Monday, June 9, 2025
Homeព័ត៌មានជាតិមេបក្សសន្តិភាពជាតិ ថាក្រុមសម រង្ស៊ី ចង់ដុតផ្ទះខ្លួនឯង តម្រូវចិត្តកញ្ជះបរទេស

មេបក្សសន្តិភាពជាតិ ថាក្រុមសម រង្ស៊ី ចង់ដុតផ្ទះខ្លួនឯង តម្រូវចិត្តកញ្ជះបរទេស

ភ្នំពេញ ៖ បន្ទាប់ពីក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ  បានផ្ញើលិខិតចំហជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យសម្តេច ស្នើរដ្ឋសភា ផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នោះរួចមក លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្រុមសម រង្ស៊ី កំពុងចង់ដុតផ្ទះខ្លួនឯង តម្រូវចិត្តកញ្ជះបរទេស ដែលល្បែងភូមិសាស្ត្រនយោបាយនេះ អាចបង្កឲ្យមានជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ថា «ដុតផ្ទះខ្លួនឯង តម្រូវចិត្តកញ្ជះបរទេស! ការផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS កម្ពុជា អាចនឹងមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នាផ្លូវអាវុធ ជាយថាហេតុ ដោយជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងឡើងវិញ។ ការដោះស្រាយវិបត្តិព្រំដែនសមុទ្រ ទ្វេភាគីជាមួយប្រទេសជិតខាង ល្អបំផុត យោបល់អាគាំង ស្តាប់ទៅល្អ ប៉ុន្តែជាល្បិចចាក់រុក បញ្ឆេះសង្គ្រាមភូមិសាស្រ្តនយោបាយ (កាត់ដី ៤ខេត្ត ទៅមិនរួច កោះគុត ទៅមិនរួច ប្រាសាទតាមាន់ធំ ទៅមិនរួច បង្ខំផ្តល់សច្ចាប័ន ) ហើយជាអ្វីដែលក្រុមអារត់ចោលស្រុក ប្រាថ្នាចង់បាន“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថា ល្បែងភូមិសាស្រ្តនយោបាយ ដែលបញ្ឆេះសង្រ្គាមជាមួយប្រទេសជិតខាង វាជារឿងមួយដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសកម្ពុជា ដែលកំពុងតែប្រឹងងើបពីភាពក្រីក្រ និងប្រឹងងើបពីប្រទេសទន់ខ្សោយ ទៅជាប្រទេសដែលអាចឈរជើងបាន ហើយក៏ដូចជាផ្ដល់ឱកាសឲ្យបច្ចាមិត្ត បំផ្លាញយើងបានគ្រប់ពេលផងដែរ ។ ដូច្នេះការចរចាទ្វេភាគី រឿងព្រំដែនជាមួយប្រទេសជិតខាង ប្រសើរជាង ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ចំណុចទី១ ខ្ញុំសំដៅទៅលើក្រុមលោកសម រង្ស៊ី ហើយនិងបក្ខពួករបស់គាត់ទាំងអស់ ហើយក៏មានបរទេសនៅពីក្រោយផងដែរ ពីព្រោះរឿងនេះ ដើមហេតុគឺកើតចេញពីឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា គាត់លើកយោបល់ហ្នឹង ។ អ៊ីចឹងសម្រាប់ខ្ញុំៗយល់ឃើញថា វាជារឿងមួយ ដែលកម្ពុជា ត្រូវគិតឲ្យបានស៊ីជម្រៅបន្តិច ។ បើបារាំង ដែលជាម្ចាស់អាណាព្យាបាលរបស់យើង ពិតជាគិតគូរដល់យើង មិនមែនបារាំងសុខចិត្តកាត់កម្ពុជាក្រោម ហើយនិងកោះត្រល់ ឲ្យទៅវៀតណាមខាងត្បូងទេ ។ បើបារាំង ពិតជាគិតគូរដល់យើង ក៏មិនធ្វើឲ្យកោះគុត អីហ្នឹង ប្រាសាទតាមាន់ ហ្នឹងមានបញ្ហាដែរ យើងមិនមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងហ្នឹងដែរ គឺបារាំង គិតគូរតាំងពីបារាំង មានសិទ្ធិចាត់ចែងទាំងស្រុងនោះ មិនមែនទើបតែគិតគូរពេលនេះទេ ។ អ៊ីចឹងល្បែងភូមិសាស្រ្តនយោបាយ ដែលបញ្ឆេះសង្រ្គាមជាមួយប្រទេសជិតខាងនេះ វាជារឿងមួយដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសកម្ពុជាយើង ដែលកំពុងតែប្រឹងងើបពីភាពក្រីក្រ កំពុងតែប្រឹងងើបពីប្រទេសទន់ខ្សោយ ទៅជាប្រទេសដែលអាចឈរជើងបាននេះ ហើយក៏ដូចជាផ្ដល់ឱកាសឲ្យបច្ចាមិត្ត បំផ្លាញយើងបានគ្រប់ពេលផងដែរ ។ ជាក់ស្ដែង ខ្ញុំឧទាហរណ៍ខ្លះថា បើមានជម្លោះកើតឡើង តើអ្នកណាអ្នកខាត? គឺកម្ពុជា អ្នកខាត មិនមែនប្រទេសធំៗជាងខ្មែរយើង ឬក៏ប្រទេសបារាំង អ្នកខាតទេ ហើយក៏មិនមែនពួកសម រង្ស៊ី ហើយនិងពួកបរិវារមួយចំនួន ដែលជាពួកជ្រុលនិយមនេះខាតទេ គឺពួកវាអ្នកចំណេញ គឺការដុតបញ្ឆេះ តាមរយៈកាត់ដី ៤ខេត្តឲ្យយួន តាមរយៈកោះគុត រឿងប្រាសាទតាមាន់ នេះ គឺសុទ្ធតែជារឿងមួយដែលមានបរទេសនៅពីក្រោយ ដើម្បីរុញរឿងហ្នឹងតថ្លៃជាមួយរដ្ឋាភិបាលកម្ពុជា“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “អ៊ីចឹងសម្រាប់ខ្ញុំៗយល់ថា ការចុះអនុសញ្ញាផ្ដល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រនេះ គឺវាជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសកម្ពុជា យើងគួរតែយកពេលនេះពង្រឹងជាតិរបស់យើងឲ្យខ្លាំង ហើយយើងចរចាទ្វេភាគី បោះបង្គោលព្រំដែន យើងបោះបានប៉ុនណា យើងបោះឲ្យហើយសិនទៅ ហើយសល់ប៉ុន្មាន យើងចរចាគ្នាតទៅទៀត នោះទើបវាធានាប្រទេសយើងអាចដើរទៅមុខបានយ៉ាងរលូន មិនជឿតាមការញុះញង់របស់ពួកមហាអំណាច ដែលមានគំនិតទុច្ចរិតនៅពីក្រោយ ។ យើងឃើញហើយថា បទពិសោធន៍ប្រទេសអ៊ុយក្រែន គឺដោយសារជឿការញុះញង់របស់អង់គ្លេស ហើយនិងបារាំង ហ្នឹងហើយ ដែលធ្វើឲ្យអ៊ុយក្រែន ខ្ទេចដល់រាល់ថ្ងៃ សួរថា ចំណេញអីមកវិញ? ហើយអង់គ្លេស និងបារាំង ខាតអី? វាគ្មានខាតអីវាទេ វាខាតតែអ៊ុយក្រែន ហ្នឹងឯង ។ អ៊ីចឹងយើងនិយាយនេះ យើងមិនមែនបានន័យថា យើងខ្លាចទេ ប៉ុន្តែយើងត្រូវស្គាល់ខ្លួនឯងច្បាស់ថា កាលណាកម្ពុជាយើងដើរចូលទៅក្នុងបន្ទាត់ក្រហម យើងត្រូវចេះការពារខ្លួនឯង ពីព្រោះពេលដែលមានវិបត្តិកើតឡើង មិនមែនមហាអំណាចអស់ហ្នឹងមកដោះស្រាយឲ្យយើងទេ គឺយើងទេអ្នកដោះស្រាយខ្លួនឯង អាហ្នឹងចំណុចទី១“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ចំណុចទី២ សម្រាប់កម្ពុជា ការដោះស្រាយបញ្ហាទ្វេភាគីជាមួយប្រទេសជិតខាង បញ្ហាព្រំដែនគោក ព្រំដែនទឹក ព្រំដែនសមុទ្រនេះ គឺយើងធ្វើឲ្យអស់លទ្ធភាព ។ បើយើងធ្វើអស់លទ្ធភាពហើយ អាហ្នឹងយើងប្រាកដជាអាចដោះស្រាយបាន តាមវិធីមួយដែលយើងអាចការពារជាតិរបស់យើងបាន ព្រោះយើងឥឡូវវានៅផុយស្រួយណាស់ ។ អ៊ីចឹងកុំជឿល្បិចញុះញង់របស់សម រង្ស៊ី ដែលជាអាយ៉ងបរទេសពេញទីនេះ ។ អ៊ីចឹងបើសម រង្ស៊ី ឆ្លាត បើសម រង្ស៊ី ពិតជាស្រលាញ់ខ្មែរមែន សម រង្ស៊ី បោះចោលសញ្ជាតិបារាំងហើយ មិនមែនឱបក្រសោបសញ្ជាតិបារាំង ដូចរាល់ថ្ងៃនេះទេ ។ អ៊ីចឹងសម រង្ស៊ី បម្រើបារាំង ច្រើនជាងបម្រើខ្មែរ រាល់ថ្ងៃហ្នឹង ។ អ៊ីចឹងពាក្យប្រជាធិបតេយ្យ គ្រាន់តែបាំងមុខហ្នឹងឯង ។ អ៊ីចឹងអ្វីដែលខ្ញុំចង់បញ្ជាក់នៅកន្លែងនេះ គឺការដែលយើងមិនដើរចូលក្នុងអន្ទាក់របស់មហាអំណាច ដែលមានគំនិតទុច្ចរិតជាមួយប្រទេសរបស់យើង ចង់ធ្វើឲ្យយើងឆាបឆេះភ្លើងសង្រ្គាមសាថ្មី នោះហើយវិថី ជាខឿន ជាវិធីយ៉ាងល្អ ដែលយើងអាចការពារជាតិយើង ហើយធានាការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឆ្ពោះដំណើរទៅមុខ ប្រកបដោយការជឿទុកចិត្ត“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ  ខាងលើនេះ បានធ្វើឡើងក្រោយពីលោកទេព មនោរម្យ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង (CAMBODIA NATIONAL RESCUE PARTY – FRANCE) ដែលជាសហការីលោកសម រង្ស៊ី បានធ្វើលិខិតចំហ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ផ្ញើជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យសម្តេច ស្នើទៅរដ្ឋសភា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយថែមទាំងបានព្រមានថា បើនាយករដ្ឋមន្រ្តី មិនដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្រ និងដែនដីកោះ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងនេះទេ ជនជាតិខ្មែរ ជុំវិញពិភពលោក នឹងធ្វើបាតុកម្មឥតឈប់ឈរ ហើយនឹងធ្វើញត្តិស្នើទៅសហគមន៍អន្តរជាតិ ជាពិសេសអង្គការសេហប្រជាជាតិ ឲ្យជួយអន្តរាគមន៍ ។

លិខិតចំហ របស់លោកទេព មនោរម្យ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង ផ្ញើជូនសម្តេចហ៊ុន ម៉ាណែត មានខ្លឹមសារថា “ជម្លោះព្រំដែនសមុទ្រ និងការបញ្ហាមិនឯកភាពគ្នាចំពោះដែនដីកោះ ជាមួយប្រទេសជិតខាង ដែលកំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក ក្នុងរយៈពេលចុងក្រោយនេះ នឹងអាចធ្វើឲ្យមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នា តាមរយៈកងទ័ពប្រដាប់អាវុធ ជាយថាហេតុ ។ ដោយមើលឃើញហេតុផលនេះ សាខាគណបក្សសង្គ្រោះជាតិ ប្រទេសបារាំង ជំរុញឲ្យរដ្ឋអំណាចលោកហ៊ុន ម៉ាណែត ដាក់ស្នើឲ្យរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS)។ សូម្បីតែលោកចៅក្រមអន្តរជាតិ ដែនសមុទ្រ លោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa Horinouchi) និងឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺលលេ (Jacques Pellet) ក៏បានជំរុញឲ្យកម្ពុជា ផ្តល់សច្ចាប័នដល់ច្បាប់សមុទ្រ (UNCLOS) នេះផងដែរ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងដែនដីកោះ ជាមួយប្រទេសជិតខាង» ។

