ភ្នំពេញ៖លោកគួច ខេវិន ត្រូវបានអ្នកសិល្បករភាគច្រើន រួមទាំងអ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈជម្រុញឲ្យលោកឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរនៅអាណត្តិថ្មី បន្ទាប់អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសិល្បករខ្មែរបច្ចុប្បន្ន ត្រៀមបញ្ចប់អាណត្តិរបស់ខ្លួននាពេលខាងមុខនេះហើយ ក្រោយមានការិះគន់ពីភាពមិនប្រកតីមួយចំនួនកើតឡើងអំឡុងពេលនាងបំពេញតួនាទីមួយនេះជាច្រើនឆ្នាំមក។មជ្ឈដ្ឋានមហាជនយល់ឃើញថាតំណែងប្រធានសិល្បករខ្មែរនេះសាកសមទៅលើអ្នកមានឥទ្ធិពលម្នាក់នៅក្នុងរង្វង់សិល្បៈ ព្រមទាំងមានបទពោសោធន៍និង ចំណេះដឹងខ្ពង់ខ្ពស់ផងដែរទាក់ទងសិល្បៈ ទើបពួកគេជម្រុញថាលោកខេវិន គឺជាបេក្ខភាពម្នាក់ដែលត្រូវជាមួយតួនាទីមួយនេះ ក្នុងចំណោមបេក្ខភាពផ្សេងទៀត ។



ដោយមានការជម្រុញពីសិល្បករជាច្រើន រួមទាំងអ្នកសារព័តមានសួរពាក់ពា័ន្ធថាតើលោកគួច ខេវិន នឹងឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរនាអាណត្តិថ្មី ឬយ៉ាងណានោះលោកបានមានប្រសាសន៍ថានឹងឈរឈ្មោះឲ្យគេជ្រើសរើសឲ្យតែមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអ្នកនៅក្រៅនិងក្នុងសិល្បៈ។លោកគួច ខេវិន ចេញសារថា”ដោយមានសំណួរពីអ្នកសារព័ត៌មាននិង ផ្សេងៗទៀតមកកាន់ខ្ញុំហើយខ្ញុំកពុងស្ថិតនៅប្រទេសថៃ ខ្ញុំសូមផ្តល់ចម្លើយជូនខាងក្រោមនេះ ៖
សូមអរគុណចំពោះសំណួរនឹងការចាប់អារម្មណ៍របស់ឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ទស្សនិកជន បណ្តាសារពត៌មាន ទាំងអស់ចំពោះខ្ញុំ។
ប៉ុន្មានឆ្នាំមកនេះខ្ញុំហាក់បានឃ្លាតឆ្ងាយពីការងាសិល្បៈដោយផ្ទាល់ងាកទៅប្រកបកិច្ចការរកស៊ីដីធ្លី ស្រែចំការបន្តិចបន្តួចហើយឃើញថាកាក់កបគ្រាន់បើ ក៏ប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្បែរ នឹងឃ្លាំមើលវិស័យសិល្បៈរបស់ស្រុកទេសយើងជានិច្ចដែរ ទោះជាពេលខ្លះខ្ញុំត្រូវទៅអាម៉េរិកក្តី។ ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយាកាសក្នុងពិភពសិល្បៈហាក់ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្តភក្តិមួយចំនួនក៏ដកឃ្លាដែរ។
ចំពោះការជ្រើសរើសអ្នកដឹកនាំសមាគមសិល្បករខ្មែរខ្ញុំគិតថាមានអ្នកមានទេព្យកោសល្យ មានស្នាដៃល្អៗច្រើនដែលធ្លាប់បានចូលរួមលើកតម្កើងវិស័យសិល្បៈឲ្យរីកចម្រើនកន្លងទៅ ហើយចំពោះខ្ញុំផ្ទាល់បើឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ពូមីង ជាសិល្បករ សិល្បការនីក្មេងចាស់យល់ឃើញថាខ្ញុំមានលទ្ធភាព មានសមត្ថភាព ទេពកោសល្យអាចធ្វើទៅបាន ខ្ញុំអាចឈរឈ្មោះឲ្យពួកគាត់ជ្រើសរើសសម្រាប់អាណត្តិថ្មី។
ចំពោះសំណួរថាតើគួរពង្រឹងអ្នកដឹកនាំសមាគមថ្មីយ៉ាងណានោះគឺវាមានលក្ខណៈដោយឡែកៗ ព្រោះថាសមាគមមិនមែនទើបតែបង្កើតម្សិលមិញនោះទេ គឺពីរ បីអាណត្តិមកហើយ ហើយក៏មិនមែនគ្រប់សកម្មភាពកន្លងទៅសុទ្ធតែទន់ជ្រាយនោះឡើយ យើងនឹងពិត្យឡើងវិញអំពីលទ្ធផលការងារវិជ្ជមាន និងអវិជ្ជមានដែលទទួលបាន ហើយត្រូវកែលម្អ បំពេញបន្ថែមទៅតាមស្ថានភាពជាក់ស្តែងមិនថាតែគណនេយ្យភាព តម្លាភាពទាក់ទងនឹងថវិការនោះទេ គឺលើគ្រប់សកម្មភាពការងាររបស់សមាគមតែម្តង ។
ចំពោះសំណួរថា តើអ្នកដឹកនាំល្អត្រូវរៀបចំផែនការយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទំនាស់របស់អ្នកសិល្បៈនោះ? គឺវាអាស្រ័យទៅលើទិដ្ឋភាពទំនាស់ បើវាជារឿងបុគ្គលហើយជៈទ្ធិពលមកលើសង្គមសិល្បៈទាំងមូលដែលធ្វើឲ្យប៉ៈពាល់កិត្តិយស សេចក្តីថ្លៃថ្នូនៃវប្បធ៌ម ប្រពៃណីជាតិនោះគឺអាស្រ័យលើច្បាប់ តែបើជារឿងបុគ្គលនឹងបុគ្គល គឺអាស្រ័យលើការសម្របសម្រួល តាមហេតុ បច្ច័យនឹងផល ។ ខ្ញុំយល់ថាវិបត្តិទំនាស់ផ្សេងគ្នាវិធីដោះស្រាយក៏ផ្សេងគ្នាដែរ ប៉ុន្តែអ្វីដែលត្រូវយកមកគិតគូធ្វើឲ្យល្អប្រសើរជាមុនគឺសិលធ៌ម គុណធ៌ម និងសេចក្តីថ្លៃថ្នូររបស់សិល្បករសិល្បការនី នៅក្នុងសង្គមសិល្បៈខ្មែរយើងទាំងមូល។ សូមអរគុណ”។
ក្រោយឃើញលោកគួច ខេវិន លើកឡើងបែបនេះមានសិល្បករជាច្រើនបានចូលទៅខមិនគាំទ្រលោកគួច ខេវិន ។លោកកៅ សីហា អ្នកដឹកនាំខារ៉ាអូខេនៅហង្សមាសខមិន ថា”ខ្ញុំគាំទ្របង ក្នុងការឈឈ្មោះ”។លោកករុណា ពេជ្រ ខមិនថា “គាំទ្របង “។លោករតនៈ ពិសិដ្ឋ “បងប្រុស បកស្រាយ បានល្អណាស់ “។



