ភ្នំពេញ ៖ ទីតាំងផ្ទះជួលបិទស្កុតរថយន្តនិងម៉ូតូ ១កន្លែង ត្រូវបានម្ចាស់បិទទ្វារ ចាក់សោទុកចោល លុះក្រោយមក ចរន្តអគ្គិសនីបានដាច់ ១សន្ទុះ លុះពេលមានចរន្តអគ្គិសនីវិញ ស្រាប់តែភ្លើងឆេះផ្ទះ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទាញបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ និងទាក់ទងសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិ ភ័យភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះបិទស្កុតរថយន្តនិងម៉ូតូ ១កន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្ទះបិទស្កុតឡាននិងម៉ូតូខាងលើ បានចាក់សោទុកចោល ស្រាប់តែក្រោយមក ឃើញមានផ្សែងហុយទ្រលោមចេញពីខាងក្នុង លាយដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងម្ចាស់ផ្ទះជួល នាំគ្នាទម្លុះទ្វារ រួចយកបំពង់បាញ់ពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗ ទើបភ្លើងបានរលត់ទៅវិញ តែពុំបណ្តាលឲ្យឆេះរាលដាលធ្ងន់ឡើយ។

តាមប្រភពម្ចាស់ផ្ទះជួល បានឱ្យដឹងថា ព្រឹកថ្ងៃកើតហេតុ ភ្លើងបានដាច់ (ដាច់ចរន្តអគ្គិសនី) លុះមុនពេលកើត ស្រាប់តែភ្លើងបានឆេះវិញ (មានចរន្តអគ្គិសនីវិញ) ស្រាប់តែប្រមាណ ១០នាទីក្រោយមក ឃើញផ្សែងហុយចេញពីខាងក្រោមផ្ទះដែលគាត់ជួលឱ្យគេបិទស្កុតឡាន-ម៉ូតូ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង បាញ់ពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។ នៅក្នុងហេតុការណ៍នេះ បណ្តាលឱ្យសម្ភារៈមួយចំនួនបានរងការខូចខាត តែពុំបណ្តាលឲ្យឆេះរាលដាលឡើយ។ ចំណែកមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ គឺ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕


