ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពី ការអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅមុខព្រះបរម រាជវាំង ចំនួន ៣ថ្ងៃ។

យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានខ្លឹមសារថា «គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយស សូមទូលថ្វាយ និងសូមជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងរាជធានីភ្នំពេញ សូមព្រះមេត្តានិងមេត្តាជ្រាបថា ក្នុងឱកាសរៀបចំព្រះ រាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពេល ខាងមុខ នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរម រាជវាំង តាមកាលបរិច្ឆេទដូចខាងក្រោម ៖

-ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ៈ០០ នាទីយប់។
-ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ៈ០០ នាទីយប់ និងម៉ោង២៤ៈ០០ នាទី អធ្រាត្រ។
-ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ៈ០០ នាទីយប់។

អាស្រ័យហេតុនេះ សូមសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង សាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តានិងមេត្តាជ្រាបជាព័ត៌មាន»៕



