ខេត្តត្បូងឃ្មុំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នង នៅជាប់គ្នា ត្រូវបានអគ្គិភ័យឆាបឆេះរាលដាល បង្កឱ្យខូចខាតអស់ទាំងស្រុង គិតជាទំហំទឹកប្រាក់ ប្រមាណជាង ៣ម៉ឺនដុល្លារ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានបង្កឱ្យរងការខូចខាតផ្ទះ ចំនួន៣ខ្នង រួមមាន ៖ ផ្ទះទី១-មានម្ចាស់ឈ្មោះស៉្លេះ សានី ភេទប្រុស អាយុ៤១ឆ្នាំ ខូចខាត ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១០ម៉ែត្រ ទ្រព្យសម្បត្តិខូចខាត រួមមាន ម៉ូតូហុងដា វេវឆ្លាម ៤គ្រឿង និងប្រាក់ដុល្លារជិត១ម៉ឺនដុល្លារ។ ផ្ទះទី២-មានម្ចាស់ឈ្មោះអាល់ អាមីន ភេទប្រុស អាយុ៤១ឆ្នាំ ខូចខាតផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១០ម៉ែត្រ ទ្រព្យសម្បត្តិខូចខាត រួមមាន ម៉ូតូហុងដា វេវឆ្លាម ២ គ្រឿង កង់អាគុយ ១គ្រឿង និងប្រាក់ ១០លានរៀល និងផ្ទះទី៣-មានម្ចាស់ឈ្មោះអេល អ៊ីម ភេទប្រុស អាយុ៤៣ឆ្នាំ ខូចខាតផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ ទ្រព្យសម្បត្តិខូចខាត រួមមាន ស្រូវ ២តោន និងប្រាក់ ២ម៉ឺនដុល្លារ។

លោកស្នងការរង បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង និងប្រើទឹកបាញ់ពន្លត់ ចំនួន៦ស៊ីទែន ដោយក្នុងនោះ មានការចូលរួមពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសួង ចំនួន១គ្រឿង ប្រើប្រាស់ ទឹកអស់ ២ស៊ីទែន។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ស៊ីទែន និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ស៊ីទែន។
យ៉ាងណា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