Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានលើផ្លូវល្បឿនលឿន ផ្ទុះ.../កង់ក្រឡាប់ របួស៣នាក់ 

បើកឡានលើផ្លូវល្បឿនលឿន ផ្ទុះ…/កង់ក្រឡាប់ របួស៣នាក់ 

ខេត្តកំពង់ស្ពឺ ៖ រថយន្តទំនើប ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចស្រាប់តែបែកកង់ ធ្វើឱ្យរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត ជាជនជាតិចិន រងរបួសធ្ងន់។ ចំណែកអ្នករួមដំណើរ ជនជាតិចិន ប្រុសស្រី ២នាក់ទៀត រងរបួសស្រាល ត្រូវបានសមត្ថកិច្ចចុះ អន្តរាគមន៍ចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាយប់ម៉ោង ១១និង០៥នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុច K66+900 ក្នុងទិសដៅទៅភ្នំពេញ ស្ថិតនៅភូមិកុ មារពេទ្យ  ឃុំអូរ ស្រុកភ្នំស្រួច។

ជនរងគ្រោះទាំង៣នាក់ ដែលរងរបួស រួមមាន ទី១-ឈ្មោះ XU PINGJIAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ ED2608494 ស្នាក់នៅខេត្តព្រះសីហនុ (ជាអ្នកបើកបរ)។ ទី២-ឈ្មោះ NIU AIQING ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន លេខ ED7552024 ស្នាក់នៅខេត្តព្រះសីហនុ និងទី៣-ឈ្មោះ XIANG CHUN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EF6165005 ស្នាក់នៅខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7755 បើកបរដោយឈ្មោះ XU PINGJIAN ភេទប្រុស និងរួមដំណើរដោយជនជាតិចិន ប្រុសស្រី ចំនួន២នាក់ (១-ឈ្មោះ NIU AIQING ភេទស្រី ២-ឈ្មោះ XIANG CHUN ភេទប្រុស) បើករក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ បានជួបឧប្បត្តិហេតុបែកកង់ខាងក្រោយ ខាងស្តាំ ធ្វើឱ្យរថយន្តរេចង្កូត អ្នកបើកបរបាត់ម្ចាស់ការ ជ្រុលទៅបុករនាំងការពារផ្លូវ រួចក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវ។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឱ្យមានអ្នករបួសធ្ងន់ម្នាក់ ឈ្មោះ XU PINGJIAN (អ្នកបើកបរ) ចំណែក២នាក់ទៀត រងរបួសស្រាល ត្រូវបានសមត្ថកិច្ចធ្វើការអន្តរាគមន៍សង្គ្រោះ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានស្ទូចយករថយន្តខាងលើ ទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES