ភ្នំពេញៈ បុរសញៀនថ្នាំម្នាក់ បានបង្ករឿងអុកឡុកក្រុមគ្រួសារ ជាប្រចាំ រហូតដល់ឪពុកម្តាយទ្រាំលែងបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យចុះមកចាប់ខ្លួនកូនប្រុស យកទៅដាក់មណ្ឌលកែប្រែ ស្រាប់តែពេលសមត្ថកិច្ចចុះមកដល់ កូនប្រុសបែកថ្នាំ បានទាញដុំថ្មគប់សមត្ថកិច្ច បណ្តាលឱ្យរងរបួសស្រាល ៣នាក់ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចប្រដាប់ដោយដំបងនិងខែល ព័ទ្ធចាប់ឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌខែឫស្សីកែវ។
បុរសញៀនថ្នាំដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ាន់ ពៅពន្លក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសញៀនថ្នាំខាងលើ តែងបង្ករឿងអុកឡុកក្រុមគ្រួសារ ជារៀងរាល់ថ្ងៃ រហូតដល់ឪពុកម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ នាំខ្លួនបញ្ជូនទៅកាន់មណ្ឌលកែប្រែ។ ខណៈពេលដែលសមត្ថកិច្ចចុះចាប់ខ្លួនបុរសនោះ ប្រដាប់ទៅដុំថ្ម តដៃដោយគប់មកលើសមត្ថកិច្ច បណ្តាលឱ្យរងរបួសស្រាល ចំនួន៣នាក់ ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប្រដាប់ទៅដោយខែល និងដំបងបង្រ្តាប នាំគ្នាព័ទ្ធចាប់ឃាត់ខ្លួនបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ។

លោកវីរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា កម្លាំងនគរបាលចំនួន៣នាក់ បានរងរបួសស្រាល បន្ទាប់ពីឪពុកម្តាយរបស់បុរសញៀនថ្នាំខាងលើ បានប្តឹងសមត្ថកិច្ច ឱ្យទៅអន្តរាគមន៍ចាប់បញ្ជូនទៅមណ្ឌលកែប្រែ។
លោកអធិការ បានឱ្យដឹងបន្តថា បុរសនោះ បានប្រើដុំថ្ម និងដែក គប់មកលើសមត្ថកិច្ច ហើយសមត្ថកិច្ចបានប្រើខែលនិងដំបង ដើម្បីឃាត់ខ្លួនបុរសនោះ។ នៅក្នុងការឃាត់ខ្លួនបុរសនោះ បានវាយបណ្តាលឱ្យខែលបែកខូចខាតផងដែរ។ បន្ទាប់ពីឃាត់ខ្លួន បុរសនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលកែប្រែ ឱកាសខ្ញុំ ដើម្បីបន្សាបសារធាតុញៀន៕