៣ម៉ែត្រ។

លោកបន្តថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរអប្សរា បានទប់ស្កាត់មិនឱ្យទឹកហូរបន្ថែម ទៀត ដើម្បីរក្សាទុកទឹកក្នុងបារាយណ៍ និងមិនឱ្យទឹកហូរសង្កត់ស្រូវប្រជាពលរដ្ឋនៅក្នុងបារាយណ៍ផង ហើយ ក្រុមការងារកំពុងជុសជុលបណ្តោះអាសន្ន ដោយចាក់ដី ថ្មបំពេញកន្លែងបាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើង វិញជាបណ្តោះអាសន្ន ខណៈដែលផ្លូវនេះមានគម្រោងធ្វើទ្វារទឹកថ្មី នាពេលខាងមុខ។

លោកបន្ថែមថា កន្លែងទ្វារទឹកនៅវិថីមួយនេះ នឹងធ្វើឡើងតាមស្តង់ដារត្រឹមត្រូវ ដោយមានប្រវែងប្រហែល ពីរម៉ែត្រ សម្រាប់បើកបិទទឹកទុកក្នុងបារាយណ៍។

គួរបញ្ជាក់ថា ផ្លូវកូម៉ៃ ត្រូវបានប្តូរឈ្មោះជាវិថីព្រះនរោត្តម សីហមុនី ក្នុងអំឡុងពេលការកសាង ហេដ្ឋារចនា សម្ព័នផ្លូវថ្នល់ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កន្លងមក។ វិថីនេះតភ្ជាប់ពីវិថីស៊ីវុត្ថា ត្រង់ចំណុចភ្លើងស្តុបអតីត ពហុកីឡដ្ឋានខេត្តសៀមរាប ក្រុងសៀមរាប ឆ្ពោះទៅដល់ចំណុច កសិណទឹកអង្គរវត្ត ពីខាងត្បូង ដោយឆ្លង កាត់បារាយណ៍ទឹក មួយកន្លែង ដែលមានឈ្មោះថា បារាយណ៍ “យសោធដាក” ត្រង់ចំណុចទឹកហូរច្រោះដី ដាច់ផ្លូវនេះ៕

RELATED ARTICLES