ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ១ករណី ដោយធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាម ចំនួន៨នាក់ និងជនជាតិចិន ចំនួន២នាក់ (សរុប១០នាក់) ព្រមទាំងដកហូតវត្ថុតាង គ្រឿង ញៀនមួយចំនួន និងអាវុធខ្លី ១ដើម ទៀតផង។

តាមសមត្ថកិច្ច បានឱ្យដឹងថា ការឈានដល់ការបង្ក្រាបបាននេះ ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន១០នាក់ ជនជាតិវៀតណាម៨នាក់ (ស្រី១) និងជនជាតិចិនចំនួន២នាក់។

ចំពោះសម្ភារៈ និងវត្ថុតាងដកហូតបាន រួមមាន ១-សារធាតុញៀនសរុបទម្ងន់ ៧៧,៨១ក្រាម។ ២-សារធាតុមិនច្បាស់ទម្ងន់ ២៤១,៥៣ក្រាម។ ៣-កញ្ឆាក្រៀម ទម្ងន់ ០,៧១ក្រាម។ ៤-ជញ្ជីងថ្លឹងថ្នាំញៀន ៣គ្រឿង។ ៥-អាវុធខ្លីម៉ាក K59 មួយដើម គ្រាប់២៩គ្រាប់។ ៦-ទូរស័ព្ទ ចំនួន១៧ គ្រឿង។ ៧-ម៉ូតូ ចំនួន២គ្រឿង ព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត។

ជនសង្ស័យទាំង១០នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង រួចហើយ៕
