ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ កំពុងហាត់របាំក្នុងសាលារៀនសុខៗ ត្រូវបានក្មេងស្រី ១ក្រុម បានដើរមកហៅឱ្យចេញទៅក្រៅ ប្រាប់ថាមានការនិយាយជាមួយ លុះក្រោយមកបានដឹកក្មេងស្រីរងគ្រោះ ទៅកាន់ដីឡូត៍ ១កន្លែង រួចក្រុមជនបង្កហេតុ មានគ្នា១០នាក់ បានព្រួតវាយទៅលើក្មេងស្រីរងគ្រោះ បណ្តាលឱ្យរងរបួស ពកក្បាល ជាំ មុខមាត់ និងជាំភ្នែក រួចក៏ដឹកក្មេងស្រីទៅដាក់នៅសាលាវិញ ហើយគេចខ្លួនបាត់អស់។ លុះឪពុកម្តាយក្មេងស្រី រងគ្រោះ ប្តឹងសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនក្មេងស្រីទំនើង បានចំនួន៣នាក់ ខណៈបក្ខពួក ៧នាក់ទៀត បានរត់គេចខ្លួនអស់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ មានឈ្មោះរស្មី ស្រីមួយ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មានគ្នាចំនួន១០នាក់ រួមមាន ទី១-ឈ្មោះប៉ឹង ម៉ានីកា ភេទ ស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះលីម សាហ្វីរ៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះបុន សុជាតា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលភូមិ ព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៤-ឈ្មោះពៅ លីហ្សា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនដៃដល់គេចខ្លួន)។ ទី៥-ឈ្មោះ ពៅ ធីតា ភេទស្រី មុខរបរសិស្ស រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។ ទី៦-ឈ្មោះវ៉ាន់ដា ពិសី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (គេចខ្លួន)។ ទី៧-ឈ្មោះសុខុន ចំរើន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (គេចខ្លួន) និង៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ពេ លជនគ្រោះកំពុងហាត់របាំ នៅក្នុងវិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស ពេលនោះ មានជនសង្ស័យ ចំនួន៣នាក់ (១-ឈ្មោះលីម សាហ្វីរ៉ា ២-ឈ្មោះពៅ លីហ្សា និងម្នាក់ទៀតមិនស្គាល់ មានសក់ពណ៌លឿង) បានដើរមកហៅជនរងគ្រោះ ឱ្យចេញទៅក្រៅរបងសាលាបន្តិច ព្រោះមានរឿងត្រូវនិយាយគ្នា តែជនរងគ្រោះមិនបានទៅជាមួយទេ ព្រោះកំពុងជាប់ហាត់របាំ។ បន្ទាប់មក នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល ពេលជនរងគ្រោះ ហាត់របាំរួច មានជនសង្ស័យ ឈ្មោះលីម សាហ្វីរ៉ា បានដើរមកហៅជនរងគ្រោះ ជាលើកទី២ ដោ យនិយាយថា “ទៅក្រៅបន្តិច មានរឿងត្រូវនិយាយ” ហើយជនរងគ្រោះ បានដើរទៅជាមួយជនសង្ស័យ ពេលទៅដល់ក្រៅរបងសាលា បានឃើញបក្ខពួករបស់ជនសង្ស័យ មានប្រុសមានស្រី មានគ្នាប្រហែល ១០នាក់ បាននិយាយមកកាន់ជនរងគ្រោះថា “ឡើងម៉ូតូ ឱ្យលឿនមក!” ប៉ុន្តែជនរងគ្រោះ មិនព្រមឡើងទៅជាមួយ ពេលនោះក្រុមជនសង្ស័យ បានស្រែកប្រាប់ថា “បើមិនព្រមវ៉ៃ និងស្ទាក់វ៉ៃ តាមផ្លូវ” ទើបជនរងគ្រោះ សុខចិត្តឡើងម៉ូតូ ទៅជាមួយក្រុមជនសង្ស័យ ពេលជនរងគ្រោះឡើងជិះម៉ូតូជាមួយជនសង្ស័យ ជាមនុស្សស្រី ពីរនាក់ មិនស្គាល់ឈ្មោះ ដែលមានឯកសណ្ឋាន ជាសិស្សសាលា ហើយម៉ូតូដែលជនរងគ្រោះជិះទៅជាមួយហ្នឹង គឺម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ។ លុះដល់វេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃដដែល ពេលក្រុមជនសង្ស័យបាននាំជនរងគ្រោះ ដល់ចំណុចដីវាល មួយកន្លែង ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា ល ជនរងគ្រោះបានចុះពីលើម៉ូតូ ហើយ ជនសង្ស័យ ឈ្មោះពៅ លីហ្សា បានសួរជនរងគ្រោះថា “ឯងមានជេរម៉ែអញអត់?” ជនរងគ្រោះ បានប្រាប់ថា «មិនបានជេរទេ” ភ្លាមនោះ មានជនសង្ស័យជាមនុស្សស្រីម្នាក់ មិនស្គាល់ឈ្មោះ បានធាក់ជនរងគ្រោះ ពីក្រោយ បណ្តាលឱ្យដួលទៅនឹងដី រួចជនសង្ស័យឈ្មោះពៅ លីហ្សា បានហក់ធាក់ ជាន់ វ៉ៃបោចសក់ជនរងគ្រោះ ផ្ទប់ទៅនឹងដី បណ្តាលឱ្យត្រូវចំក្បាល ជាំមុខ និងជាំក្នុងភ្នែក។ បន្ទាប់ពីវ៉ៃជនរងគ្រោះរួច ក្រុមសង្ស័យ បានហៅជនរងគ្រោះ ឱ្យឡើងលើម៉ូតូ រួចដឹកជនរងគ្រោះ មកដល់វិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹសវិញ។ បន្ទាប់មក ក្រុមជនសង្ស័យ បានជិះម៉ូតូចេញពីសាលា ទៅបាត់អស់ទៅ ហើយជនរងគ្រោះ ត្រឡប់មកផ្ទះវិញ រួចបានប្រាប់ទៅអ៊ំស្រីថា មានគេព្រួតវ៉ៃ ទើបអ៊ំស្រីរបស់ជន រងគ្រោះ បានប្រាប់ឪពុកម្តាយរបស់ជនរងគ្រោះ បន្ត។ លុះមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទើបឪពុកម្តាយរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍ជើងកើប សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានចុះទៅដល់សាលារៀន រួចឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ យកមកសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះលីម សាហ្វីរ៉ា បានសារភាពថា ខ្លួនពិតជាបានឆាតទៅជន សង្ស័យ ឈ្មោះពៅ លីហ្សា ដើម្បីឱ្យជនសង្ស័យឈ្មោះពៅ លីហ្សា នោះខឹងនឹងជនរងគ្រោះ ដើម្បីមកវាយជនរងគ្រោះ ព្រោះខ្លួន និងជនរងគ្រោះ ធ្លាប់មានទំនាស់នឹងគ្នា។
ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