Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃ---/ខ្នោះមន្ត្រីកិច្ចសន្យា បន្លំឈ្មោះរដ្ឋបាលខេត្ត ដើររ៉ៃលុយជួយព្រំដែន

 វ៉ៃ—/ខ្នោះមន្ត្រីកិច្ចសន្យា បន្លំឈ្មោះរដ្ឋបាលខេត្ត ដើររ៉ៃលុយជួយព្រំដែន

ខេត្តព្រះសីហនុៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីបានក្លែងឯកសារ ដោយយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា “ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្ត សូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្ត ឱ្យចូលរួមបរិច្ចាគ ថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់ទាហានការពារព្រំដែន…”។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីអាជីវករថា មានបុគ្គល១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត ១ច្បាប់ ដែលមានខ្លឹមសារថា “ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្ត សូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់បងៗជាទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្តនឹងជំនួយស្មារតីឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ…”។

ក្រោយពីទទួលបានព័ត៌មាននេះរដ្ឋបាលខេត្តព្រះសីហនុបានប្រគល់ភារកិច្ចជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចុះតាម ដានស្រាវជ្រាវស្វែងរកឃើញ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តខាងលើ។

ក្រោយពីបានធ្វើការសាកសួរបុគ្គលរូបនេះ បានបញ្ជាក់ថា គាត់ឈ្មោះជា ឡងឌី ភេទប្រុស អាយុ៣២ឆ្នាំ និងបានសារភាពថា រូបគាត់ ពិតជាបានប្រព្រឹត្ត និងរៀបចំក្លែងឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុប្រាកដមែន ដើម្បីដើរប្រមូលលុយពីអាជីវករនៅក្នុងក្រុងព្រះសីហនុ ដោយភូតកុហកថា សាលាខេត្តព្រះសីហនុអំពាវនាវឱ្យអាជីវករជួយឧបត្ថម្ភថវិកាយកទៅជួយដល់ទាហានការពារព្រំដែន។

បច្ចុប្បន្នបុគ្គលឈ្មោះ ជា ឡងឌី ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាស ព័ត៌មានមួយ ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយជនល្មើសឈ្មោះ ជា ឡងឌី ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ៈ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ឆបោកមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តដោយជនល្មើសឈ្មោះជា ឡងឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះ​សីហនុ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

