Wednesday, June 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមឆក់ត្រី ព្រួ---/តវ៉ៃមន្ត្រីជលផល

ក្រុមឆក់ត្រី ព្រួ—/តវ៉ៃមន្ត្រីជលផល

ខេត្តស្ទឹងត្រែង ៖ ជនល្មើស ១ក្រុម បាននាំគ្នាធ្វើសកម្មភាពលួចឆក់ត្រី នៅក្នុងតំបន់ហាមឃាត់ (តំបន់សត្វផ្សោតរស់នៅ) លុះកម្លាំងមន្ត្រីជលផលចុះទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើសខឹងសម្បា រហូតផ្ទុះហិង្សា ប្រើច្រវាទូកវាយមន្ត្រីជលផល បណ្តាលឱ្យរងរបួស ហើយភ្លាមនោះ កម្លាំងជំនាញបានចាប់ក្របួចជនសង្ស័យបានម្នាក់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចបាត់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងតំបន់ដែនអភិរក្សស្រុកសៀមបូក។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមអ្នកនេសាទ ចំនួន៣នាក់ បាននាំគ្នាយកច្រវាទូក វាយមកលើកមន្ត្រីជលផល ខណៈពេលដែលក្រុមមន្ត្រីជលផលទាំងនោះ បានចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី) ក្នុងតំបន់ហាមឃាត់ ព្រោះជាតំបន់ដែលសត្វផ្សោតរស់នៅ។

លោក ស្រី សមវិចិត្រ បានបន្តថា ការប្រតាយប្រតប់គ្នានោះ បានធ្វើឱ្យទូក ចំនួន២គ្រឿង លិចបាត់ក្នុងទន្លេ និងចាប់បានអ្នកនេសាទម្នាក់ ចំណែក២នាក់ បានរត់រួចខ្លួន។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ឈ្មោះលឿន ខាន ភេទប្រុស រស់នៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជាមួយនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន ១កញ្ចប់តូច ទូកឈើ ចំនួន១គ្រឿង ប្រវែង៧ម៉ែត្រ ម៉ាស៊ីនម៉ាក Hyundai កម្លាំង ១៨សេស ចំនួនគ្រឿង (ធ្លាក់ចូលទន្លេ) អាគុយ ចំនួន១គ្រោប់ (ធ្លាក់ចូលទន្លេ) ក្បាលឆក់១គ្រឿង (ធ្លាក់ចូលទន្លេ) ថ្នងសម្រាប់ដួសត្រី ចំនួន១ គ្រាប់កាំភ្លើងកែច្នៃ ចំនួន១៤ គ្រាប់ ខ្សែកាប ប្រវែង៥ម៉ែត្រ និងខ្សែភ្លើង ប្រវែង១០ម៉ែត្រ ត្រីចម្រុះ ប្រមាណ១០គីឡូក្រាម (សល់ពីលិចនិងអណ្តែតទឹក)។

យោងតាមមាត្រា២០ ចំណុច ១ នៃច្បាប់ស្តីពីជលផលដែលប្រកាសឱ្យប្រើនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្តន្ទាទោសតាមមាត្រា៩៨ ចំណុច៤ នៃច្បាប់ស្តីពីជលផល ដោយត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕  

RELATED ARTICLES