Monday, June 9, 2025
Homeតារាខ្មែរចែម ស្រីល័ក្ខ ពន្យារពេលយកកូន

ចែម ស្រីល័ក្ខ ពន្យារពេលយកកូន

ភ្នំពេញ ៖ តារាចម្រៀងថោន អ្នកនាងចែម ស្រីល័ក្ខ បានរៀបការជាមួយលោកឃី ពេជ្រ កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ ដែលពិធីជប់លៀងធំ ធ្វើនៅខេត្តតាកែវ ជាស្រុកកំណើតរបស់នាង ខណៈដែលស្វាមីនាងក៏ជាអ្នកខេត្តនេះដែរ តែរស់នៅស្រុកផ្សេងគ្នា ។ ស្រីល័ក្ខ ថានាងនិងលោកពេជ្រ បានស្រលាញ់គ្នា តាំងពីឆ្នាំ២០២០ និងបានភ្ជាប់ពាក្យជាមួយគ្នាកាលពីឆ្នាំ២០២២ ទើបឈានមករៀបការនៅឆ្នាំ២០២៥ ។ យ៉ាងណា ស្រីល័ក្ខ ឲ្យដឹងថា ក្រោយរៀបការស្វាមីហើយនេះ នាងមិនទាន់គិតគួរយកកូនទេ ព្រោះចង់យកពេលវេលានេះរកលុយសិន។

 ចែម ស្រីល័ក្ខ ប្រាប់ «នគរធំ »កាលពីរសៀលថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ថា «ខ្ញុំមិនដែលគិតថាចង់រៀបការនៅទីណាក្រៅពីផ្ទះនៅស្រុកកំណើតទេ អ៊ីចឹងហើយបានជាយើងសុខចិត្តធ្វើនៅស្រុក បើទោះជាភ្ញៀវមួយចំនួននៅភ្នំពេញ ក្ដី ប៉ុន្ដែពួកគាត់ខ្លះបានមក ខ្លះមិនបានមក ក៏ផ្ញើចំណងដៃ។ ក្រោយមានស្វាមី ខ្ញុំនៅតែបន្ដអាជីពសិល្បៈធម្មតា ព្រោះស្វាមីមិនហាមឃាត់ទេ តែរឿងយកកូន មិនទាន់គិតចង់បានភ្លាមៗទេ ព្រោះអីខ្ញុំចង់យកពេលវេលាហ្នឹង រកលុយសិន»។

មង្គលការរបស់ចែម ស្រីល័ក្ខ ហៅភ្ញៀវដល់ទៅ ៧០០នាក់ (៧០តុ) ក្នុងនោះអ្នកសិល្បៈរួមអាជីព ពាក់កណ្ដាល ហើយអ្នកដែលបានទៅចូលរួម គឺជាអ្នកដែលជិតដិតបំផុត ក្រៅពីនោះភាគច្រើនពួកគេផ្ញើចំណងដៃ។ ស្រីល័ក្ខ បញ្ជាក់ថា ទោះពេលនេះនាងមានប្ដីមែន តែការច្រៀងតាមកម្មវិធីនានា នៅតែបន្ដដូចមុន ស្របពេលដែលនៅថោន ពេលមានបទចម្រៀងនាងក៏ទៅថត ហើយខាងផលិតកម្ម ក៏បានអនុញ្ញាតិឲ្យនាងធ្វើបទពីខាងក្រៅបានដែរ ដូចជាការច្រៀងCover ជាដើម ។

 ចែម ស្រីល័ក្ខ អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង «ផ្ការីកក្នុងសួន» របស់ប៉ុស្ដិ៍អប្សរា និង Cambodian Idol រដូវកាលទី៣ របស់ហង្សមាស ដែលបានឈានទៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយលោកសៀក ញញឹម, កញ្ញាឈាង សុវណ្ណារី តែពេលនោះ លោកគ្រី ថៃពៅ ជាអ្នកលើកពាន ។ ស្រីល័ក្ខ បញ្ជាក់ថា ការតស៊ូក្នុងអាជីពចម្រៀង រយៈពេល១០ឆ្នាំ មកនេះ នាងពេញចិត្តនូវកេរ្ដិ៍ឈ្មោះនាពេលបច្ចុប្បន្ន ព្រោះនៅរដូវក្ដៅ នាងចេញច្រៀងតាមបណ្ដាកម្មវិធីជាច្រើន ហើយសូម្បីតែនៅរដូវវស្សានេះ ក៏នាងនៅតែមានការច្រៀងកម្មវិធីផ្សេងៗដែរ។ នាងថាអ្វីដែលមានការវិវត្តន៍ច្រើនសម្រាប់រូបនាង នាពេលនេះគឺ ពីមុននាងច្រៀងភាគច្រើនជាទម្រង់បុរាណ ភ្លេងការ ប្រពៃណី តែឥឡូវនាងច្រៀងសម័យច្រើនជាងវិញ ។ ប៉ុន្ដែយ៉ាងណា នាងថានៅតែចាប់ទាំងផ្នែកបុរាណ និងសម័យ ទន្ទឹមគ្នា។

 គួរបញ្ជាក់ថា ចែម ស្រីល័ក្ខ ក្រៅពីមានបទចម្រៀងផ្ទាល់ខ្លួន កន្លងមកនាងច្រៀង Cover ក៏មានការគាំទ្រច្រើនដែរ ពិសេសបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» ដែលទឹកដមសំឡេងរបស់នាងពីរោះរណ្ដំ និងក្រអួនក្រអៅ ។ តារាថោនរូបនេះ ក៏ធ្លាប់ចេញទៅច្រៀងនៅក្រៅប្រទេសផងដែរ ដូចជា ថៃ, កូរ៉េ និងជប៉ុន ។ ប៉ុន្ដែនាងថា ការចេញទៅច្រៀងនៅប៉ែកអឺរ៉ុប គឺមិនទាន់មានឱកាសទេ ហើយនាថ្ងៃខាងមុខ នាងចង់ទៅច្រៀងនៅប្រទេសទាំងនោះ។

 ក្រៅពីចែម ស្រីល័ក្ខ តារាដែលរៀបការប្ដី នៅឆ្នាំ២០២៥ មានដូចជា តារាចម្រៀង ផាន វីរ៉ាទី ហៅរ៉ាប៊ី រៀបការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ និងទេព បូព្រឹក្ស នឹងរៀបការនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ជាដើម ។ សម្រាប់ស្រីល័ក្ខ ថាទន្ទឹមនឹងបន្ដអាជីពសិល្បៈដូចដើម ក្រោយពីមានស្វាមី នាងក៏ចង់បង្កើតមុខរបរក្រៅពីច្រៀងមួយ នាពេលខាងមុខផងដែរ ៕

RELATED ARTICLES