ភ្នំពេញ ៖ ក្មេងទំនើងជាសិស្សសាលា ចំនួនពីរនាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ឃាត់ខ្លួនយកមកធ្វើការអប់រំ។
ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចកែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ក្មេងទំនើងទាំង២នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអឿន លីជីអី ហៅជីអី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (ជាអ្នកបង្ហោះម៉ូតូ) និងទី២-ឈ្មោះវឿន សេងបញ្ញាស័ក ហៅបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស (ជាអ្នកជិះពីក្រោយ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ជាក់ស្តែង ពីបទបង្ហោះម៉ូតូនៅបណ្តោយផ្លូវសាធារណៈ នៅចំណុចបណ្តោយផ្លូវកម្ពុជាក្រោម រហូតកែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ ចំនួន១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌លឿងលាយស ពាក់ ស្លាកលេខ ភ្នំពេញ 1LO-8015 (ចាប់យកពីឈ្មោះ វឿន សេងបញ្ញាស័ក)។

ក្មេងទំនើងទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ មុននឹងឲ្យឪពុកម្តាយ មកធានាយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ត្រូវបានឃាត់ទុក ៣ខែ៕