ខេត្តពោធិ៍សាត់ ៖ កូនអណ្តើកស្រែ អណ្តើកបិទមុខ ឬអណ្តើកក្បាលធំ សរុបចំនួន ៥៥ក្បាល ដែលត្រូវបាន លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ ប្រគល់ជូនសហគមន៍នេសាទស្រីចឹក បានធ្វើពិធីលែងក្នុងតំបន់អភិ រក្សត្រីមេពូជ ព្រែកតាចាន់ ក្នុងភូមិសាស្ត្រព្រៃរនាម បឹងទន្លេ សាប ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ដើម្បីចូលរួមថែរក្សាការពារធនធានជលផលឱ្យនៅគង់វង្ស និងបង្កើនរីកសាយឱ្យកាន់តែច្រើនឡើងថែមទៀត ទៅថ្ងៃអនាគត។

ការលែងសត្វអណ្តើកនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូល រួមពីលោកអ៊ន ផល្លា អភិបាលរងស្រុកណ្តៀង លោកហុក ម៉េងអាន នាយរងផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាល ជលផលកណ្តៀង មេឃុំកញ្ជរ ប៉ុស្តិ៍នគរបាលរដ្ឋបាល គណៈកម្មការសហគមន៍នេសាទស្រីចឹក និងប្រជាពល រដ្ឋ។
លោកឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានឱ្យដឹងថា នេះជាលើកទី២ហើយដែលលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រគល់សត្វអណ្តើក ជូនសហគមន៍នេសាទស្រីចឹក យកមកលែងក្នុងតំបន់អភិរក្ស ត្រីមេពូជ ព្រែកតាចាន់ សរុបទាំង២លើកនេះ ជិត៣០០ក្បាល ហើយ។ កូនអណ្តើកទាំងនេះ បានមកពីប្រជា ពលរដ្ឋស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន យកមកប្រគល់ឱ្យរូបលោក ព្រោះដឹងថាលោកជាអភិបាល ខេត្ត ដែលមានសន្តានចិត្តគិតគូរ ថែរក្សានិងអភិរក្សសត្វអណ្តើក ដែលជាសត្វកម្រនិងជិតផុតពូជ ដោយសារតែ ជនប្រព្រឹត្តបទល្មើស។
លោកមានមោទនភាពណាស់ ដែលអភិបាលខេត្ត ផ្តល់អាទិភាព និងមានទំនុកចិត្តមកលើសហគមន៍ នេសាទ ស្រីចឹក ស្រុកកណ្តៀង ក្នុងចំណោមសហគមន៍នេសាទជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ។
លោកឱ្យដឹងថា សហគមន៍នេសាទស្រីចឹក មានផ្ទៃដីទទឹងប្រវែង៤៥ម៉ែត្រ បណ្តោយ១៦០០ម៉ែត្រ ស្មើនឹងប្រ មាណ ៧ហិកតារ។ ក្នុងទឹក មានដាក់លូសិប្បនិម្មិត គល់ឈើធំៗ និងបង្គោលជ្រុំ នៅជុំវិញមានព្រៃរនាមដុះ ស្នាប់តាមមាត់ព្រែក ដែលជាជម្រកត្រីពងកូនរស់នៅយ៉ាងសុខសាន្ត។

លោកប្រធានសហគមន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលលោកតែងតែគិតគូរផលប្រយោជន៍ជាតិ និងទុក្ខលំបាកប្រជាជនជាធំ។ លោកនឹងខិតខំការពារសត្វអណ្តើកទាំងនេះ ឱ្យនៅគង់វង្ស ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជួយ ថែរក្សាការពារធនធានជលផលឱ្យនៅគង់វង្សទាំងអស់គ្នា៕