Thursday, June 26, 2025
Homeព័ត៌មានជាតិ ឆ្នាំ២០២៣ ត្រីរាជ ១៣ក្បាល លែងចូលទន្លេ

 ឆ្នាំ២០២៣ ត្រីរាជ ១៣ក្បាល លែងចូលទន្លេ

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong បានលែងត្រីរាជ ដែលជាប្រភេទត្រីជិតផុតពូជ ចំនួន១៣ក្បាល នៅក្នុងប្រទេសកម្ពុជា។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បន្តថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏វិសេសវិសាល លើសពីនេះ ការលែង ប្រភេទត្រីដែលជិតផុតពូជ កាលពីឆ្នាំកន្លងទៅ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា និងវិទ្យា ស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក្នុងការអភិរក្សប្រភេទមច្ឆជាតិ ដ៏គួរឱ្យកត់សម្គាល់ នេះ។

ត្រីរាជ គឺស្ថិតក្នុងចំណោមត្រីទឹកសាបធំជាងគេនៅលើពិភពលោក ទី២ បន្ទាប់ពីត្រីបបែលយក្សទឹកសាប ទន្លេមេគង្គ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា រួមទាំងត្រីគល់រាំង ជាត្រីតំណាងឱ្យអត្តសញ្ញា ណជាតិខ្មែរ សុទ្ធសឹងជាប្រភេទត្រីកម្រ និងប្រឈមនឹងការផុតពូជ ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សង្កត់ធ្ងន់ថា ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីរាជ គឺជាជំហានដ៏មានអត្ថន័យ ឆ្ពោះទៅរកការអភិរក្សជីវៈចម្រុះ និងការពារអនាគតជលផលរបស់កម្ពុជា។ តាមរយៈសកម្មភាពការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រី ទាំងនេះ អ្នកនេសាទ ក៏បានដើរតួ នាទីយ៉ាងសំខាន់ក្នុងការធានាការបន្តការរស់រានមានជីវិតរបស់ត្រីរាជ និងចូលរួមចំណែកដល់កិច្ចខិត ខំប្រឹងប្រែងជាសកល ដើម្បីការពារជីវចម្រុះ។

នាថ្ងៃចុងក្រោយនៃឆ្នាំ២០២៣  គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានផ្ញើសារទៅកាន់អ្នកនេសាទទាំងអស់ នៅតាមដងទន្លេមេគង្គ សូមចូលរួមសហការក្នុងដំណើរអភិរក្សដែលកំពុងបន្តនេះ។ លុះនៅឆ្នាំ២០២៤ សូមបន្តបំផុសគំនិតនៃការផ្តល់ព័ត៌មានអំពីការចាប់បាននូវប្រភេទត្រីកម្រនិងជិតផុតពូជ ដល់ក្រុមការងារអភិរក្ស ដើម្បីលែងវាចូលក្នុងទន្លេវិញ ដូចដែលយើងបានអនុវត្តនៅក្នុងឆ្នាំ២០២៣ កន្លងមក ជាឧទាហរណ៍ស្រាប់។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ចាត់ទុកតួនាទីរបស់អ្នកនេសាទ ក្នុងការផ្តល់ព័ត៌មានអំពីប្រភេទត្រីកម្រ និងផុតពូជទាំងនេះ មានសារៈសំខាន់ណាស់។ វានឹងក្លាយជាសញ្ញានៃក្តីសង្ឃឹមមួយ សម្រាប់ការអភិរក្សធន ធានធម្មជាតិរបស់ប្រទេសកម្ពុជា។ យើងរួមគ្នាដើម្បីបង្កើតភាពខុសប្លែកពីគ្នា និងការពារអនាគតនៃទន្លេ មេគង្គ។

សូមជម្រាបថា ត្រីរាជ គឺជាប្រភេទត្រីទឹកសាប ដែលធំបំផុតមួយ ក្នុងចំណោមត្រីធំៗបំផុតទាំង ៣នៅកម្ពុជា គឺត្រីបបែលយក្ស និងត្រីគល់រាំង ប៉ុន្តែត្រីរាជ ធំជាងត្រីបបែលយក្ស និងត្រីគល់រាំង។ ត្រីរាជ អាចមានប្រ វែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម ហើយនឹងអាចរស់នៅបានរហូតដល់អាយុ ៦០ឆ្នាំឯណោះ។

ត្រីរាជ ស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី ២គូ និងមានព្រុយខ្នងច្បាស់ ព្រមទាំងមានទ្រនុងរឹង ចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូទវែង មិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាង ក្រោម។ ត្រីរាជ ជាប្រភេទត្រីដែលធំ លូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម ដោយពួកវាស៊ីស្លែ ជាអាហារចម្បង និងស៊ីសត្វល្អិតក្នុងទឹក ជាអាហារបន្ទាប់បន្សំ។

ត្រីរាជ ចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចរណ៍រយៈចម្ងាយឆ្ងាយ។ ត្រីរាជ ស្ថិតក្នុង បញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាម កំហែងយ៉ាងខ្លាំង រហូតឈានទៅរកការផុតពូជ របស់ អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់ អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញ លក់ និងដឹកជញ្ជូនផ្សេងៗ៕

RELATED ARTICLES