Wednesday, June 11, 2025
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា ថាសម្រួលកម្លាំងទ័ព ពុំមែនដកកងទ័ពកម្ពុជា ចេញពីតំបន់មុំបី

នាយករដ្ឋមន្ត្រីកម្ពុជា ថាសម្រួលកម្លាំងទ័ព ពុំមែនដកកងទ័ពកម្ពុជា ចេញពីតំបន់មុំបី

បារាំង-កម្ពុជា ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈកំពុងស្ថិតនៅទីក្រុងនីស ប្រទេសបារាំង ចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រ ប្រកបដោយចីរភាព» បានបញ្ជាក់ថា ការកែសម្រួលកម្លាំងទ័ព នៅតំបន់ជម្លោះ ដែលមានការស្រុះស្រួលគ្នាជាមួយកងទ័ពថៃ នោះ ពុំមែនជាការដកកងទ័ពកម្ពុជា ចេញពីតំបន់មុំបី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ការកែសម្រួល ឬចល័តកម្លាំងទ័ព គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជា តែប៉ុណ្ណោះ ហើយកងទ័ពកម្ពុជា គាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។

ដូចគ្នានេះដែរ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដែលមានការស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺដើម្បីបញ្ចៀសនូវការប៉ះទង្គិច ឬសង្គ្រាមបង្ហូរឈាមទ្រង់ទ្រាយធំ ដែលជារឿងចាំបាច់ ព្រោះប្រជាជននៃប្រទេសទាំងពីរ ពិតជាចង់មានសន្តិភាព និងមិនចង់ឃើញនូវសង្គ្រាមឡើយ ។ ប៉ុន្តែការដោះស្រាយចុងក្រោយសម្រាប់កម្ពុជា គឺនៅតែប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចដែលបានសម្រេចរួចហើយនោះ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ថា «ខ្ញុំសូមផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិ ពីទីក្រុងនីស ប្រទេសបារាំង។

១- ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ ៖

– ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

– រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជា តែប៉ុណ្ណោះ។

– កងទ័ពកម្ពុជា គាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។

– កងទ័ពកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែន ជាមួយប្រទេសថៃ ដែលមានគណៈកម្មការព្រំដែនចម្រុះ ដើម្បីបន្តកិច្ចការវាស់វែង ខណ្ឌសីមា និង បោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជា នឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

២-  បន្ថែមទៅលើប្រកាសរបស់ក្រសួងការពារជាតិ ខាងលើ ខ្ញុំសូមបញ្ជាក់សាជាថ្មី ជូនបងប្អូនជនរួមជាតិថា ៖ រាជរដ្ឋាភិបាល បន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជា នឹងបញ្ជូនទៅ ICJ នៅពេលខាងមុខ)។

រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

៣- ខ្ញុំក៏សូមអំពាវនាវឲ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើង សូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង។

ជាពិសេស សូមចៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ»។

ដោយឡែក សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា “ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចា ត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាល រហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខ ទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ ដើម្បីបញ្ចៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាង ឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមជំនួបនោះ ភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធ ជួបគ្នា ៣ដង ក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ ។

 នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃនោះដែរថា កងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា។

តាមរយៈបណ្ដាញសង្គមហ្វសប៊ុក នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា បានសរសេរថា “ថ្ងៃនេះ យើងរកបានចំណុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរ បានឯកភាពគ្នាក្នុងការ សម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។ កងទ័ពកម្ពុជា គឺឈរលើដែនអធិបតេយ្យក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាមបណ្តាព្រំដែន គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជា មិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ” ។

 ជាមួយនេះ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងថា “ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម ៖

 ១- ពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

 ២- រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជា តែប៉ុណ្ណោះ។

 ៣- កងទ័ពកម្ពុជា គាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនូវការប៉ុនបងឈ្លានពាននានា។

  ៤- កងទ័ពកម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ (JBC) ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជា នឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

 ក្រសួងការពារជាតិ សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។

 អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបជាព័ត៌មាន“ ។

 ចំណែកលោកប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើន បានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួន ហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ ដែលចំណុចនេះ លោកសូមបញ្ជាក់បំភ្លឺ៨ចំណុច ក្រោមប្រធានបទ «នយោបាយឈ្នះ-ឈ្នះ គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង» ។

លោកប៉ែន បូណា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ថា “នយោបាយឈ្នះ-ឈ្នះ គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង!

ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយ ដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើន បានសាទរនិងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួន ហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។

ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ ៖

ទី១- ការបញ្ចៀសសង្គ្រាមដ៏ធំមួយ កុំឱ្យផ្ទុះឡើង ដោយភាគីទាំងពីរ សុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះមួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារ ឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន ៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មាន ទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរ នឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។

ទី២- ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មាន អាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះ ក្រៅពីបង្កការខូចខាតដ៏ធំមហិមា សម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល «ចាញ់-ចាញ់» បែបនេះ គឺជាផលចំណេញដ៏ធំមួយ។

ទី៣- ដំណោះស្រាយបញ្ហាព្រំដែន នៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏នៅតែធ្វើដដែល។ ដីរបស់យើង នៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នា តាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។

ទី៤- កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោក តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបាន គឺជាមហាជោគជ័យមួយទៀត សម្រាប់ប្រទេសជាតិនិងប្រជាជនយើង។

ទី៥- ក្នុងនាមកូនខ្មែរ យើងទាំងអស់គ្នា សុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដី ដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយ ដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ យើងក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ ដែលមានថ្នាក់ដឹកនាំយើង ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិត ដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ។ យើងក៏មានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលប្តូរផ្តាច់យកអាយុជីវិតទៅប្តូរ ដើម្បីការពារបូរណភាពទឹកដី។

ទី៦- យើងមានសំណាងបានរស់នៅក្នុងសុខសន្តិភាព។ យើងផ្តល់តម្លៃដល់សន្តិភាពនិងស្ថាបនិកសន្តិភាពរបស់យើង ហើយពាក្យថា «អរគុណសន្តិភាព» ត្រូវបានព្យួរនៅគ្រប់ទិសទី។ ដូច្នេះយើងទាំងអស់គ្នា គួរតែមានមោទនភាពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំនៃយើង ដែលអាចបញ្ចៀសសង្គ្រាមបាន។ កុំដល់ពេលមានសង្គ្រាម ទើបយើងនាំគ្នានឹកស្តាយស្រណោះសន្តិភាព។

ទី៧- បេសកកម្មការពារបូរណភាពទឹកដី នៅវែងឆ្ងាយទៅមុខទៀត ដែលទាមទារឱ្យយើងទាំងអស់គ្នា បន្តរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពយើង ដោយឥតងាករេ។ ដំណោះស្រាយបញ្ហាបូរណភាពទឹកដី ប្រកបដោយទំនុកចិត្ត ដែលរាជរដ្ឋាភិបាល កំពុងធ្វើ គឺ យន្តការតុលាការអន្តរជាតិ ដែលយើងទាំងអស់គ្នាផ្តល់ការគាំទ្រជាឯកច្ឆន្ទ។ ដូច្នេះយើងត្រូវតែបន្តជឿជាក់និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរបស់យើង។ រាជរដ្ឋាភិបាលយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី តាមមធ្យោបាយសន្តិភាព តែម៉ឺងម៉ាត់និងប្តូរផ្តាច់បំផុត។

ទី៨- យើងទាំងអស់គ្នា ប្រាកដជាចងចាំជានិច្ចនូវពាក្យសន្យាជាឧឡារិក របស់ថ្នាក់ដឹកនាំយើងគឺ «ប្តេជ្ញាការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិល្លីម៉ែត្រ» និង «ការពារសុខសន្តិភាព ឱ្យបាន ទោះជាក្នុងតម្លៃណាក៏ដោយ» នេះគឺជាតម្លៃនៃជាតិសាសន៍យើង ពោលគឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសា តែដាច់ខាតនិងម៉ឺងម៉ាត់ មិនឱ្យបរទេសប្រមាថ“ ៕ 

RELATED ARTICLES