Thursday, June 26, 2025
Homeព័ត៌មានជាតិបុណ្យអុំទូក នៅភ្នំពេញ ឆ្នាំនេះ ពលរដ្ឋនិង ទេសចរ មកទស្សនាកុះករ

បុណ្យអុំទូក នៅភ្នំពេញ ឆ្នាំនេះ ពលរដ្ឋនិង ទេសចរ មកទស្សនាកុះករ

ភ្នំពេញ​ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ប្រកបដោយភាពរីករាយ អធិកអធម ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេស មកទស្សនាការប្រណាំងទូក ការបណ្តែតប្រទីប និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ដែលក្នុង២ថ្ងៃ កន្លងទៅ នេះ មានមនុស្សមកដើរលេងកម្សាន្ត ប្រមាណជិត១លាននាក់ ហើយនៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជ ពិធីបុណ្យប្រពៃណីជាតិនេះ អាចមានអ្នកមកទស្សនាកម្សាន្ត កាន់តែច្រើនជាងថ្ងៃកន្លងទៅ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រៅពីការទស្សនាការប្រណាំងទូកង ដែលមានចំនួន ដល់ទៅ១៦៦គូ នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋ និង ទេសចរ អាចដើរទស្សនា និងទិញទំនិញតាម ស្តង់ពិព័រណ៍ទំនិញជាច្រើន ហើយសម្រាប់ពេលល្ងាច មានការ បណ្តែតប្រទីប ចំនួន ៣០ រំលេចដោយក្បាច់រចនា ភ្លើងពណ៌ដ៏ស្រស់ស្អាត ព្រមទាំងទស្សនាការប្រគំតន្ត្រី តាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈផងដែរ។

ចំពោះប្រទីបដែលចូលរួមបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានចំនួនច្រើនជាងឆ្នាំកន្លងទៅ គឺចំនួន​៣០ប្រទីប ក្នុងនោះរួមមាន ៖

១-ប្រទីបព្រះបរមរាជវាំង

២-ប្រទីបព្រឹទ្ធសភា

៣-ប្រទីបរដ្ឋសភា

៤-ប្រទីបរាជរដ្ឋាភិបាល

៥-ប្រទីបក្រសួងយុត្តិធម៌

៦-ប្រទីបក្រសួងការពារជាតិ

៧-ប្រទីបក្រសួងមហាផ្ទៃ

៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៩-ប្រទីបក្រសួងធម្មការ និងសាសនា

១០-ប្រទីបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

១១-ប្រទីបក្រសួងអប់រំ យុវជននិងកីឡា

១២-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់

១៣-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍

១៤-ប្រទីបក្រសួងពាណិជ្ជកម្ម

១៥-ប្រទីបក្រសួងទេសចរណ៍

១៦-ប្រទីបក្រសួងរ៉ែ និងថាមពល

១៧-ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្ប:

១៨-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

១៩-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ

២០-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

២១-ប្រទីបក្រសួងបរិស្ថាន

២២-ប្រទីបក្រសួងធនធានទឹកនិងឧតុនិយម

២៣-ប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

២៤-ប្រទីបក្រសួងសាធារណការនិងដឹកជញ្ជូន

២៥-ប្រទីបក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវ:

២៦-ប្រទីបក្រសួងមុខងារសាធារណ:

២៧-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ

២៨-ប្រទីប ស ស យ ក

២៩-ប្រទីបក្រុមហ៊ុនវឌ្ឍន:

៣០-ប្រទីបក្រុមហ៊ុនកូកា-កូឡា ។ 

សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយរបស់ប្រជា ពលរដ្ឋនៅក្នុងរាជធានី ភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយ តាមរយៈព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះផងដែរ។

សម្តេចហ៊ុន សែន បន្តថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិ ធំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូក ថ្ងៃនេះដែរ។

សម្តេចហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រីករាយជួបជុំក្រុមគ្រួសារ សប្បាយរីករាយ និងមាន សុខសុវត្ថិភាព ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ៕ ខៀវទុំ

RELATED ARTICLES