ខេត្តសៀមរាប ៖ រថយន្តដឹកទំនិញ ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ចំពីក្រោយពេញទំហឹង និងបន្តទៅបុករថយន្ត ១គ្រឿងទៀត បណ្តាលឱ្យខូចខាតធ្ងន់ និងបណ្តាលឱ្យជនរងគ្រោះ២នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង ចំណែក១០នាក់ទៀត រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិជ្រៃខាងជើង ឃុំកៀន សង្កែស្រុកសូទ្រនិគម។
ជនរងគ្រាះទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ទី១-ឈ្មោះឆេង វ៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង និងទី២-ឈ្មោះហិន លីហួរ ភេទប្រុស អាយុ០៨ឆ្នាំ មានលំនៅ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។

ចំណែកអ្នករងរបួសធ្ងន់ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះស៊ីន ញ៉ុង ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី២-ឈ្មោះជឿន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ។ និងទី៣-ឈ្មោះអ៊ាង ខ្លី ភេទប្រុស អាយុ២៥ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ ជាអ្នករួមដំណើរក្នុងរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ និងមានលំនៅក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។
ដោយឡែក អ្នករងរបួសស្រាល មានចំនួន៧នាក់ រួមមាន ទី១-ឈ្មោះវុទ្ធី សេរីពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក។ ទី២-ឈ្មោះលុន បុល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសំរោងកញ្ចោច ឃុំឫស្សីលលក ស្រុកជីក្រែង ជាអ្នករួមដំណើរក្នុងរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ។ ទី៣-ឈ្មោះធន់ ចិត្ត ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ជាអ្នករួមដំណើរក្នុងរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ។ ទី៤-ឈ្មោះលី លន់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ជាអ្នកបើកបររថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ។ ទី៥-ឈ្មោះទូច ពេជ្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង ជាអ្នកបើកបររថយន្តម៉ាក Lexus RX-300។ ទី៦-ឈ្មោះហិន នារតី ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង ជាអ្នករួមដំណើរក្នុងរថយន្តម៉ាក Lexus RX-300 និងទី៧-ឈ្មោះសំ គា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាអ្នករួមដំណើរក្នុងរថយន្តម៉ាក Lexus RX-300។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-2517 បើកបរដោយឈ្មោះលី លន់ ធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីលិច ទៅកើត លុះមកដល់ត្រង់ចំណុចកើត ហេតុខាងលើ បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខៀវ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះវុទ្ធ សេរីពិសិដ្ឋ ដែលកំពុងបើកបរក្នុងទិសដៅពីលិច ទៅកើត (ស្របទិសគ្នា) យ៉ាងពេញទំហឹង។
ប្រភពដដែល បន្តថា បន្ទាប់ពីបុកម៉ូតូសណ្តោងរ៉ឺម៉ករួច រថយន្តបង្កហេតុ បានជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ម៉ាក Lexus RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-6977 បើកបរដោយឈ្មោះទូច ពេជ្យ ថែម១តង់ទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឱ្យស្លាប់មនុស្ស ចំនួន២នាក់ ជាអ្នករួមដំណើរក្នុងរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ និងរងរបួសធ្ងន់និងស្រាល មនុស្សចំនួន១០នាក់ ជាអ្នករួមដំណើរក្នុងរថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តម៉ាក Lexus ព្រមទាំងម៉ូតូសណ្តោងរ៉ឺម៉ក។
សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យខូចខាតរថយន្ត ចំនួន២គ្រឿង (ធ្ងន់ធ្ងរ) និងម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង (ធ្ងន់ធ្ងរ)។ តាមការសន្និដ្ឋាន មូលហេតុអាចបណ្តាលមកពីអ្នកបើកបររថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែករថយន្តទាំង២គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។
ដោយឡែក សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