ករណីនេះ នៅវេលាម៉ោងប្រហែល៣រសៀល នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះជា ឡងឌី មុខរបរ មន្ត្រីជាប់កិច្ចសន្យា មាន តួនាទីជាអ្នកវេចខ្ចប់សំបុត្រ និងចែកសំបុត្រ (នៅមន្ទីរទេសចរណ៍) បានទៅកាន់កន្លែង ហាងកូពី និងថតចម្លងឯកសារមួយកន្លែងនៅម្តុំផ្សារលើ ហើយបានឱ្យអ្នកធ្វើឯកសារ វាយឯកសារតាមអ្វីដែល រូបគេប្រាប់ ដែលមានខ្លឹមសារថា “ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្ត សូមអំពាវនាវដល់ អាជីវករទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិការបន្តិច បន្តួច ដើម្បីឧបត្ថម្ភជួយដល់បងៗទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្ត និងជំនួយ ស្មារតី ឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ…”។ នៅពេលធ្វើឯកសាររួច ជនល្មើសបានឱ្យអ្នកធ្វើឯកសារព្រីនចេញ ចំនួន១០ច្បាប់ អស់ប្រាក់ចំនួន ៣០០០ (បីពាន់) រៀល ។ បន្ទាប់មកជនល្មើសបានចុះលេខលើឯកសារនោះ រួចដាក់ចូលទៅក្នុងស្រោមសំបុត្រ ដោយស្រោមសំបុត្រនោះ គឺជាស្រោម សំបុត្រផ្លូវការ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនៅសល់ក្រោយពីជនល្មើសចែកសំបុត្រកន្លងមក។ បន្ទាប់មកទៀត ជនល្មើសបានយកតារាង ឈ្មោះចាស់ ដែលរូបគេបានមកពីការចែកសំបុត្រផ្លូវការ យកមកសរសេរបន្ថែមនូវចំនួនទឹកប្រាក់ ក្នុងគោលបំណងឱ្យអ្នកទទួល បានសំបុត្រក្លែង ក្លាយនោះ មានការជឿជាក់ថាមានអ្នកផ្សេងទៀតបានចូលប្រាក់តាមការអំពាវនាវនោះដែរ។ ក្រោយពីជនល្មើសបានរៀបចំចប់សព្វគ្រប់ហើយ ជនល្មើសនេះបានយកសំបុត្រនោះទៅអាគារព្រីន នៅទល់មុខសាលាកម្មករ ហើយបានចែកទៅឱ្យអ្នករដ្ឋបាលនៅអាគារនោះ ១សំបុត្រ តែម្ចាស់ អាគារនោះ ពុំបានឱ្យប្រាក់ទេ។ បន្ទាប់មកជនល្មើសក៏បានបន្តជិះម៉ូតូទៅម្តុំចំការស្ពៃ និងបានយកសំបុត្រនោះទៅឱ្យខាងសណ្ឋាគារចំនួន២ទីតាំង ទៀត គឺសណ្ឋាគារបារមី និងសណ្ឋាគារមួយទៀតមិនចាំឈ្មោះ ហើយម្ចាស់សណ្ឋាគារ បារមី បានឱ្យប្រាក់ចំនួន២០ដុល្លារអាមេរិក និងបានសរសេរ ចំនួនទឹកប្រាក់នៅលើតារាងឈ្មោះចាស់ ដាក់ឈ្មោះនិមល បរិច្ចាគ ចំនួន២០ដុល្លារអាមេរិក និងសណ្ឋាគារមួយទៀតបានឱ្យប្រាក់ចំនួន ១០ដុល្លារ អាមេរិក តែពុំបានសរសេរឈ្មោះក្នុងតារាងឈ្មោះនោះទេ។ បន្ទាប់មកទៀតជនល្មើស បានចេញពីចម្ការស្តៃ ទៅកាន់សណ្ឋាគារ បេនី ហើយឱ្យសំបុត្រទៅខាងសណ្ឋាគារនោះ ប៉ុន្តែខាងសណ្ឋាគារនោះ ពុំបានឱ្យប្រាក់ទៅជនល្មើសឡើយ។ ជនល្មើសក៏បន្តដំណើរ ទៅសណ្ឋាគារ ស៊ីងអ៊ុ និងបានឱ្យសំបុត្រទៅខាងសណ្ឋាគារ ស៊ីងអ៊ុ ហើយខាងសណ្ឋារបានឱ្យប្រាក់ចំនួន២០ដុល្លារអាមេរិក និងបានសរសេរចំនួនទឹកប្រាក់នៅលើតារាង ឈ្មោះ សោភា បរិច្ចាគ២០ដុល្លារអាមេរិក។ សរុបទឹកប្រាក់ដែលជនល្មើសទទួលបានចំនួន៥០ដុល្លារអាមេរិក រួចជនល្មើសក៏បានត្រឡប់ទៅផ្ទះ វិញ។ លុះស្អែកឡើងជនល្មើសដដែលនេះ បានទៅធ្វើការងារ ជាអ្នករត់សំបុត្រនៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជាធម្មតា ហើយនៅវេលា ម៉ោងប្រហែល២រសៀល ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់​ព័ន្ធក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនល្មើសឈ្មោះជា ឡងឌី បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ពីបទ ៈ ឆបោកមានស្ថានទម្ងន់ទោស តាមបញ្ញត្តិ មាត្រា ៣៧៧ មាត្រា ៣៨០ ចំណុចទី២ និងចំណុចទី៤ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកា សន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ៥៥៥ អ.យ.ជ/២៥ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់…៕

RELATED ARTICLES