លិខិតចំហ របស់លោកទេព មនោរម្យ បន្តថា «សូមរំលឹកផងដែរថា ជម្លោះព្រំដែនសមុទ្រ បញ្ហាមិនឯកភាពគ្នាចំពោះដែនដីកោះ ជាមួយប្រទេសជិតខាងនេះ ធ្វើឲ្យមានការរធ្វើបាតុកម្ម តាមប្រទេសនានាជុំវិញពិភពលោក ពីសំណាក់ជនជាតិខ្មែរ ទាមទារឲ្យរដ្ឋអំណាចទីក្រុងភ្នំពេញ ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ប្តឹងករណីកោះគុត ទៅកាន់តុលាការអន្តរជាតិ។ ច្បាប់អន្តរជាតិនេះ ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ប្រទេសកម្ពុជា ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិខ្មែរ ដែលមានចែងក្នុងសន្ធិសញ្ញាទីក្រុងបារីស ស្តីពីកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ ច្បាប់អន្តរជាតិនេះទៀតសោត ក៏ជាមូលដ្ឋានដ៏រឹងមាំមួយ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ និងដែនដីកោះ ជាមួយប្រទេសជិតខាង យ៉ាងមានប្រសិទ្ធភាព ដោយសន្តិវិធី និងយុត្តិធម៌ តាមគោលការណ៍អន្តជាតិ»។

លិខិតចំហ របស់លោកទេព មនោរម្យ បន្តថា «សូមបញ្ជាក់ផងដែរថា បើយោងតាមការស្រាវជ្រាវបស់អ្នកជំនាញផ្នែកព្រំដែន របស់គណបក្សសង្គ្រោះជាតិ និងអ្នកជំនាញផ្នែកព្រំដែនផ្សេងទៀត មើលឃើញថា ប្រសិនបើកម្ពុជា ផ្ដល់សច្ចាប័ន ដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់‌សមុទ្រ (UNCLOS) នោះកម្ពុជា និងទទួលបានកោះគុត ដែលកំពុងមានបញ្ហាជាមួយប្រទេសថៃ និងកោះត្រល់ ដែលជាកោះរបស់ខ្មែរ ហើយដែលវៀតណាម កំពុងតែកាន់កាប់ ដោយសារសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលអន្តរជាតិមិនទទួលស្គាល់ ។ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង និងជនជាតិខ្មែរ នៅជុំវិញពិភពលោក មើលឃើញ និងយល់យ៉ាងច្បាស់ថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងផ្តល់ផលប្រយោជន៍ជាច្រើន មកដល់កម្ពុជា ជាពិសេសដែនទឹកសមុទ្រ និងដែនដីកោះ ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើនអនេក»។

លិខិតចំហ របស់លោកទេព មនោរម្យ បន្តទៀតថា «សាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង សូមបញ្ជាក់ថា ប្រសិនបើរដ្ឋអំណាចរបស់លោក ហ៊ុន ម៉ាណែត ពិតជាគិតដល់ប្រយោជន៍ជាតិជាធំពិតមែន នោះគ្មានមូលហេតុអ្វីដែលលោក ហ៊ុន ម៉ាណែត មិនដាក់ស្នើឲ្យរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សច្ចាប័នពេញលេញ ដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នោះទេ។ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង និងជនជាតិខ្មែរ នៅជុំវិញពិភពលោក សូមព្រមានថា ប្រសិនបើរដ្ឋអំណាចលោក ហ៊ុន ម៉ាណែត នៅតែរកលេសមិនស្នើដល់រដ្ឋសភាជាតិ ឲ្យផ្តល់សច្ចាប័ន ដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នោះទេ ជនជាតិខ្មែរ ជុំវិញពិភពលោក នឹងធ្វើបាតុកម្មឥតឈប់ឈរ ហើយនឹងធ្វើញត្តិស្នើទៅសហគមន៍អន្តរជាតិ ជាពិសេសអង្គការសេហប្រជាជាតិ អន្តរាគមន៍ចំពោះបញ្ហាជម្លោះព្រំដែនសមុទ្រ និងដែនដីកោះ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងនេះ“ ។

