ភ្នំពេញ ៖ លទ្ធផលការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ទូកជ័យលាភី ដែលទទួលបានចំណាត់ថ្នាក់លេខ១ ជាទូកអុំលឿនជាងគេ គឺទូកគូពិសេស ឈ្មោះ « មហាទន្សាយតេជោសែនជ័យ» មកពីស្រុកកងមាស ខេត្ដកំពង់ចាម ពាក់ស្លាកលេខ ១៨៣ មានចំណុះកីឡាករ ៧៥នាក់ ។ ទូកនេះ ឧបត្ថម្ភដោយលោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

ទូកឈ្មោះ « មហាទន្សាយតេជោសែនជ័យ» មកពីស្រុកកងមាស ខេត្តកំពង់ចាម បានយកឈ្នះ គូប្រកួតទាំង ៣ថ្ងៃ ក្នុងការប្រណាំង កាលពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទទួលបានចំណាត់ថ្នាក់ លេខ១ ។ចំណែកទូកដែលទទួលបានចំណាត់ថ្នាក់លេខ២ គឺទូកឈ្មោះ «សម្តេចវិបុលបញ្ញា បារនីមានជ័យ» ពាក់ ស្លាកលេខ ២៦៧ មានកីឡាករចំណុះទូក ៧៤នាក់ មកពីខេត្តតាកែវ ឧបត្ថម្ភដោយលោកសុខ សូកាន និង លោកសុខ ពុទ្ធិវុធ កូនប្រុសសម្តេចសុខ អាន។

រីឯទូកដែលទទួលបានចំណាត់ថ្នាក់លេខ៣ ឈ្មោះ «កោះកេរសែនជ័យ បារមីព្រះអង្គខ្មៅ» ពាក់ស្លាកលេខ ២០២ មានកីឡាករចំណុះទូក ៧៧នាក់ មកពីខេត្តព្រះវិហារ ឧបត្ថម្ភដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។សូមបញ្ជាក់ថា ទូកដែលចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនសរុប ៣៣៧ទូក ក្នុងនោះមានទូកអុំ ចំនួន ១៥៨ទូក ទូកចែវ ៤៣ទូក (នារី ១) និងទូកខ្នាត អន្តរជាតិ ចំនួន ១៣៤ (នារី ២) មានកីឡាករចំណុះទូកសរុប ២០ ៤១៧នាក់ (ស្រី១៦៥នាក់) ៕ ខៀវទុំ







