ខេត្តសៀមរាប ៖ ត្រីប្រាក្លាស្សេ ទម្ងន់៣តោន ត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ តាមរថយន្តសាំងយ៉ុង ១គ្រឿង ដោយគ្មានលិខិតអនុញ្ញាត ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ចាប់ឃាត់បាន នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៦ ភូមិកំពុងតាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9942 មានដឹកត្រីប្រាក្លាស្សេ ទម្ងន់៣តោន នាំចូលពីប្រទេសថៃ ដោយមិនមានលិខិតអនុញ្ញាអ្វីទាំងអស់។

ប្រភពដដែល បន្តថា ត្រីប្រាក្លាស្សេ ទម្ងន់៣តោនខាងលី ត្រូវបានឈ្មួញនាំចូលមកពីប្រទេសថៃ ដោយដឹកតាមរថយន្តខាងលើ បំណងយកទៅចែកចាយលក់បន្តនៅក្នុងខេត្តសៀមរាប តែត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ស្ទាក់ចាប់ត្រួតពិនិត្យ ឃើញថា ពុំមានលិខិតអនុញ្ញាតឡើយ។
បន្ទាប់ពីឃាត់រថយន្តដឹកត្រីក្លាស្សេ ៣តោន ម្ចាស់ដែលជាអ្នកនាំចូល បានយល់ព្រមចូលខ្លួនមកផាកពិន័យតាមគោលការណ៍ច្បាប់៕