ភ្នំពេញ ៖ រថយន្តសណ្តោងកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រ ១គ្រឿង ខណៈកំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែរបូតកន្ទុយរ៉ឺម៉ក ដែលមានដឹកទូកុងតឺន័រ ចេញពីក្បាលរថយន្តធ្លាក់អុកលើផ្លូវ បង្កឱ្យអ្នកដំណើរមានការភ័យតក់ស្លុតគ្រប់គ្នា សំណាងល្អ មិនបង្កឱ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ-ឈ្នះ ត្រង់ចំណុចភ្លើងស្តុបក្រោមស្ពានមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅខាង លិចផ្សារជម្ពូវ័ន ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កហេតុ ម៉ាក FRIEGHTLINER ពណ៌ស ទាំងក្បាលរថយន្ត និងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3C-4602 ដូចគ្នា និងពុំត្រូវបានគេស្គាល់ថា ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត ណាមួយនោះទេ។

តាមប្រភពប្រជាពលរដ្ឋជាអ្នកដំណើរលើដងផ្លូវ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត ១គ្រឿង ខាងលើ បើកបរតាមមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ស្តាំដៃ ដើម្បីឡើងផ្លូវជាតិលេខ៤ សំដៅទៅទិសខាងលិចវិញ ស្រាប់តែរំពេចនោះ កន្ទុយរ៉ឺម៉ក ដែលមានទូកុងតឺន័រនៅលើនោះ បានរបូតចេញពីក្បាលរថយន្ត ហើយធ្លាក់អុកលើផ្លូវតែម្តង។ ចំណែកក្បាលរថយន្ត ដោយសារតែបើកលឿនដែរ បានហួសទៅមុខចម្ងាយប្រមាណជាង៥០ម៉ែត្រ ទើបឈប់ស្ងៀម ហើយខណៈនោះ បានធ្វើឱ្យពួកគាត់ជាអ្នកដំណើរមានការភ័យខ្លាចយ៉ាងខ្លាំង តែសំណាងល្អ នៅក្នុងហេតុការណ៍នេះ មិនបង្កឱ្យអ្នកដំណើរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឱ្យតំណាងក្រុមហ៊ុននោះ យកក្បាលរថយន្តខាងលើ ទៅថ្ពក់សំណ្តោងឡើងកន្ទុយរ៉ឺម៉កនោះឡើងវិញ។ បន្ទាប់មក នគរបាលបាននាំយកទៅរក្សាទុក រង់ចាំការផាកពិន័យ និងអប់រំ នៅពេលក្រោយ ដោយនគរបាលបញ្ជាក់ថា ខាងក្រុមហ៊ុននោះ មានការធ្វេសប្រហែស គ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ មុននឹងចេញដំណើរ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃគ្រប់ពេលបាន៕