គួរបញ្ជាក់ថាលោកគួច ខេវិន បានបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា(Psychology Of Science) នៅសាកលវិទ្យាល័យ Northeastern University នៅទីក្រុងBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣ ហើយលោកបានវិលត្រឡប់មកបម្រើការងារនៅខ្មែរវិញ ដោយបានដឹកនាំឲ្យផលិតកម្មជាច្រើនទាំងក្នុងនិងក្រៅស្រុកអស់រយៈពេលជាង២០ឆ្នាំ។ផលិតកម្មដែលលោកខេវិន ធ្លាប់ដឹកនាំថតសម្ដែងMV រាប់ពាន់បទមានដូចជាឆ្លងដែន ,តោមាស និងរ៉ៃមាស ជាដើម។



លោកក៍ជាអតីតអគ្គនាយករងរបស់ទូរទស្សន៍Ctn ,SeaTv និងEtv ផងដែរ ។តាមរយៈបទពិសោធន៍ជោគជាំជាង២ទសវត្សន៍ជាមួយការងារសិល្បៈ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់គេជឿរថាលោកគួច ខេវិន ពិតជាបេក្ខភាពម្នាក់ដែលមានសម្ថភាពដ៍សាកសមជាតំណែងប្រធានសិល្បករខ្មែរនាអាណត្តិថ្មី នៅពេលអ្នកនាងចន ច័ន្ទលក្ខិណា បញ្ចប់អាណត្តិនាពេលដ៍ឆាប់ខាងមុខនេះ ។ប៉ុន្ដែជាមួយគ្នានេះក៍មានការលើកឡើងជាបេក្ខភាពផ្សេងៗទៀតដែរដូចជាអ្នកនាងខាត់ សុឃីម ដែលកំពុង តែពិចារណាឈរឈ្មោះដែរ ខណៈដែលលោកសាវិន ហ្វីលីព បានបដិសេធថាលោកមិនសាកសមតួនាទីនោះទេ តែលោកនឹងបន្ដធ្វើការងារសិល្បៈតទៅទៀត ។


អ្នកនាងចន ច័ន្ទលក្ខិណា ក្រោយឃើញជំហរបស់លោកគួច ខេវិន បែបនេះនាងបានចេញសារថានាងសូមអរគុណនូវមតិយោបល់ និងការណែនាំបែបសុជីវធ័ម របស់លោកគួច ខេវិន តែនៅពេលនេះនាងមិនទាន់ផ្ទេរតួនាទីទេ ហើយនាងសូមយកយោបល់និងការណែនាំរបស់លោកខេវិន ទៅកែប្រែ និងបំពេញចំណុចខ្វះខាតរបស់នាងនាពេលកន្លងមក។ប៉ុន្ដែអ្នកនាងចនច័ន បានសំណូមពរឲ្យលោកខេវិន កែប្រែចំណុចមួយចំណុចមួយចំនួន បើលោកចង់កាន់តំណែងមួយនេះ។

គូររំលឹកថាមុនពេលអ្នកនាងចន ច័ន្ទលក្ខិណា ឡើងជាប្រធានសមាគមសិល្បករខ្មែរ សមាគមមួយនេះក៍ធ្លាប់មានប្រធានដូចជាលោកអៀង ស៊ីធុល លោកសុះ ម៉ាច ជាដើម ។

មជ្ឈដ្ឋានមហាជនចាំមើលថាប្រធានសិល្បករខ្មែរអាណត្តិថ្មីឆ្នាំ២០២៤ តើជាលោកគួចខេវិន ឬអ្នកណា ?

