Saturday, May 2, 2026
Homeតារាខ្មែររ៉ានូ បាត់មុខពីវិស័យបង្ហាញម៉ូដច្រើនឆ្នាំ បើកហាងនៅខេត្តកំពង់ស្ពឺ

រ៉ានូ បាត់មុខពីវិស័យបង្ហាញម៉ូដច្រើនឆ្នាំ បើកហាងនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តារាបង្ហាញម៉ូដ និងសម្ដែង ច័ន្ទ រ៉ានូ ដែលបាត់មុខពីវិស័យបង្ហាញម៉ូដជាច្រើនឆ្នាំនោះ ពេលនេះនាងបានក្លាយជាម្ចាស់ភោជនីយដ្ឋានមួយ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ សាងសង់នៅលើផ្ទៃដីប្រមាណ ៥ហិកតារ។ រ៉ានូ ថានាងនៅស្រលាញ់វិស័យសិល្បៈ ពិសេសផ្នែកម៉ូដែល ប៉ុន្ដែនាងគ្មានគម្រោងវិលវិញទេ ព្រោះពេលនេះមានកូន១ ទៅហើយ។

រ៉ានូ ប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីពេលថ្មីៗនេះថា អំឡុងពេលដែលនាងផ្អាកពីសិល្បៈនេះ បានទៅរកស៊ីអចលនទ្រព្យ លក់ដីពុះឡូត៍ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ លើទំហំដី ១២ហិកតារ ហើយលក់អស់ ៧ហិកតារ នៅសល់ ៥ហិកតារ នាងទុកសម្រាប់សាងសង់ផ្ទះ រស់នៅខ្លួនឯង និងបើកភោជនីយដ្ឋាន ថ្ពង ដែលបម្រើរភ្ញៀវនូវមុខម្ហូបអូស្រា្ដលី ម្ហូបកូរ៉េ និងស៊ុប ជាដើម ។ នាងថា ហាងនេះ ដំណើរការបាន ៣ឆ្នាំហើយ និងមានអតិថិ ជនគាំទ្រច្រើន ហើយក្រៅពីហាងនេះ នាងក៏លក់ផលិតផលក្រែមព្យាបាលបបូរមាត់ ជាប្រេន (ម៉ាសញ្ញា) ផ្ទាល់ ខ្លួន មានសិប្បកម្មខ្លួនឯង តែវត្ថុធាតុដើម យកពីខាងអាហ្វ្រិក ហើយនាងមានតំណាងចែកចាយលើទីផ្សារ និងដំណើរការបាន ៧ឆ្នាំមកហើយ ដែលពេលនេះ មានតំណាងចែកចាយគ្រប់ខេត្ត-ក្រុង ខណៈរូបនាងឈរនៅពីក្រោយ ប៉ុន្ដែមិនសូវចេញមុខមាត់ទេ ។

ទាក់ទងការដើរចេញពីវិស័យសិល្បៈ រ៉ានូ ថានាងនៅតែស្រលាញ់និងតាមដានរហូតពិសេសតារាបង្ហាញម៉ូដជំនាន់ក្រោយ ហើយដោយសារនាងមានអាយុច្រើនដែរហើយ ហេតុនេះ ចង់ទុកឱកាសនេះ ឲ្យប្អូនៗបានបញ្ចេញសមត្ថភាពម្ដង ។ រ៉ានូ ថាចំណុចសំខាន់មួយទៀត ដែលធ្វើឲ្យនាងមិនអាចបន្ដអាជីពសិល្បៈ តទៅ ទៀតបាន គឺឪពុកនាង ជាមន្រ្ដីប៉ូលិស  ដែលគាត់មិនចង់ឲ្យនាងលេងសិល្បៈ តាំងពីដំបូង តែកាលនោះ នាងស្រលាញ់ពេក ក៏ជម្នះចូលឲ្យខាងតែបាន តែពេលនេះ នាងក៏ជាមន្រ្ដីម្នាក់ នៅក្រសួងសាធារណការនិងដឹក ជញ្ជូន រាជធានីភ្នំពេញ ផងដែរ ។

គួរបញ្ជាក់ថា រ៉ានូ បានប្រឡូកវិស័យម៉ូដែល និងសម្ដែង ជាច្រើនឆ្នាំ ហើយនាងជាសមាជិកលេចធ្លោម្នាក់ នៅក្រុមហ៊ុន CSM ផងដែរ ជាមួយកម្ពស់ខ្ពស់ស្រឡះ រាងស្វែល និងសម្រស់ស្រដៀងកូនកាត់បរទេស។ ទាក់ទងរឿងជីវិតស្នេហា រ៉ានូ ពេលនេះមានកូនប្រុសតូច ១នាក់ ក្រោយសាងស្នេហាជាមួយបុរសជាអ្នកជំនួញម្នាក់ ស្វែងយល់ចិត្តគ្នាអស់ ៥ឆ្នាំ ទើបយកកូន ។

 ឆ្លើយតបសំណួរថា តើរ៉ានូ ចង់រៀបការនៅពេលណា ឬចង់បានកូនទី២ សិន ទើបគិតគួរ នាងឆ្លើយថា នៅពេល ដែលកូនទី១ ចេះដើរបន្ដិច នាងនឹងរៀបការ ពោលគឺចង់រៀបការមុនយកកូនទីពីរ ។ ចំពោះការង់ចាំឲ្យកូនធំធាត់បន្ដិច ទើបដឹកដៃប្ដី ក្រាបផ្ទឹមនោះ រ៉ានូ អះអាងថា ដោយសារតែនាងចង់ឲ្យកូនបានឃើញម្ដាយ រៀបការ ហើយមានកូនខ្លួនឯងចូលរួម ។

 ក្រៅពី រ៉ានូ តារាដែលបើកភោជនីយដ្ឋាន មានដូចជា លោកព្រាប សុវត្ថិ, អាង សុជាតា (ឈូឈូ), ហ្វា ហ្វា និងឈួន សុវណ្ណឆៃ ជាដើម ។ ចំពោះរ៉ានូ នាងថា ស្រលាញ់ការងារជាមន្រ្ដីរាជការខ្លាំង ប៉ុន្ដែមូលហេតុដែលនាងបើកភោជនីយដ្ឋាន ព្រោះនាងសម្លឹងឃើញថា ទីនោះអត់មានអ្នកលក់មុខរបរដែលនាងបង្កើតនេះទេ ហើយពេលនាងបើកទៅ លក់ដាច់ ពី១ឆ្នាំ ទៅ១ឆ្នាំ ទើបធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្ត និងរវល់ច្រើនទៅលើការពង្រឹងអាជីវកម្មមួយនេះ៕

RELATED ARTICLES