ខេត្តបាត់ដំបង ៖ បុរសម្នាក់ ជាអ្នកសារព័ត៌មាន បានធ្វើសកម្មភាពឆបោក លក់ចិញ្ចៀនកាឡៃ ដោយភូតកុហកថាជាចិញ្ចៀនប្លាទីន លុះឆបោកជនរងគ្រោះ ចំនួន២នាក់ បានលុយ ១លាន៥សែនរៀល ត្រូវកម្លាំងជំនាញអា វុធហត្ថ តាមស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីឆបោកនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១៣ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិធំ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការ បានចុះស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ដែលប្រើល្បិចលក់ចិញ្ចៀនកាឡៃ ថាជាប្លាទីន បោកប្រាស់ប្រជាពលរដ្ឋ។ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១៣ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន មានករណីឆបោកមួយបានកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះហេង សម្បត្តិ បានជិះម៉ូតូ ១គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ 5562 ធ្វើសកម្មភាពដើរលក់ចិញ្ចៀនកាឡៃ ដោយភូតកុហកជនរងគ្រោះ ថាជាប្លាទីន។ ក្នុងនោះមានជនរងគ្រោះ ចំនួន២នាក់ បានចាញ់បោក ទិញអស់ប្រាក់សរុបជាង ១លាន ៥សែនរៀល។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង អាយកូម ២គ្រឿង ទូរស័ព្ទ ២គ្រឿង នាឡិកា ១គ្រឿង និងចិញ្ចៀន ៣វង់។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមច្បាប់៕