ទោះយ៉ាងណា ជុំវិញការជំរុញរបស់អតីតគណបក្សសង្រ្គោះជាតិនៅប្រទេសបារាំង ខាងលើនេះ ណា អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ការស្នើសុំ ការទាមទារ ជាសិទ្ធិរបស់អ្នកស្នើសុំ អ្នកទាមទារ ប៉ុន្តែចំពោះការអនុវត្តឬមិនអនុវត្ត អាស្រ័យទៅលើការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំប្រទេស ។ ម្យ៉ាងទៀត ការព្រមានធ្វើបាតុកម្ម របស់ក្រុមប្រឆាំង មិនមែនទើបតែមានពេលនេះទេ គឺមានតាំងពីឆ្នាំ១៩៩៣ មក ។ ដូច្នេះវាគ្មានអីចម្លែកទេ ចង់ធ្វើម៉េចក៏ធ្វើទៅ ឲ្យតែប្រទេសដែលខ្លួនរស់នៅអនុញ្ញាត តែត្រង់ថា បានផលយ៉ាងណា វាទៅតាមករណីជាក់ស្ដែងនីមួយៗ ។

            លោកសុខ ឥសាន បានមានប្រសាសន៍ថា “អារឿងសំណើរបស់គាត់ មិនមែនត្រឹមតែគណបក្សនយោបាយនៅក្នុងរដ្ឋសភា ឬក៏ក្រៅរដ្ឋសភាទេ គឺជាសិទ្ធិរបស់ពលរដ្ឋទូទៅ ។ អ៊ីចឹងទេ បានជាច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាល មានតួនាទីភារកិច្ចក្នុងការដោះស្រាយរាល់បញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ។ អ៊ីចឹងទេ ការស្នើរបស់គាត់ អាហ្នឹងយើងចាត់ទុកថា ជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែការសម្រេចយ៉ាងណា វាអាស្រ័យទៅលើសំណូមពរចាំបាច់ ដែលរាជរដ្ឋាភិបាល លោកត្រូវធ្វើ ឬមិនត្រូវធ្វើ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ ។ ចំពោះការធ្វើបាតុកម្ម យើងមិនអាចទុកថាព្រមានឬមិនព្រមានទេ ព្រោះការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលគណបក្សប្រជាជននោះ វាមានតាំងពីឆ្នាំ១៩៩៣ មក បើគិតរហូតមកដល់សព្វថ្ងៃនេះ ជាង៣០ឆ្នាំហើយ ។ អ៊ីចឹងវាមានអីរឿងចម្លែក? វាអត់អីរឿងចម្លែកទេ ជាសិទ្ធិរបស់គាត់ ឲ្យតែប្រទេសជាម្ចាស់ផ្ទះហ្នឹង គេអនុញ្ញាត អ្នកឯងធ្វើម៉េចធ្វើទៅ ក៏ប៉ុន្តែត្រង់ថា បានផលយ៉ាងណា វាទៅតាមករណីជាក់ស្ដែងនីមួយៗ ។ យ៉ាងណា រឿងច្បាប់សមុទ្រ អាហ្នឹងវាជាច្បាប់ដែលមាននៅអង្គការសហប្រជាជាតិ អាហ្នឹងគ្រប់ប្រទេសដែលជាសមាជិកអង្គការសមាជិកសហប្រជាជាតិ ត្រូវតែគោរពនិងអនុវត្តហើយ ក៏ប៉ុន្តែនៅលើពិភពលោក ដែលមានប្រទេសជាង ២០០ប្រទេសនេះ មិនមែនសុទ្ធតែអនុវត្តគ្រប់តែប្រទេសទេ ។ អ៊ីចឹងបើប្រទេសណាមានបញ្ហាព្រំដែន មានសមុទ្រ អាហ្នឹងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប្រទេសនោះ ជាអ្នកគិតគូរ ។ អ៊ីចឹងចំពោះយើងនេះ វាមានដំណាក់កាលឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើន ដែលបន្សល់ទុកឲ្យយើងដោះស្រាយ ដែលជាអ្នកជំនាន់ក្រោយ ។ អ៊ីចឹងខ្ញុំយល់ថា ទី១ ការស្នើសុំ ការទាមទារ អាហ្នឹងជាសិទ្ធិរបស់អ្នកស្នើសុំ អ្នកទាមទារ ទី២ ចំពោះការអនុវត្តឬមិនអនុវត្ត អាស្រ័យទៅលើការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំប្រទេស អាហ្នឹងរឿងតែប៉ុណ្ណឹងទេ“ ៕ កុលបុត្រ

RELATED ARTICLES