Thursday, June 26, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល រកឃើញថ្នាំក្លែងក្លាយ៦មុខ

ក្រសួងសុខាភិបាល រកឃើញថ្នាំក្លែងក្លាយ៦មុខ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបទីតាំងលក់ ឱសថតាមប្រព័ន្ធអនឡាញ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានរកឃើញ មានឧបករណ៍សម្រាប់វេចខ្ចប់ និងឱសថក្លែងក្លាយ ចំនួន៦មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាម ឱសថដើម។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញឱសថក្លែងក្លាយចំនួន៦មុខ មានខ្លឹម សារទាំងស្រុងថា «ក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ទាំងអស់ ឱ្យបាន ជ្រាបថា ៖ នាពេលថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សហការពីមន្ត្រីនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំង លក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅទីតាំងនោះ សមត្ថកិច្ចចម្រុះ បានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និងឱសថក្លែងក្លាយ ចំនួន៦មុខ មានសារ ធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា ១-NUTRIENT CALCIUM Tablet ។ ២-NUTRIENT CALCIUM Capsule។ ៣-NUTRIENT ANTACID Tablets។ ៤- SYMPTOMS ៥-CONSTIPAION និង៦-ថ្នាំបន្តក់ភ្នែក EYE PLUS។

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់ សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូមជម្រាបជូនពីវិធានការ និងការណែនាំដូចខាងក្រោម ៖

១- បានបញ្ជូនជនសង្ស័យដែលបានវេចខ្ចប់និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

២- សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook TikTok Telegram និង Youtube ព្រោះឱសថ និងផលិតផលទាំងនេះ ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

៣- ដើម្បីចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ សូមសាធារណជនរក ទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជិកា ពីក្រសួងសុខាភិបាល នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 011 383 128/ 012 983 334/ 017 606 670/ 017 866 760…»៕

RELATED ARTICLES